យល់​ដឹង​៖ ពិធីបុណ្យ​៧ថ្ងៃ តាម​ទម្លាប់​ជនជាតិ​ខ្មែរ​យើង ​តែង​តែ​ប្រារព្ធ ​ធ្វើ​មិន​សូវ​ខាននោះទេ ​ពិសេស​ពេល​ក្រុម​គ្រួសារ​ណាមួយ ​មាន​សមាជិក ​ណាម្នាក់​ស្លាប់​ គឺមិន​សូវ​ចៀស​រួច​ពី ការ​ប្រារព្ធធ្វើ ​បុណ្យ​៧​ថ្ងៃនេះ​ឡើយ។ យើង​ដឹង​ថា ​ព្រះពុទ្ធ​សាសនា​ មាន​និយាយពី​ កម្ម​ផល​ដែល​បុគ្គល​ អ្នក​ស្លាប់​តែង​ស្ពាយ​ទៅ​ដោយ ​អំពើ​ជា​កុសល​ និង​អកុសល ជាប់​ជាមួយ​ប្រៀប​ និង​ស្រមោល​អន្ទោល ​តាម​ប្រាណ​អញ្ចឹង​។

ដើម្បី​ស្គាល់ ​ចំណុច​វប្បធម៌​ ណាមួយច្បាស់​លាស់ ​ក្នុង​សង្គម​ខ្មែរ​ វា​ទាម​ទារ ​ការ​សិក្សា​ជាក់​លាក់​ ហើយ​វា​រឹត​តែ ​ពិបាកខ្លាំង​ទៅទៀត ប្រសិនបើ​គេ ​ចង់​ដឹង​ថា​ តើ​ទម្លាប់​​ពិធីនេះ ​មាន​ប្រភពមក​ពី​ណា​? ជាក់​ស្តែង ​ខ្មែរ​យើង​តែង​មាន ​ទម្លាប់​ប្រារព្ធ​ពិធី ​បុណ្យ​៧ថ្ងៃ​នេះ​ សឹង​គ្រប់​កន្លែង​ទៅហើយ ដោយ​មាន​ការ​បញ្ជាក់ ​ទាក់​ទង​និង​រឿ​ង​មាន ​សេចក្តី​តំណាល​មួយ​ដូច​តទៅ​នេះ​ថា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប​តំណាង

កាល​ព្រះសម្មា​សម្ពុទ្ធ​ បរមគ្រូ​គង់ ​ក្នុង​វត្ត​ជេត​ពន​ជា ​អារាម​របស់​អនាថ​បណ្ឌិត​សេដ្ឋី ​ថ្វាយ​ព្រះអង្គ ​ក្នុង​គ្រានោះ​មាន ​ភិក្ខុ​សង្ឃ​ជាច្រើន​ដែល ​បាន​បួស​ក្នុង​សាសនា ​តាម​មាគ៌ា​ព្រះអង្គ​។ ក្នុង​នោះគឺ ​មានត្រកូល​ជា​ច្រើ​ន ​​មក​បួស​មាន​ទាំង ​ត្រកូល​អ្នកក្រ ​អ្នក​មាន ​សេដ្ឋី​គហបតី ​គ្រប់​ស្រទាប់​វណ្ណះ ​ទាំងអស់​ដែល ​លះបង់​ផ្ទះ​ចូល​មក ​សាង​ផ្នួស​បួស​ ជា​បព្វជិត ​ក្នុង​វត្តជេ​តពន្ធ​ ពោល​គឺ ​ពួកគេ​ទម្លាក់​វណ្ណៈ ទាំ​ងនោះ​ចោល ​ក្នុង​នោះ​មាន​ភិក្ខុ មួយ​អង្គ​ព្រះ ​នា​មតិស្ស​ត្ថេរ​ ចេញ​ពី​ត្រកូល​ក្រីក្រ​លំបាក ​តែមាន​សទ្ធា​បួស ក្នុង​ព្រះពុទ្ធ​សាសនា​ ដោយ​ស្មោះ​ពីចិត្ត។

