ខណៈពេលដែលអាការៈឈឺសន្លាក់ កើតឡើងជារឿយៗ ដោយសាររបួស ឬជាសញ្ញានៃបញ្ហាសុខភាពផ្សេងៗ ការឈឺសន្លាក់នៅរដូវរងា មានភាពខុសគ្នាទាំងស្រុង ពីព្រោះវាកើតឡើងនៅពេលដែលរដូវកាលផ្លាស់ប្ដូរ។ ការឈឺសន្លាក់ជាទូទៅ អាចកើតនៅត្រង់ត្រគាក ជង្គង់ និងកជើង ដែលបង្កឲ្យមានការឈឺចាប់នៅត្រង់សន្លាក់ និងពិបាកធ្វើចលនា។ ដូចនេះ ដើម្បីចៀសឆ្ងាយពីអាការៈឈឺសន្លាក់នៅរដូវរងា ចូរសាកល្បងអនុវត្តវិធីសាស្ត្រងាយៗខាងក្រោមនេះ។
១. រក្សាកម្ដៅក្នុងខ្លួន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅរដូវរងា រាងកាយយើងនឹងច្របាច់ឈាមកាន់តែច្រើនឡើងទៅកាន់សរីរាង្គសំខាន់ៗ ដែលធ្វើឲ្យសរសៃឈាមនៅចុងដៃចុងជើងរបស់យើងតឹងណែន។ ហេតុនេះហើយ ការរក្សាកម្ដៅក្នុងខ្លួនដោយពេលនៅខាងក្នុងផ្ទះ ឬនៅក្នុងបន្ទប់ការិយាល័យ គឺជាវិធីដ៏ល្អបំផុត។ ប៉ុន្តែ ប្រសិនបើយើងចាំបាច់ត្រូវតែចេញទៅខាងក្រៅ ចូរស្លៀកពាក់ឲ្យបានក្រាស់ៗ ដើម្បីចៀសវាងការឈឺចាប់នៅត្រង់សន្លាក់។
២. បញ្ចេញសកម្មភាពរាងកាយ
កុំឲ្យបញ្ហាឈឺសន្លាក់ រំខានយើងពីការធ្វើលំហាត់ប្រាណឲ្យសោះ! នៅក្នុងករណី ដែលមានការឈឺចាប់ខ្លាំង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណតិចតួច ដូចជាការពត់ពែនខ្លួនប្រាណ ការដើរ និងការលើកទម្ងន់។ល។ អាចធ្វើឲ្យសន្លាក់របស់យើងមានសុខភាពល្អ និងគ្រប់គ្រងការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព។
ការហាត់ប្រាណជាទៀងទាត់ នឹងជួយរក្សាទម្ងន់របស់យើងឲ្យនៅថេរ ក៏ដូចជាការពារយើងពីផលប៉ះពាល់អវិជ្ជមានលើសន្លាក់ថែមទៀតផង។
៣. រក្សាជាតិទឹកក្នុងខ្លួន និងញ៉ាំអាហារដែលមានតុល្យភាព
ខ្យល់ស្ងួត និងអាកាសធាតុត្រជាក់ អាចធ្វើឱ្យយើងខ្សោះជាតិទឹកពីក្នុងរាងកាយ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍នឿយហត់ និងរមាស់ផងដែរ។ ដូច្នេះហើយ ចូរញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ២លីត្រនៅក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ យើងក៏អាចញ៉ាំស៊ុប និងភេសជ្ជៈសុខភាពមួយចំនួនដូចជា ទឹកដូង ទឹកដោះគោជូរ ឬតែបៃតងជាដើម។ ចូរចៀសវាងនូវភេសជ្ជៈកំប៉ុងដែលមានជាតិស្ករច្រើន។
លើសពីនេះ ចូរញ៉ាំអាហារដែលមានតុល្យភាពជារៀងរាល់ថ្ងៃ ដើម្បីចៀសផុតពីជំងឺនានា និងរក្សាផ្នែករាងកាយយើង រួមទាំងសន្លាក់ និងសាច់ដុំផងនោះ ឲ្យមានសុខភាពល្អ និងដំណើរការប្រកបថាមពលក្លៀវក្លា។
៤. វីតាមីន D
កម្រិតវីតាមីន D ទាប អាចធ្វើឲ្យយើងងាយកើតបញ្ហាឈឺសន្លាក់។ នៅរដូវរងានេះ យើងអាចនឹងមានបញ្ហាកង្វះវីតាមីន D ពីប្រភពធម្មជាតិនោះគឺពន្លឺព្រះអាទិត្យ ដោយសារតែកត្តាពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់។ ដូច្នេះហើយ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ អំពីអាហារបំប៉ន ឬអាហារដែលមានជាតិវីតាមីន D ដែលស័ក្ដិសមបំផុតរបស់យើង ក៏ដូចជាធ្វើឲ្យរាងកាយយើងរឹងមាំ និងចៀសឆ្ងាយពីការឈឺសន្លាក់ផ្សេងៗផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]