អាមេរិក៖ តើថ្មឋានព្រះចន្ទមានតម្លៃប៉ុន្មាន? យោងតាមកិច្ចសន្យាថ្មីដែលត្រូវបានចុះហត្ថលេខារវាងអង្គការណាសានិងក្រុមហ៊ុនអាជីវកម្មចំនួន៤ តម្លៃចាប់ផ្ដើមចន្លោះពី១ដុល្លារទៅ១៥,០០០ដុល្លារ។ ទីភ្នាក់ងារអវកាសណាសាបានសន្យាកាលពីខែកញ្ញាថា នឹងទិញដុំថ្មឋានព្រះចន្ទពីក្រុមហ៊ុនដែលអាចបញ្ជូនយានទៅទីនោះ ដើម្បីប្រមូលសំណាកដីឬធូលី ហើយទីភ្នាក់ងារអវកាសបានស្នើសុំការដេញថ្លៃពីក្រុមហ៊ុននានា នៅលើពិភពលោក។
អ្នកឈ្នះត្រូវបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ គឺក្រុមហ៊ុន Masten ដែលមានមូលដ្ឋាននៅរដ្ឋ California ក្រុមហ៊ុន Lunar Outpost នៅរដ្ឋ Colorado និងក្រុមហ៊ុនពីរផ្សេងទៀត ដែលមានឈ្មោះដូចគ្នាថា iSpace ដែលមួយមកពីប្រទេសជប៉ុន និងមួយទៀតមកពីប្រទេសលុចសំបួរ។ កម្មវិធីនេះដែលអង្គការណាសាសង្ឃឹមថា នឹងបញ្ចប់នៅឆ្នាំ២០២៤ ស្ថិតនៅឆ្នាំតែមួយដែលទីភ្នាក់ងារសង្ឃឹមថា នឹងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទម្ដងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគោលដៅគឺមិនមែនទៅប្រមូលសំណាក ដើម្បីសិក្សាអំពីព័ត៌មានថ្មីនៃសមាសភាពដីរបស់ឋានព្រះចន្ទ ឬក៏គួរប្រើប្រាស់ធនធាននៅឋានព្រះចន្ទបានយ៉ាងដូចម្ដេចនោះទេ។ ប្រហែលជាគោលដៅចម្បងនៃគម្រោង គឺដើម្បីបញ្ជាក់ឲ្យពិភពលោកបានដឹងច្បាស់ថា ព្រះចន្ទមិនមែនគ្រាន់តែជាកន្លែងសម្រាប់ការរុករកនោះទេ ប៉ុន្តែវាជាកន្លែងអាជីវកម្មផងដែរ។ ណាសាអាចជាអង្គការតែមួយគត់ ដែលបច្ចុប្បន្នកំពុងរកទីផ្សារទិញដុំថ្មព្រះចន្ទពីក្រុមហ៊ុនឯកជន ប៉ុន្តែទីភ្នាក់ងារអវកាសនេះចង់ឲ្យក្រុមហ៊ុនទាំងនោះដាក់តម្លៃរបស់ពួកគេ។
ក្រុមហ៊ុន Lunar Outpost បានសន្យាលក់សំណាករបស់ពួកគេ ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ដែលជាការដេញថ្លៃដ៏តិចបំផុត។ ក្រុមហ៊ុន iSpace ទាំងពីរគ្រោងលក់សំណាករបស់គេ ក្នុងតម្លៃ៥,០០០ដុល្លារ។ ហើយក្រុមហ៊ុន Masten នឹងលក់ក្នុងតម្លៃ១៥,០០០ដុល្លារ។ គេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនណាមួយនឹងទទួលបានជោគជ័យ ក្នុងការខិតខំរបស់ពួកគេ។
ណាសានិយាយថា ខ្លួននឹងចំណាយត្រឹមតែ១០ភាគរយនៃតម្លៃទិញសរុបជាមុនសិន។ នោះមានន័យថា ណាសាគ្រោងផ្ញើសារទៅក្រុមហ៊ុន Lunar Outpost ដោយឲ្យតម្លៃ១០សេនជាមុនសិន។ ចំនួន១០ភាគរយបន្ថែមនឹងផ្ដល់ឲ្យ នៅពេលយានត្រូវបានបាញ់បង្ហោះ ហើយ៨០ភាគរយចុងក្រោយនឹងទទួលបាន បន្ទាប់ពីយានបានប្រមូលសំណាករួចហើយ ចាប់ពីទម្ងន់៥០ទៅ៥០០ក្រាម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]