កម្សាន្ត៖ ជាការពិតណាស់ សមុទ្រ គឺជាកន្លែងមួយដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ទៅដល់ តែងតែប្រាថ្នាចង់ទៅជិះទូកកណ្ដាលមហាសាគរលេង ស្ដាប់ទឹករលក រត់លេងលើវាលខ្សាច់ ពិសេសទៅលំហែតាមកោះដែលមានសម្រស់ស្រស់ស្អាតនានា ទទួលទានអាហារគ្រឿងសមុទ្រស្រស់ៗ ជួបជុំមិត្តភក្ដិគ្រួសារ យ៉ាងរីករាយ។ ប៉ុន្តែទន្ទឹមនឹងនេះ កាលដែលចង់ទៅលេង និងកម្សាន្តកន្លែងទាំងនោះ ច្បាស់ណាស់ថា នឹងត្រូវចំណាយលុយច្រើនក្នុងការចាយវាយ ទៅលើកន្លែងស្នាក់នៅ អាហារហូបចុក គឺសុទ្ធតែត្រូវចំណាយច្រើន។
ចុះប្រសិនបើយើងមានលុយត្រឹមតែ ១០០ ដុល្លារ ហើយចង់ទៅលេងនៅសមុទ្រ តើអាចទៅបានទេ?
ពិតណាស់ ប្រាកដជាបាន ប្រសិនបើយើងចង់ទៅលេងតាមតំបន់មាត់សមុទ្រ ដូចជាខេត្តកំពត កែប ព្រះសីហនុ កោះកុងជាដើម ហើយមិនសូវមានលុយច្រើន យើងអាចសាកវិធីខាងក្រោមទាំងនេះក៏បាន៖
១.រើសថ្ងៃឲ្យបានល្អិតល្អន់
ចំណុចនេះ អ្នកអាចយល់ថា មិនមែនជារឿងសំខាន់ ប៉ុន្តែប្រសិនបើយើងរើសថ្ងៃមិនបានល្អក៏ជាបញ្ហាក្នុងការចំណាយលុយរបស់យើងបានផងដែរ។ ប្រាកដណាស់ថា នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និង កន្លែងស្នាក់នៅតាមតំបន់រម្មណីដ្ឋានផ្សេងៗមួយចំនួន គឺតែងតែមានការតម្លើងថ្ងៃ ដូចជា ថ្ងៃចុងសប្ដាហ៍ សៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទានជាដើម ព្រោះថ្ងៃទាំងនោះ ជាពេលមានមនុស្សមកច្រើន ដូច្នេះប្រសិនបើ យើងទៅលេងក្នុងថ្ងៃធម្មតាក៏ល្អ។
២.មធ្យោបាយធ្វើដំណើរ
ប្រសិនបើលោកអ្នកធ្វើដំណើរតាមរយៈយាន្តជំនិះផ្ទាល់ខ្លួន ច្បាស់ជាត្រូវចំណាយលុយក្នុងការចាក់សាំងអស់ច្រើន និងហត់អស់កម្លាំងក្នុងការធ្វើដំណើរផ្លូវឆ្ងាយទៀតផង។ ដូច្នេះប្រសិនបើមិនចង់ចំណាយលុយទៅលើការចាក់សាំងច្រើន យើងអាចធ្វើដំណើរតាមរយៈការជិះរថភ្លើង ពីភ្នំពេញ ទៅតាមបណ្ដាខេត្តទាំងនោះ ចំណាយលុយយ៉ាងច្រើនត្រឹមតែ ៧ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។ ក្រៅពីចំណាយតិចហើយ យើងអាចសម្រាកគយគន់ទេសភាពអំឡុងពេលកំពុងជិះរថភ្លើងថែមទៀតផង។
៣.កន្លែងស្នាក់នៅ
នៅពេលយើងបានទៅដល់គោលដៅហើយ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកដំណើររយៈពេលពីរបីថ្ងៃក្នុងដំណើរកម្សាន្ត សម្រាប់កន្លែងស្នាក់នៅ គឺជារឿងសំខាន់។ ចំពោះចំណុចនេះ ប្រសិនបើលោកអ្នកមិនចង់ចំណាយច្រើន យើងអាច ស្វែងរកផ្ទះសំណាក់ ឬមួយក៏កន្លែងដែលមានតម្លៃទាបបំផុត ជឿជាក់ថា កន្លែងដែលមានតម្លៃទាបមានច្រើនមិនខ្វះទេ ដូចជាផ្ទះបឹងកាឡូរបស់ក្រុមហ៊ុនឯកជននានាជាដើម គឺសុទ្ធសឹងតែមានតម្លៃសមរម្យ យ៉ាងហើយណាស់មិនដល់ ១០ ទៅ ២០ ដុល្លារក្នុងមួយយប់ប៉ុណ្ណោះ។
វិធីម្យ៉ាងទៀត ជាជម្រើសដែលល្អបំផុតមួយដែរ បើសិនជាយើង មានជាការជួបជុំមិត្តភក្ដិច្រើន យើងអាចទៅបង់តង់ គេងលេងនៅតាមឆ្នេរដែលមានកន្លែងបរិយាកាសស្ងប់ស្ងាត់ក៏ល្អ ព្រោះថា បានជួបជុំគ្នាសប្បាយហើយ និងមិនចាំបាច់អស់លុយថ្ងៃកន្លែងស្នាក់នៅថែមទៀត។
៤.ម្ហូបអាហារ
ចំពោះម្ហូបអាហារក៏ជារឿងសំខាន់ដែរ ក្នុងការចំណាយ។ ប្រសិនបើយើងចង់ចំណាយតិចទៅលើរបស់របរសម្រាប់ញ៊ាំទាំងនោះ យើងគួរតែ ទៅរកកន្លែងតូបលក់តូចៗ របស់ប្រជាជននៅទីនោះ ហើយជឿជាក់ថា ចំពោះតម្លៃវាក៏មិនថ្លៃណាស់ណា ដូចនៅតាមហាង ឬសណ្ឋាគារនោះដែរ ពិសេសវាមានតម្លៃសមរម្យហើយ ថែមទាំងអាចមើលពីរបត់ជីវិត អាជីវករ ក៏ដូចជាប្រជាជន ដែលលក់ដូរនៅតាមតំបន់នោះ បានយ៉ាងរីករាយផងដែរ។
៥.ការសន្សំសំចៃ
ចំណុចមួយនេះ ក៏ពិតជារឿងដ៏សំខាន់ដែរ ព្រោះថា បើកាលណាយើងដើរលេងចាយលុយ មិនគិតមុខគិតក្រោយ ច្បាស់ជាអស់លុយមុនកំណត់ក៏ថាបាន។ ដូច្នេះប្រសិនបើយើងចេះសន្សំសំចៃ ដូចជាពេលទិញទំនិញឬរបស់អ្វីមួយ ត្រូវចេះតថ្លៃទៅលើទំនិញដែលយើងចង់ទិញ ឬ ក៏គួរគិតថា របស់នោះវាចាំបាច់ ឬមិនចាំបាច់ឬអត់ ហើយបើរបស់ណាដែលមិនចាំបាច់ទេ យើងក៏គួរតែកុំទិញវាល្អជាង ដូច្នេះ យើងនឹងអាចនៅសល់ប្រាក់ខ្លះ ក្នុងការវិលត្រឡប់មកផ្ទះវិញបានផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]