លោក​តែង​តែ ​តូចចិត្ត​ខ្លួនឯង ដែល​កើត​មក ​ក្នុង​ត្រកូល​ក្រីក្រ​ហើយ ​មិន​មាន​ស្បង់​ចីវរ​ថ្មី ​ដូច​សង្ឃ​ដទៃ​​នោះ​។ ក្នុង​សម័យ​ថ្ងៃមួយ​ មាន​ញាតិ​ញោម ​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា ​ចំពោះ​ព្រះ​រតន​ត្រ័យ​ឃើញ ​ព្រះអង្គ​តិស្សត្ថេរ​ប្រើ​ចីវរ​ចាស់ គាត់​ក៏បាន​ជា​វចីវរថ្មី​មួយ ​សម្រាប់​ប្រគេន ​ដល់​ព្រះអង្គ​។ និយាយ​ពី​ភិក្ខុតិស្សត្ថេរ​ ក្រោយពី​បាន ទទួល​ស្បង់​ចីវរថ្មី​ហើយ ​លោក​មាន​ចិត្ត​ត្រេកអរ ​រីករាយ​សប្បាយ ​ដោយ​គិត​ថា​ របស់​ថ្មីដូចនេះ ​កុំអាល​ស្លៀកពាក់​ ប្រើប្រាស់​អីចាំ​ពេល​មាន ​ពិធី​បុណ្យ​ធំៗ​ម្ដង​ ទើប​ប្រើ​។

រូប​តំណាង

ព្រះ​ពុទ្ធអង្គ​ទ្រង់ ​ត្រាស់​ថា ​សត្វ​លោក​មិនអាច​កំណត់ ​អាយុ​ខ្លួនឯង​ថា ​ត្រូវ​ស្លាប់​អាយុ​ប៉ុណ្ណេះប៉ុណ្ណោះ ​បាន​នោះ​ទេ​ វាមិន​ទៀងទាត់​ទេ ​ដែល​លោក សម្ដែង​ថា ​អនិច្ចំ​នេះឯង ​ភិក្ខុ​តិស្សត្ថេរ​ក៏ដូច​គ្នា ​ក្រោយ​ពី​ព្រះអង្គ ​បាន​​ទទួល​ចីវរថ្មី ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ស្រាប់​តែ​សុគត​ បាត់​ទៅ​បណ្ដាលឲ្យ​ចិត្ត ​ភ្នក​បាន​កើត​ជា​ សត្វ​ចៃ​ធំមួយ ​លើ​ចីវរនោះ​ទៅ​។

