កម្សាន្ត៖ ជាការពិតណាស់ ប្រសិនបើនិយាយដល់ រឿងតំបន់ព្រៃភ្នំ ប្រិយមិត្តច្បាស់ជា បានដឹងហើយថាតំបន់ទាំងនោះ ពិតជាអាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ហើយច្បាស់ណាស់ថាប្រិយមិត្តគ្រប់គ្នាក៏តែងតែប្រាថ្នាចង់ទៅលេង ក៏ព្រោះតែកន្លែងទាំងនោះមានទេសភាពស្រស់ស្អាត បរិយាកាស បរិសុទ្ធ ប្លែកៗពីគ្នា គយគន់មិនចេះជិនណាយ។
មួយវិញទៀត បើតាមតំបន់ភ្នំខ្លះវិញ ក៏ជាតំបន់រមណីយដ្ឋានដែលមានភាពទាក់ទាញខ្លាំង ទៅលើសម្រស់នៃធម្មជាតិនៅទីនោះ ពិសេសតំបន់ខ្លះក៏មានជាកន្លៃងសម្រាប់ជាទីសក្ការៈ សម្រាប់ភ្ញៀវទេសចរទៅបន់ស្រន់ គោរពបូជា ដើម្បីសុំសេចក្ដីសុខសប្បាយតាមជំនឿពីបុរាណកាលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ថ្ងៃនេះផងដែរ ខ្មែរឡូត សូមណែនាំ ទីកន្លែងដែលមាន ទេសភាពស្អាតៗនៃកំពូលភ្នំដែលមួយចំនួននៅក្នុងប្រទេសរតបស់យើង ហើយក៏ជឿជាក់ថាប្រិយមិត្តក៏បានជ្រាប់ខ្លះរួចមកហើយ។ តែយ៉ាងណា កុំឲ្យខាតពេលយូរ ទៅទស្សនា ក៏ដូចជាបានស្គាល់តំបន់ភ្នំទាំងនោះដូចខាងក្រោម៖
១.ភ្នំកំពង់ត្រាច
ទីនេះ ជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង
ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ
៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ហើយទីរមណីយដ្ឋាននេះដែរ ពិតជាមានភាពស្រស់ស្អាតណាស់ ពោលគឺបែបធម្មជាតិតែម្ដង ហើយក៏ ជាកន្លែងដែលគួឲ្យចាប់អារម្មណ៍បំផុត សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ពិសេសក៏មានអ្នកទេសចរ គ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន
បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ មួយវិញទៀត នៅទីនោះ ប្រជាពលរដ្ឋ ក៏បានឲ្យដឹងថា រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសម្រាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទម្លាប់ របស់ប្រជាជនទាំង ទាំងនោះ ហើយនៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានទាំងសម្លេងសត្វយំ ទឹកធ្លាក់ ផងដែរ ហើយដោយសារតែចំនុចសំខាន់ៗ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍ច្រើនបែបនេះ។ រូបភាពពី៖ RS Gallery
២.ភ្នំបូកគោ
ភ្នំបូកគោគឺជាឧទ្យានជាតិមួយ ស្ថិតនៅក្នុងខេត្តកំពត ដែលមានចម្ងាយ ៣២គីឡូម៉ែត្រគិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោ ហើយភ្នំនេះមានកម្ពស់ ១១០១ម៉ែត្រ និងមានផ្ទៃដីសរុប១៤០០០ហិចតាយោងតាម គណៈគ្រប់គ្រងភ្នំបូកគោ។ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ត្រូវបានគេស្គាល់ថា ជារមណីយដ្ឋាន ត្រូវបានបោះបង់ចោល ដោយជាសំណង់ដាច់ស្រយាលមួយ ត្រូវបានកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ និងសំណង់អាគារចាស់ៗមួយចំនួននៅទីនោះ។
តែបច្ចុប្បន្ន ក្នុងពេលថ្មីៗនេះ សួនឧទ្យានជាតិនេះ បានប្រែមុខមាត់ថ្មី ក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយកន្លែង ដែលមានរមណីយដ្ឋានជាច្រើន ថែមទាំងមានសណ្ឋាគារប្រណីតធំៗ រីកស្គុះស្គាយ នៅលើកំពូលភ្នំ ដែលមានកម្ពស់ខ្ពស់ ហើយនៅទីនោះយើងអាចទៅលេងបានច្រើនកន្លែង មានទាំងកន្លែងមើលថ្ងៃលិចផង និងមានកន្លែងស្រូបយកខ្យល់អាកាស ពីបរិយាកាសដ៏សែនត្រជាក់ និងអាចប៉ះពាល់ពពកហោះមកប៉ះរាងកាយទៀតផង។ ហើយនៅលើនោះ ថែមទាំងមាន រូបសំណាកធំមួយរបស់ លោកយាយម៉ៅ ដែលជាទីសក្ការៈសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា ទៅគោរពបូជា សុំសេចក្ដីសុខ រាល់ការធ្វើដំណើរឲ្យមានភាពសុខសប្បាយផងដែរ។ រូបភាពពី៖ Le Bokor Palace
៣.ភ្នំត្បែង
