សៀមរាប៖ កាលពីពេលថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ នៅក្នុងថ្ងៃឆ្លងឆ្នាំសកល ដោយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះតែម្តង តែនៅតែមានលក្ខណខ្លះដោយត្រូវតែរឹតបន្តឹងវិធានការការពារជំងឺកូវីដ ១៩។
ដោយឡែក ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺ កូវីដ ១៩នៅតាមកន្លែងនីមួយៗ ព្រមទាំងមានការត្រួតពិនិត្យពីមន្ត្រីជំនាញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើតាមប្រសាសន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺ កូវីដ ១៩ ក្នុងវិស័យទេសចរណ៍ ខេត្តសៀមរាប ក្នុងជំនួបផ្សព្វផ្សាយបន្ទាន់មួយ ជាមួយក្រុមអាជីវករលក់ដូរ ក្នុងតំបន់អង្គរ-ឃ្យុងយូ ក្រុងសៀមរាប ប្រមាណាជាង៣០០នាក់ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ស្របតាមសេចក្ដីថ្លែងសារពិសេស នៃការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជាពិសេសមុនថ្ងៃបុណ្យឆ្លងឆ្នាំសាកល ២០២០ឈានចូល ២០២១ ត្រូវតែបន្តអនុវត្តន៍ឲ្យបានហ្មត់ចត់ នូវវិធានសុវត្ថិភាព ៣ក្បួនដែលអាចការពារបានពីការឆ្លងកូវិដ ១៩ រួមមានដូចជា ពាក់ម៉ាសការពារ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ លើសពីនេះ ការអនុវត្ត ៣កុំ រួមមាន កុំទៅកន្លែងប្រមូលផ្ដុំមានមនុស្សច្រើន កុំទៅកន្លែងបិទជិតប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកុំស្និទ្ធស្នាល អោប រឺចាប់ដៃជាដើម និងបន្ថែមពីលើសនោះ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
នៅក្នុងជំនួបផ្សព្វផ្សាយដល់អាជីវករនេះដែរ អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យ-ការបាញ់កម្តៅ ការពាក់ម៉ាស់គ្រប់បណ្តាច្រកចេញចូលទាំង៦កន្លែង ជុំវិញទីតាំងលក់ដូរពេលរាត្រីអង្គរ ឃ្យុងយូ ដោយមានក្រុមការងារជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។
អាជ្ញាធរខេត្ត ក៏បានណែនាំ ដល់គ្រប់បណ្តាទីតាំងអាជីវកម្ម ត្រូវតែមានឧបករណ៍ សម្ភារការពារសុវត្ថិភាព រក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និងត្រូវរួមគ្នាធានាបានថា តំបន់អង្គរ-ឃ្យុងយូ នៅថ្ងៃបុណ្យឆ្លងឆ្នាំសាកល ជាទីតាំងមានសុវត្ថិភាព។ ករណីអាជីវករមិនអនុវត្តន៍តាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការផ្អាកដំណើរអាជីវកម្មនោះជាបណ្តោះអាសន្ន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]