និយាយ​ពី​ពួកភិក្ខុ ​​ទាំងឡាយ​ដែល​គង់ ក្នុង​វត្តបាត់​មិនឃើញ ​អង្គតិស្សត្ថេរ​នោះ ​យូរ​ថ្ងៃ​មាន​ ការ​ឆ្ងល់​បាន​ទៅមើល​ កន្លែងលោក​សិង ​ទើប​ដឹងថា ​ភិក្ខុតិស្សត្ថេរ​នោះ ​បាន​សុគត​បាត់​ទៅហើយ ​ខណៈ​នោះ​ភិក្ខុទាំងអស់ ​ឃើញ​ចីវរ​នៅក្បែរ​នោះ​ បម្រុង​យក​មកចែកគ្នា​ ប្រើប្រាស់​ស្រាប់​តែ ឃើញ​សត្វចៃ​មួយធំ ​កំពុង​វារចុះ វារ​ឡើងហាក់ ​ដូចជា​ការពារ​មិនចង់​ឲ្យ ​អ្នកណា​យក​ចីវរនោះ​ទេ ​ភិក្ខុទាំង​ឡាយ​មើលឃើញ ​ហេតុគួរ​ឆ្ងល់យ៉ាង​នោះ ​ទើបនាំ​គ្នា​ទៅចូល​គាល់ ​ព្រះដ៏​មាន​ព្រះភាគ ​ដែល​គង់ក្នុង​វត្តជេតពន ​ពេលនោះ​ព្រះអង្គ​ បាន​ត្រាស់​សម្ដែង ព្រះធម៌​ទេសនា ​ប្រារព្ធ​ពីរឿង​ភិក្ខុតិស្សត្ថេរ​នោះ ​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយថា ម្នាល​អ្នក​ទាំងឡាយ ​សត្វលោក​ទាំងអស់ ​នៅពេល​ជិត​ស្លាប់ ​កាល​បើជន​នោះ ​រឭក​យក​អ្វីជាអារម្មណ៍​ហើយ ​អាច​ធ្វើ​ឲ្យវិញ្ញាណជន​នោះ ​ទៅ​ជាប់​នឹង​របស់នោះ​ បានដូច​យ៉ាង ​ភិក្ខុតិស្សត្ថេរអង្គ​នេះ​ដែរ​ ដោយ​ហេតុ​តែ ​ស្រលាញ់​ពេញចិត្ត ​នឹងចីវររ​បស់ខ្លួន​ដែល ​មិនទាន់​បាន​ប្រើប្រាស់​ផង ស្រាប់​តែ​សុគត​ទៅទើប​ បាន​កើតជា ​សត្វចៃ​មួយ​ដូច​ដែល ​ភិក្ខុ​ទាំង​ឡាយ​ បាន​​ឃើញ​នោះ​ឯង​។​

រូប​តំណាង

យ៉ាង​ណាមិញ ​បើ​តាម​​មតិ​ផ្សេង​ទៀត ក៏​បាន​លើកឡើង ឲ្យដឹងផងដែរថា ក្នុង​គម្ពីរ​គោល​នៃ ​ព្រះពុទ្ធសាសនា​គឺ ​គម្ពីរ​ព្រះ​ត្រៃបិដក ​ព្រះសម្មា​សម្ពុទ្ធ ​ពុំបាន​បញ្ញត្តិថា ​គេត្រូវ​ធ្វើបុណ្យ​ខួប​​៧ថ្ងៃ, ៤៩ថ្ងៃ​, ១០០ថ្ងៃ,​ ១ឆ្នាំ, ​៣ឆ្នាំ បន្ទាប់​ពី​មនុស្ស​ស្លាប់​ឡើយ​។​ ហេតុនេះ ទើប​មាន​ ការលើកឡើង​ថា​  សង្គម​ខ្មែរ​អាច ទទួល​ឥទ្ធិពល​នៃ ការ​រៀប​ចំ​ពិធីនេះ​ពី​ ជន​ជាតិ​ចិន​ដែល​ ចូល​មក​​រស់​​នៅ ទាក់​ទង​នឹង​ជនជាតិ​ខ្មែរ។ តែ​​ក្នុង​​ចំណុច​​លម្អិត ​ការ​​រៀប​ចំ​​ពីធី​​បែបខ្មែរ​ ខុស​​ពី​បែប​​ចិន​។ គេ​​សង្កេត​​ឃើញ​​ថា​ ​នា​ពេល​​បច្ចុប្បន្ន ​ប្រជា​ជន​​ខ្មែរ​​ច្រើន​​តែ ធ្វើ​​ពិធី​​បុណ្យ​​ខួប ៧ថ្ងៃ​និង​ ១០០​ថ្ងៃ​ជា​​គោល​សំខាន់​​ ហើយ​គេ​​ប្រារព្ធ ​​ធ្វើ​បុ​ណ្យខួប​​ជា​ឆ្នាំ​​ ដោយ​​យោង​​តាម​ ​ពេល​​វេលា​ ​ឬធន​​ធាន​​ផង​ដែរ​​៕​​

ប្រភព៖ Reality Cambodia..., 5000 Years

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]