យល់ដឹង៖ អ្នកណាក៏ដូចអ្នកណាដែរ តែងតែធ្លាប់ឆ្លងកាត់នូវការគិត ចំពោះខ្លួនឯងថា ជាមនុស្សម្នាក់ដែលអន់ ធ្វើក៏មិនកើត ហើយចំពោះការគិតមួយនេះផងដែរ មិនថាជាអ្នកជោគជ័យប៉ុណ្ណានោះទេ គឺពួកគេសុទ្ធសឹងតែធ្លាប់បានឆ្លងកាត់នូវការគិតអវិជ្ជមានបែបនេះមកចំពោះខ្លួនឯងដែរ។ អ្នកណាៗក៏ដឹងដែរថា នៅពេលដែលខ្លួនឯងគិតបែបនេះចំពោះខ្លួនឯងហើយនោះ វានឹងធ្វើឱ្យខ្លួនឯង មានអារម្មណ៍មិនល្អ ពិតណាស់ វាអាចជាពិបាកសម្រាប់ការកែទម្លាប់ក្នុងការគិតបែបនេះ ប៉ុន្តែ អ្នកទាំងអស់គ្នា ក៏គួរតែរៀនគិតអ្វីៗក្នុងផ្លូវវិជ្ជមានផងដែរ នោះទើបអ្នកទាំងអស់គ្នាអាចមានកម្លាំងចិត្តក្នុងការសម្រេចនូវអ្វីដែលអ្នកចង់ធ្វើ។
ជាក់ស្តែង មនុស្សដែលជោគជ័យភាគច្រើនក៏ពួកគេតែងតែនិយាយជារឿយៗ ថាពួកគេក៏ធ្លាប់បានឆ្លងកាត់នូវភាពបរាជ័យ និងគិតថាខ្លួនឯងជាមនុស្សអន់ដែរ ប៉ុន្តែពួកគេចាប់ផ្តើមបង្រៀនខ្លួនឯងឱ្យស្គាល់ពីតម្លៃ និងភាពដ៏អស្ចារ្យរបស់ខ្លួនឯងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុផលទាំងនេះ ហើយដែលធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលអន់ សម្រាប់ខ្លួនឯង៖
១. កុំឱ្យតម្លៃអ្នកដទៃខ្លាំងពេក
នៅពេលដែលអ្នកឱ្យតម្លៃ ទៅលើអ្នកដទៃខ្លាំងពេកនោះ វានឹងធ្វើឱ្យអ្នក លែងមើលឃើញពីតម្លៃរបស់ខ្លួនឯង ហើយចាប់ផ្តើមប្រៀបធៀបគ្នារវាងអ្នក និងគេ ជាងនេះទៅទៀត វានឹងរឹតតែធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែគិតចំពោះខ្លួនឯងថា ជាមនុស្សអន់មួយកំរិតថែមទៀត។
២. មិនត្រូវការការផ្លល់តម្លៃពីមនុស្សដែល មិនចេះឱ្យតម្លៃមនុស្ស
នៅពេលដែលមនុស្សម្នាក់ មិនដែលឱ្យតម្លៃទៅលើមនុស្ស ឬចូលចិត្តមើលងាយអ្នកដទៃ ថាជាមនុស្សអន់នោះ អ្នកគួរតែកុំខ្វល់ពីសម្តី និងការមិនឱ្យតម្លៃទាំងនោះមកលើអ្នក ហើយ អ្នកគួរតែ ដើរចេញពីមនុស្សប្រភេទនេះឱ្យកាន់តែឆ្ងាយកាន់តែល្អ ហើយក៏មិនចាំបាច់ ត្រូវការការផ្តល់តម្លៃពីមនុស្សប្រភេទនេះដែរ។
៣. ត្រូវចំណាយពេលវេលាឱ្យខ្លួនឯងឱ្យបានច្រើន
