ពាក្យថា រៀបការ វាអាចជាពាក្យស្រួលនិយាយ ហើយក៏ងាយយល់ តែការរៀបការ សាងគ្រួសារ វាមិនមែនជារឿងដែលងាយដូចការគិតនោះទេ តែបើអ្នកអាចគិតដល់ចំណុចទាំងនេះ ចូរពិចារណា ហើយសួរខ្លួនឯងសិនថា តើអ្នកអាចធ្វើនូវរឿងទាំងនេះបានដល់ចំណុចណា នោះហើយទើបជារឿងដែលប្រសើរ។
១. ចិត្តធ្ងន់កម្រិតណា
ចិត្តធ្ងន់ ពុំមែនចង់សម្ដៅដល់ត្រឹមតែការចេះអត់ធ្មត់ អត់ទ្រាំចំពោះរឿងដែលកើតឡើង ឬប្រឈមមុខជាមួយដៃគូតែប៉ុណ្ណោះទេ តែវាជាការដែលចង់បញ្ជាក់ថា តើអ្នកអាចស៊ូជាមួយស្ថានភាពនៃជីវិតគូបានយូរដល់ពេលណា? ការរស់នៅជាមួយគ្នា ក៏មិនមែនទាមទារឱ្យមានការទ្រាំតែប៉ុណ្ណោះទេ តែអ្នកត្រូវតែចេះបើចិត្តឱ្យទូលាយ ចេះទទួលយក និងអត់ឱនឱ្យគ្នា ទើបជីវិតប្ដីប្រពន្ធ វាមិនធ្ងន់ក្នុងការពន់រែកតែម្ខាង។
២. មានទំនួលខុសត្រូវកម្រិតណា
មិនថាស្ថិតចំពោះស្ថានភាពគ្រួសារ ឬជាមួយនឹងការងារផ្សេងៗនោះឡើយ ជាប្ដី ឬប្រពន្ធ គឺត្រូវតែមានទំនួលខុសត្រូវចំពោះគ្នាឱ្យបានច្រើន មិនថាជាការងារអ្នក ឬការងារដៃគូនោះទេ ទាមទារឱ្យភាគីទាំងសងខាងចេះរ៉ាប់រង និងទទួលយកចំពោះគ្នា ចេះចែករំលែករវាងគ្នា និងគ្នា កុំព្យាយាមដាក់សម្ពាធ ឬបន្ទុកទៅតែម្ខាងណា ព្រោះការទទួលខុសត្រូវនៅក្នុងគ្រួសារ វាគឺជាតួនាទីរបស់អ្នកទាំងពីរជាអ្នករ៉ាប់រងជាមួយគ្នា។
៣. មានការលះបង់កម្រិតណា
សម្រាប់គ្រួសារ បើមានការលះបង់ច្រើនដើម្បីគ្នា វាគឺជារឿងដែលល្អណាស់ ព្រោះអ្នកធ្វើដើម្បីគ្រួសារ ដើម្បីមនុស្សដែលអ្នកស្រឡាញ់។ តែយ៉ាងណាមិញ ប្រសិនបើការលះបង់មានតែម្ខាង វាក៏គ្មានន័យ គ្មានតម្លៃអ្វីដែល។ សម្រាប់ការលះបង់ អ្នកគួរតែគិត និងយល់ លះបង់ក្នុងកម្រិតមួយ ដែលដៃគូទាំងពីរអាចធ្វើដើម្បីគ្នា លះបង់ឱ្យសមនឹងតម្លៃដែលម្ខាងទៀតបានធ្វើចំពោះអ្នក ទើបមិនមានការអាន់អន់ស្រពន់ចិត្ត ឬស្ថិតក្នុងសភាពមិនស្មើភាពគ្នា៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]