ជប៉ុន៖ យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ក្បាលគ្រាប់នៅលើយានដែលមានផ្ទុកបរិមាណដ៏សំខាន់ដំបូង នៃថ្មពីអាចម៍ផ្កាយ នៅតែរក្សារូបរាងបានយ៉ាងល្អ។ ប្រអប់ដាក់សារធាតុពីថ្មអវកាសនៃអាចម៍ផ្កាយ Ryugu បានធ្លាក់ចុះជាមួយឆត្រយោង នៅជិតក្រុង Woomera ក្នុងភាគខាងត្បូងប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃសៅរ៍។ ក្រុមអ្នកបច្ចេកទេសបានឃើញក្បាលគ្រាប់កំពុងធ្លាក់លើវាលខ្សាច់ ដោយមានឆត្រយោងគ្របពីលើដើមឈើមួយដើម។

សំណាកដំបូងត្រូវបានប្រមូលដោយយានអវកាសជប៉ុន Hayabusa2។ យានអវកាសបានចំណាយពេលជាងមួយឆ្នាំ ក្នុងការអង្កេតអាចម៍ផ្កាយ Ryugu មុនពេលត្រឡប់មកផែនដីវិញ។ មុនពេលចូលមកដល់ភពរបស់យើងវិញ យានដែលមានផ្ទុកសំណាកបានបាញ់កម្លាំងម៉ាស៊ីនរបស់វា ដើម្បីរុញទៅទិសដៅមួយទៀត។ ក្នុងពេលដំណាលគ្នា ក្បាលគ្រាប់នៃយានបានទម្លាក់ចូលមកក្នុងបរិយាកាសរបស់ផែនដី។ ប្រអប់ដែលមានផ្ទុកសំណាក គឺមិនមានការខ្ទេចខ្ទាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរត់ឆ្ពោះទៅផែនដីក្នុងល្បឿន១១គីឡូម៉ែត្រក្នុងមួយវិនាទី វាបានគន្លាស់ឆត្រយោងដើម្បីបន្ថយល្បឿនរបស់វា។ បន្ទាប់មកក្បាលគ្រាប់បានបញ្ចេញសញ្ញាដំណឹង ជាមួយទីតាំងរបស់វា។ លោកដុកទ័រ Yuichi Tsuda ប្រធានគម្រោងបេសកកម្មនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ នៅក្រុង Sagamihara ប្រទេសជប៉ុនថា Hayabusa2 បានត្រឡប់មកដល់ផ្ទះវិញហើយ។

គួរបញ្ជាក់ផងដែរថា យាន Hayabusa2 ត្រូវបានបាញ់បង្ហោះតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ និងទៅដល់អាចម៍ផ្កាយនៅជិតផែនដី គឺ Ryugu នៅខែមិថុនា ឆ្នាំ២០១៨។ យាននេះបានប្រមូលសំណាកមួយពីផ្ទៃនៃអាចម៍ផ្កាយនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបន្ទាប់មកក៏បានបាញ់គ្រាប់ស្រោបស្ពាន់មួយចូលទៅក្នុងអាចម៍ផ្កាយ ដើម្បីបង្កើតជារណ្ដៅមួយ។ វាប្រមូលសំណាកចេញពីរណ្ដៅមួយនោះបន្ថែមទៀត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ រួចយាន Hayabusa2 បានចាកចេញពីអាចម៍ផ្កាយ នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងធ្វើដំណើរត្រឡប់មកកាន់ផែនដីវិញ៕

អាចម៍ផ្កាយ Ryugu
យាន Hayabusa2 
ទិដ្ឋភាពលើអាចផ្កាយ Ryugu ថតដោយយាន Hayabusa2
ក្រុមការងារបេសកកម្មយាន Hayabusa2
សំណាកពីអាចម៍ផ្កាយត្រូវបានរក្សាទុកក្នុងប្រអប់មួយ
សំណាកពីអាចម៍ផ្កាយត្រូវបានរក្សាទុកក្នុងប្រអប់មួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]