ពីមួយថ្ងៃ ទៅមួយថ្ងៃ នរណាៗ ក៏មានពេលវេលារវល់ជាមួយនឹងកិច្ចការរបស់ខ្លួនដែរ ប៉ុន្តែ អ្នកគួរតែចំណាយពេលយ៉ាងហោចណាស់ក៏ ១៥នាទី ក្នុងមួយថ្ងៃផងដែរ ដើម្បីសួរខ្លួនឯង និយាយជាមួយខ្លួនឯង និងលើកទឹកចិត្តខ្លួនឯង ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នា កាន់តែមើលឃើញពីតម្លៃរបស់ខ្លួនឯង។ ហើយអ្នកទាំងអស់គ្នាគួរ តែពេញចិត្តចំពោះអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ននេះ។
៤. ជីវិតរបស់មនុស្សគឺមានឡើង និងមានចុះ
មិនថាថ្ងៃនេះ អ្នកទាំងអស់គ្នា បានជួបទៅនឹងបញ្ហាអ្វីច្រើននោះទេ តែអ្នកត្រូវតែចងចាំថា ជីវិតរបស់មនុស្សយើងមិនមែនចេះតែឡើងរហូត ហើយចុះរហូតនោះទេ។ ដូច្នេះហើយ អ្នកទាំងអស់គ្នានៅពេលដែលមានបញ្ហា ចូរអ្នកទាំងអស់គ្នា គួរតែព្យាយាមដោះស្រាយវា ហើយកុំដាក់សម្ពាធទៅលើខ្លួនឯងខ្លាំងពេក ព្រោះថាជីវិតមនុស្សខ្លីខ្លាំងណាស់ អញ្ចឹងហើយ ត្រូវរៀនរស់នៅដោយភាពរីករាយ ជាមួយមនុស្ស និងអ្វីដែលអ្នកទាំងអស់គ្នាកំពុងមាន។
៥. យើងមិនដូចគេ តែយើងពូកែ
''យើងមិនដូចគេ តែយើងពូកែ'' ឃ្លានេះ វាមិនមែនសំដៅថាយើងជាមនុស្សដែលមានអំណួតនោះទេ តែវាជា ឃ្លាមួយសម្រាប់ដាស់តឿនសតិរបស់ខ្លួនឯង ជាងនេះទៅទៀត នៅពេលដែលយើងចាប់ផ្តើមប្រៀបធៀបខ្លួនឯង ទៅនឹងសមត្ថភាពរបស់អ្នកដទៃ អ្នកនឹងគិតថាខ្លួនឯងអន់ជាមិនខាន។ ដូច្នេះហើយ ចង់រំលឹកអ្នកទាំងអស់គ្នាថា មនុស្សយើង កើតមកមិនដូចគ្នានោះទេ ម៉្យាងវិញ យើងមិនអាចទៅពូកែដូចជាគេនោះទេ ហើយគេក៏មិនអាចមកពូកែដូចយើងបានដែរ។
៦. កុំផ្ញើក្តីសុខ និងតម្លៃរបស់អ្នកទៅលើបបូរមាត់ និងការគិតរបស់អ្នកដទៃ
ក្តីសុខ និងតម្លៃរបស់យើង គឺជារបស់យើង ដូច្នេះហើយ គ្មានអ្នកណាអាចមកបំផ្លាញក្តីសុខរបស់យើងបាននោះទេ។ អ្នកទាំងអស់គ្នា មិនត្រូវយកចិត្តទុកដាក់ទៅលើការនិយាយ និងការគិតរបស់អ្នកដទៃនោះទេ ព្រោះថា វាមាត់ និងការគិតរបស់អ្នកដទៃ អញ្ចឹង យើងមិនអាច ទៅបឈ្ឃប់អ្នកដទៃឱ្យឈប់និយាយ និងឈប់គិតមកលើយើងបានដែរ ដូច្នេះហើយ អ្នកទាំងអស់គ្នាត្រូវដឹងថា មនុស្សណាក៏មានចំណុចពូកែ រៀងៗខ្លួនដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]