បរទេស៖ អស់រយៈពេលជិត៦ខែហើយចាប់តាំងពីក្រុមហ៊ុន Amazon បានទិញយកក្រុមហ៊ុនផលិតរថយន្តគ្មានមនុស្សបើក Zoox ហើយថ្ងៃនេះក្រុមហ៊ុន Zoox បានបង្ហាញវត្តមានរថយន្តគ្មានមនុស្សបើកដំបូងរបស់ខ្លួន ដែលរចនាជាពិសេសសម្រាប់ការបើកបរក្នុងតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅកកកុញ។
រថយន្តនេះមានប្រវែងតែ៣.៦៣ម៉ែត្រប៉ុណ្ណោះ ដែលជារថយន្តតូចបំផុតនៅក្នុងឧស្សាហកម្មរថយន្ត។ វាក៏ត្រូវបានផលិតឡើងដោយមានកង់បួន និងការបើកបរ bi-directional ពោលគឺអាចបើកបានទាំងពីរទិសដៅ មិនមានកំណត់ថាខាងណាគឺមុខ ខាងណាគឺក្រោយទេ ព្រមទាំងមិនមានដៃចង្កូត ឬកន្លែងអង្គុយដូចឡានធម្មតាទេ។ ផ្ទុយទៅវិញអ្នកដំណើរបួននាក់ត្រូវអង្គុយទល់មុខគ្នា នៅខាងក្នុងរថយន្តដ៏តូចនេះ ដែលមើលទៅដូចជាជិះរទេះ ច្រើនជាងជិះឡាន។
ទោះបីជាវាមានទំហំតូចក៏ដោយ Robotaxi របស់ Zoox អាចឈានដល់ល្បឿនរហូតដល់៧៥ម៉ាយ៍ក្នុងមួយម៉ោង (120 Km ក្នុងមួយម៉ោង)។ វាមានថ្មផ្ទាល់ខ្លួនចំនួនពីរ ដែលកាន់បាន១៦ម៉ោងមុនពេលដែលត្រូវសាកថ្មម្តងទៀត ដូច្នេះ robotaxi តែមួយអាចធ្វើបានមួយថ្ងៃ មុនពេលត្រូវការថាមពលថែមទៀត។
រួមជាមួយការរចនាមិនធម្មតារបស់វា រថយន្តនេះក៏មានទាំងប្រព័ន្ធពោងសុវត្ថិភាព ដែលរចនាជាពិសេសផងដែរ។ Zoox និយាយថាកៅអីទាំងបួនទទួលបានការការពារសុវត្ថិភាពកម្រិតផ្កាយប្រាំ។
ទន្ទឹមនឹងនេះ កាមេរ៉ា ប្រព័ន្ធ LIDAR និងប្រព័ន្ធរ៉ាដារបស់វាផ្តល់នូវទិដ្ឋភាព២៧០ដឺក្រេពីជ្រុងទាំងបួននៃ robotaxis ដែលអាចមើលឃើញចំណុច blind spot បាន។ Zoox និយាយថាខ្លួនកំពុងសាកល្បង robotaxis ថ្មីរបស់ខ្លួនរួចហើយនៅ Las Vegas, San Francisco និង Foster City រដ្ឋកាលីហ្វ័រញ៉ា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]