បរទេស៖ ព្យុះពណ៌ខ្មៅដូចខ្យល់គួចនៅលើភពណិបទូនដែលត្រូវបានរកឃើញដោយតេឡេទស្សន៍អវកាសហូប៊ល កាលពីខែកញ្ញា ឆ្នាំ២០១៨ បានបញ្ច្រាស់ទិសដៅដើម្បីបញ្ចៀសសេចក្ដីមរណារបស់វា នៅលើភពយក្សទឹកកកពណ៌ខៀវនេះ។ ព្យុះនេះមានមុខកាត់៧៤០២.៩៨គីឡូម៉ែត្រ ហើយបានកកើតឡើងនៅអឌ្ឍគោលខាងជើងនៃភពណិបទូន។
ហូប៊លបានតាមដានព្យុះចាប់តាំងពីការរកឃើញរបស់វា អស់រយៈពេល២ឆ្នាំមកហើយ ហើយក្រុមតារាវិទូបានមើលព្យុះសំចតទៅភាគខាងត្បូង ក្បែរខ្សែអេក្វាទ័ររបស់ភពនេះ។ នេះគឺជាកន្លែងមរណៈមួយយ៉ាងសំខាន់ ដែលព្យុះណាបានទៅដល់កន្លែងនេះតែងតែរលាយបាត់រូបនៅលើភពណិបទូន ដោយគ្មានដាន។ ព្យុះនេះបានផ្លាស់ប្ដូរទិសដៅទៅភាគខាងជើងវិញដោយមិននឹកស្មានដល់ ហើយវាបានឆ្ពោះទៅកាន់កន្លែងដើមរបស់វាវិញ នៅខែសីហា ឆ្នាំ២០២០។
ណិបទូនមានព្យុះចំនួន៤រួមទាំងព្យុះមួយនេះ ដែលគេហៅចំណុចខ្មៅ ត្រូវបានគេសង្កេតមើលតាមរយៈតេឡេទស្សន៍ហូប៊លអស់រយៈពេលជាច្រើនឆ្នាំ។ ព្យុះជាច្រើនដើរតាមលំនាំស្រដៀងគ្នានៃការលេចឡើង និងបាត់ទៅវិញក្នុងរយៈពេលពីរឆ្នាំ។ យានអង្កេត Voyager 2 ក៏ធ្លាប់ឆ្លុះឃើញព្យុះខ្មៅចំនួនពីរនៅលើភពណិបទូន កំឡុងពេលហោះកាត់របស់វានៅឆ្នាំ១៩៨៩ ហើយពួកវាបានបាត់រូបទៅវិញ មុនពេលហូប៊លអាចអង្កេតមើលពួកវាបន្ទាប់ពីដំណើរការនៅឆ្នាំ១៩៩៣។
ចំណុចខ្មៅតូចជាងបន្តិចអាចជាបំណែកនៃព្យុះធំ ដែលបានបំបែកខ្លួនចេញ ហើយបានរសាត់ចេញទៅឆ្ងាយនិងរលាយបាត់រូប។ រូបភាពពីហូប៊លត្រូវបានចេញផ្សាយនិងត្រូវបានបង្ហាញ កំឡុងកិច្ចប្រជុំ American Geophysical Union Fall 2020 Meeting ដែលបានប្រពឹត្តឡើងតាមរយៈអនឡាញ ដោយសារតែជំងឺរាតត្បាតសកល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]