ភ្នំត្បែង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចម្ងាយ ១៨ គីឡូម៉ែត្រ ពីក្រុងព្រះវិហារតាមផ្លូវជាតិលេខ ៦២។ហើយទីនេះ ជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលមានព្រៃក្រាលគ្របដណ្ដប់យ៉ាងក្រាស់ និងស្រស់ស្អាតខ្លាំង ហើយថែមទាំងមានកន្លែងកម្សាន្តជាច្រើន ដូចជា ទឹកធ្លាក់ជាច្រើនកន្លែង ល្អាងភ្នំ ពិសេសក៏មានវត្តអារាមនៅទីនោះជាទីសក្ការៈទៅតាមជំនឿ របស់ប្រជាជននៅទីនោះ ពិសេសក៏មានជនជាតិភាគតិចនៅតំបន់នោះផងដែរ។ ហើយភ្នំនេះ ជាទីជម្រកធម្មជាតិ ដ៏សំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះ ដូចជាសត្វព្រៃកម្រ ដើមឈើប្រភេទមានតម្លៃនានា និងឳសថបុរាណផ្សេងៗទៀតផង។ រូបភាពពី៖ កន្លែងល្អ
៤.ភ្នំណាំលៀ
ជាភ្នំដ៏អស្ចារ្យមួយ ដែលជាភ្នំមានផ្ទាំងថ្មដ៏ធំ មានតែមួយគត់ ដែលសិ្ថតនៅក្នុងភូមិទី ១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ភាគខាងជើងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ហើយភ្នំមួយនេះ មានកម្ពស់ ប្រមាណ ១,០៦៦ម៉ែត្រ។ ភ្នំនេះជាកន្លែងដ៏ល្អបំផុត សម្រាប់ការគយគន់ ទេសភាពពីកំពូលភ្នំ ឬក៏យើងអាចធ្វើការសរសេរឈ្មោះ នៅលើផ្ទាំងថ្មទាំងនោះ ទុកជាអនុស្សាវរីយ៍ និង អាចផ្ដិតយកទេសភាពដោយការថតរូបកម្សាន្ដអមជាមួយព្រៃដ៏ខៀវស្រងាត់បានយ៉ាងសប្បាយរីករាយ។ ម្យ៉ាងទៀត យើងក៏អាចធ្វើការបន់ស្រន់ តាមអបិយជំនឿរបស់ ជនជាតិដើមព្នងបានផងដែរ។
ប៉ុន្តែចំពោះ ការធ្វើដំណើរកម្សាន្ដឡើងភ្នំនេះ មានសភាព ថ្មចោត និងឧបសគ្គច្រើន ដូច្នេះ សម្រាប់អ្នកចង់ឡើងលើភ្នំនេះ ទាមទារឲ្យមានភាពរឹងមាំ តស៊ូ និង ត្រូវតែប្រុងប្រយ័ត្នជាសំខាន់។ រូបភាពពី៖ Solo Landscape
៥.ភ្នំខ្នងក្រពើ
ជាទីកន្លែងមួយ ដែលមានទេសភាពក្រាលក្របដោយវាលស្មៅបៃតងខ្ចី លាតសន្ធឹង ជាមួយដើមស្រល់ និងរុក្ខជាតិផ្សេងៗ ជាច្រើន មើលដាច់កន្ទុយភ្នែក ដែលស្ថិតនៅតំបន់មិនឆ្ងាយប៉ុន្មាន និងមានទេសភាព បរិយាកាស មិនខុស ពីភ្នំខ្នងផ្សារនោះទេ។ ដែលទីនេះផងដែរ កំពុងត្រូវបានទទួលការចាប់អារម្មណ៍ច្រើន នាពេលបច្ចុប្បន្ន ដែលយើងអាចទៅទីនោះបានសម្រាប់ការបោះតង់ ផ្សងព្រេងជួបជុំមិត្តភក្ដិជាដើម។ រូបភាពពី៖ I Am Heaventree
៦.ភ្នំខ្នងផ្សារ
ជាតំបន់កម្សាន្តមួយ ដែលមានទីតាំងស្ថិតក្នុងខេត្ត កំពង់ស្ពឺ ដោយនៅទីនោះ ពិតជាមានទេសភាពស្រស់ស្អាត បរិយាកាស និងខ្យល់អាកាសពិតជាបរិសុទ្ធ ដែលហ៊ុមព័ទ្ធទៅដោយព្រៃយ៉ាងស្ដុក និងពោរពេញទៅដោយ វាលស្មៅបៃតងខ្ចី គួរឲ្យចង់គយគន់ មើលដាច់កន្ទុយភ្នែក ពិសេស បើបានទៅទល់ទីនោះ យើងថែមទាំងអាចមើលពពកហោះកាត់អែបៗគៀនខ្លួនយើងថែមទៀតផង មួយវិញទៀត ព្រះអាទិត្យលិច និងរះនៅទីនោះ ក៏ជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់ទៅមើលផងដែរ ព្រោះថាមានភាពស្រស់ស្អាតខ្លាំងមែនទែន។ រូបភាពពី៖ អ្នកភូមិ-Camping
យ៉ាងណាហើយ បន្ទាប់ពីបានទស្សនារូបភាព ដែលបានដកស្រង់ចេញពីតំបន់ភ្នំមួយចំនួន ដែលមានភាពស្រស់ស្អាតខ្លាំង ហើយកំពង់តែមានភាពល្បីល្បាញនាពេលបច្ចុប្បន្នទាំងនេះ។ ហើយតើប្រិយមិត្តពេញចិត្តនិងដក់ចិត្ត ចង់ទៅទស្សនាតំបន់មួយណាខ្លាំងជាងគេ? ជឿជាក់ថា ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាពេញចិត្តនឹងអ្វី ដែល ខ្មែរឡូត បានលើកយកមកបង្ហាញ ក៏ដូចជាណែនាំ នៅថ្ងៃនេះ ហើយក៏សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ទៅកម្សាន្តនៅកន្លែងទាំងនេះ ប្រកបដោយភាពសប្បាយរីករាយ ពិសេសត្រូវតែថែរក្សាបរិស្ថានឲ្យបានខ្ជាប់ខ្ជួនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]