យើង​បាន​ដឹង​ហើយ​ថា​ ការ​​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន​។​ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​មក​រដូវ​​របស់​ស្រីៗ​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជា​ឫសគល់​​ដែល​បណ្ដាល​ឲ្យ​យើង​ពិបាក​មាន​ផ្ទៃពោះ​ ឬ​គ្មាន​កូន​ផង​ដែរ​។ ​ពិត​ណាស់​ ​កត្តា​លើស​ទម្ងន់​នេះ​ គឺ​ជា​បញ្ហា​​សុខភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ នៅ​ពាស​ពេញ​ពិភព​លោក​ ជាពិសេស​ចំពោះ​បណ្ដា​​ប្រទេស​ដែល​​រីក​ចម្រើន​​។

១.​ធ្វើ​ម៉េច​ទើប​ដឹង​ថា​លើស​ទម្ងន់​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការ​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​មិន​ប្រក្រតី​ ឬ​លើស​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​។ ​ហើយ​ដើម្បី​ដឹង​ថា​អ្នក​ណា​ម្នាក់​លើស​ទម្ងន់​ឬ​អត់​នោះ យើង​ត្រូវ​កំណត់​ទម្ងន់​ធម្មតា​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​នៃ​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។

  • ស្ត្រី​ដែល​មានBMI ចាប់ពី​២៥​ ដល់​២៩,៩ ត្រូវ​បាន​ចាត់​ទុក​ថា​លើស​ទម្ងន់​
  • ស្រ្តី​ដែល​មានBMI ចាប់ពី​៣០ឡើង​ ត្រូវ​បាន​ចាត់​ទុក​ថា​ធាត់​ជ្រុល​។

ការ​ចែកចាយ​ជាតិ​ខ្លាញ់​ច្រើន​ពេក​នៅ​ផ្នែក​កណ្ដាល​នៃ​រាងកាយ​ដូចជា​ដុំ​សាច់​ត្រគាក​ និង​ទ្រូង​ បង្កើន​នូវ​ហានិភ័យ​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​​ព្រមទាំង​បញ្ចេញ​អ័រម៉ូន​អ៊ឹស្ត្រូសែន (Oestrogen)​លើស ដែល​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​គឺ​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការវិវត្តន៍​ទៅ​រក​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ។​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​​លើស​ទម្ងន់​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​របស់​ស្រ្តី​ផង​ដែរ​ រួម​មាន​ដំណើរ​មាន​រដូវ​ ភាព​មាន​កូន​ និង​​សុខភាព​ដែល​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ​ជាដើម​​។

២. ដំណើរ​មាន​រដូវ

អតុល្យភាព​អ័រម៉ូន​ នឹង​ធ្វើ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ ចង្កោម​រោគសញ្ញា​មុន​មក​រដូវ​ (PMS) ក៏​ដូចជា​​ការ​មក​រដូវ​ច្រើនៗ​ និង​មាន​រយៈពេល​យូរ​។ បញ្ហា​​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​រោគ​ស្លេកស្លាំង​ ជំងឺ​ផ្លូវ​ចិត្ត​ ឬ​​ផ្លូវ​អារម្មណ៍​ ​និង​កត្តា​រូបរាង ​ព្រមទាំង​មាន​រោម​លើ​រាងកាយ​​ច្រើន​ខុស​ប្រក្រតី​ផង​ដែរ​។

៣. ភាព​មាន​កូន

ស្រីៗ​​មួយ​ចំនួន​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​ អាច​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ​ដោយ​សារ​តែ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​ ឬ​​​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មាន​កូន​។ ជា​ធម្មតា​ កត្តា​នេះ​​ បណ្ដាល​មក​ពី​ការ​បញ្ចេញ​ពង​អូវុល​មិន​គ្រប់គ្រាន់​នៃ​​អ្នក​ដែល​​លើស​ទម្ងន់​​។

៤. ការ​មាន​​ផ្ទៃ​ពោះ

​ការ​លើស​ទម្ងន់​ និង​ធាត់​ជ្រុល​ អាច​ធ្វើ​ឲ្យ​ស្រ្តី​ដែល​មាន​សុខភាព​ល្អ​ម្នាក់​ ប្រឈម​​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្តន៍​ ទៅ​​រក​​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌ សម្ពាធ​ឈាម​ ឬ​ជំងឺ​ក្រឡាភ្លើង​។ លើស​ពី​នេះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូតកូន​ កូន​កើត​មិន​គ្រប់ខែ​ កូន​មាន​ការ​លូតលាស់​ខ្សោយ​ និង​ការ​សម្រាល​ដោយ​ការ​វះកាត់​ថែម​ទៀត​ផង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]