ចិន៖ ការបង្រ្កាបរបស់ចិនលើពិភពជំនួញរបស់លោក Jack Ma គឺមិនទាន់បញ្ចប់នោះទេ និយតកររបស់ប្រទេសចិនបានបញ្ជាឱ្យក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba បន្ថយទំហំអាជីវកម្មរបស់ខ្លួន។ ពួកគេបានបញ្ជាឱ្យក្រុមហ៊ុន Ant Group ត្រឡប់ទៅរកភាពដើមរបស់ខ្លួនវិញ ដែលត្រឹមតែជាអ្នកផ្តល់ប្រាក់សំណង។ Ant Group បានចាប់ផ្តើមពី Alipay ដែលក្លាយទៅជាវេទិកាទូទាត់ឌីជីថលដ៏ធំបំផុតរបស់ប្រទេសចិន ហើយក្រុមហ៊ុនក៏ពង្រីកទៅផ្តល់ការវិនិយោគនិងគណនីសន្សំ ការផ្តល់ប្រាក់កម្ចី ធានារ៉ាប់រង និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ។ លោក Pan Gongsheng ទេសាភិបាលរងធនាគារកណ្តាលចិនបានហៅសេវាកម្មទាំងនោះថាខុសច្បាប់ ហើយបាននិយាយថាក្រុមហ៊ុនត្រូវតែកែតម្រូវសកម្មភាពទាំងនោះឲ្យបានហ្មត់ចត់។ សេវាកម្មទាំងនោះគឺជាប្រភពរកប្រាក់ចំណេញបានច្រើនបំផុតនិងរីកចម្រើនបំផុតរបស់ក្រុមហ៊ុន។
តម្រូវការរបស់និយតករចិនដែលក្រុមហ៊ុន Ant Group ត្រូវអនុវត្តតាមរួមមាន ហាមឃាត់ការប្រកួតប្រជែងដែលមិនស្មើភាព កែលម្អអភិបាលកិច្ចសាជីវកម្ម និងធានានូវអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុនធ្វើគឺ អនុលោមតាមច្បាប់។ ចំពោះក្រុមហ៊ុន Ant Group វិញក៏បានប្រាប់កាសែត The Guardian ថាខ្លួននឹងបង្កើតក្រុមការងារកែតម្រូវ ដើម្បីអនុវត្តតាមតម្រូវការទាំងនោះ។
កាលពីខែវិច្ឆិកា និយ័តករចិនបានរារាំង IPO (ការបោះផ្សាយលក់មូលបត្រជាសាធារណៈ) ដែលបានគ្រោងទុករបស់ Ant Group នៅហុងកុង និងសៀងហៃដែលត្រូវបានគេរំពឹងថានឹងបានដល់34ពាន់លានដុល្លារ។ អាជ្ញាធរក៏បានបង្កើតសេចក្តីព្រាងច្បាប់ថ្មីដើម្បីត្រួតពិនិត្យសកម្មភាពប្រមូលទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ រួមជាមួយវិធានផ្សេងទៀតដែលពួកគេនិយាយថា មានគោលបំណងការពារអ្នកប្រើប្រាស់។ ហើយកាលពីប៉ុន្មានថ្ងៃមុននិយ័តករបានបើកការស៊ើបអង្កេតមួយទៅលើភាពផ្តាច់មុខរបស់ Alibaba ផងដែរ។
អាជីវកម្មរបស់លោក ម៉ា ហាក់ដូចជាបានក្លាយជាគោលដៅដែលគេចង់បង្ក្រាប បន្ទាប់ពីគាត់បានហៅធនាគារចិនថាជាហាងបញ្ចាំដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅឯកិច្ចប្រជុំហិរញ្ញវត្ថុនៅសៀងហៃកាលពីខែតុលា។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុនរបស់លោកស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនចាប់តាំងពីពេលនោះមក ហើយនាយកប្រតិបត្តិរបស់លោកថែមទាំងបានបង្កើតក្រុមការងារ ដើម្បីដោះស្រាយជាមួយក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលជាប្រចាំទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]