យល់ដឹង៖ ពេលវេលា ពិតជារំកិល ទៅមុខលឿនមែន ជាក់ស្តែង នៅសល់មិន ប៉ុន្មានថ្ងៃទៀតនោះទេគឺ ចូលដល់ឆ្នាំថ្មីហើយ ហើយក៏ជាពេល ដែលយើងម្នាក់ៗ ត្រូវបានកើន អាយុមួយឆ្នាំ ទៅមុខទៀតដែរ ដូច្នេះរាល់ ការគិតជំហាននៃ ការដើររបស់យើងគឺ ត្រូវតែមានគោលដៅ និងមានប្រុងប្រយ័ត្នជានិច្ច។
មនុស្សម្នាក់ៗ ត្រូវមានគោលដៅ ហើយដើមឆ្នាំនេះគឺ ជាពេលវេលាដ៏ល្អបំផុត ក្នុងការចាប់ផ្តើម កំណត់ ពង្រឹង គោលដៅរបស់យើង ឲ្យសម្រេចបាន ជាផ្លែផ្កាហើយដែរ។ យើងម្នាក់ៗ មិនអាចរស់នៅ ក្នុងអតីតកាលនោះទេ ប្រសិនបើគោលដៅ កាលឆ្នាំចាស់ របស់យើង បរាជ័យនេះគឺជា ពេលដែលល្អបំផុត សម្រាប់អ្នក ក្នុងការគិតគូរ បង្កើតគោលដៅថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអ្នកមាន គោលដៅនឹង ដឹងអំពីអ្វីដែលខ្លួន គួរតែចាប់ផ្តើមធ្វើ ក្នុងឆ្នាំថ្មី២០២១ នេះហើយឬនៅ? តោះបើមិនទាន់ បានកំណត់គោលដៅ ច្បាស់លាស់ សម្រាប់ឆ្នាំថ្មីទេនោះ ថ្ងៃនេះនារី នឹងនាំ អារម្មណ៍មិត្តអ្នកអាន ទាំងអស់គ្នាទៅស្វែងយល់ ពីរឿងដែលយើងគួរតែ ចាប់ផ្តើមធ្វើក្នុង ឆ្នាំ២០២១ នេះទាំងអស់គ្នា៖
១. ផ្លាស់ប្តូរខ្លួនឯង
ការផ្លាស់ប្តូរ ខ្លួនឯងនេះ មិនមែនមានន័យថា ឲ្យអ្នកផ្លាស់ប្តូរ នៅគោលការណ៍ ឬគំនិតរបស់ខ្លួនឯង នោះទេ។ តែអ្នកគួរតែ ផ្លាស់ប្តូរនៅទម្លាប់ មិនល្អដែលធ្លាប់តែ ធ្វើកាលពីឆ្នាំចាស់ ជំនួសឲ្យការ កែប្រែដែលអាចធ្វើឲ្យ អ្នកមានការរីកចម្រើន ក្នុងឆ្នាំថ្មី។ ឧទាហរណ៍ ដូចជាទម្លាប់ ជួបជុំផឹកស៊ី ហ៊ឺហារជាមួយ មិត្តភក្តិច្រើន គួរកាត់បន្ថយទៅ ព្រោះវាគ្មានបាន ផលចំណេញច្រើន ក្រៅពីខ្ជះខ្ជាយ លុយកាក់ និងនាំជំងឺដាក់ខ្លួន តែប៉ុណ្ណោះទេ។ មួយវិញទៀត ស្ទាយ៍តុបតែងខ្លួន ក៏គួរតែសាកល្បង ធ្វើការផ្លាស់ប្តូរ ព្រោះរាល់ការផ្លាស់ប្តូរ មិនមែនសុទ្ធតែអាក្រក់នោះទេ វាអាចធ្វើឲ្យអ្នកមាន ភាពជឿជាក់លើខ្លួនឯង ខ្លាំងជាងមុនក៏ថាបាន។
២. រៀនជំនាញថ្មីៗ
អ្នកគួរតែ ចាប់ផ្តើមរៀន នៅជំនាញថ្មីៗ ឲ្យបានច្រើន មិនថាតែចំណេះដឹង ទូទៅនោះទេ សូម្បីតែចំណេះដឹង ខាងក្រៅដូចជា ការចំអិនអាហារ តន្ត្រី ជំនាញMake up ក៏ជាជំនាញ ដែលល្អដែរ។ បើទោះបីជា ជំនាញទាំងនោះ វាខុសពីអាជីព ឬការងារប្រចាំថ្ងៃ របស់អ្នកក៏ដោយ តែវាជាការផ្លាស់ប្តូរ និងទទួលយក ការរៀនសូត្រថ្មីៗ សម្រាប់ខ្លួនឯង
ផងដែរ។
៣. កំណត់គោលដៅឡើងវិញ
តើអ្នកអាយុ ប៉ុន្មានហើយ? បើអ្នកអាយុ២០ហើយ អ្នកគឺគួរតែមាន គោលដៅច្បាស់លាស់ អ្វីមួយសម្រាប់ ខ្លួនឯងហើយ។ ប្រសិនបើ អ្នកមានហើយ ត្រូវសិក្សាពីវាឡើងវិញ និងព្យាយាមជម្រុញវា ដើម្បីទៅកាន់គោលដៅ ឲ្យបានឆាប់រហ័ស។ តែប្រសិនបើ អ្នកមិនទាន់មានទេ គប្បីគិតគូរឡើងវិញ និងព្យាយាមកំណត់វា ឲ្យបានច្បាស់លាស់ផងដែរ។
៤. កាត់បន្ថយពេលលើបណ្តាញសង្គម
មនុស្សភាគភាគច្រើន ចំណាយពេលរបស់ខ្លួន ស្ទើតែជាង៥០ ភាគរយទៅហើយ លើបណ្តាញសង្គម តាមរយៈការអូសចុះ អូសឡើងមើលរឿង រហូតធ្វើឲ្យពេលមួយថ្ងៃ កន្លងទៅដោយមិនបាន ធ្វើអ្វីជារឿងសំខាន់ សម្រាប់ខ្លួនឯង បន្តិចទាល់តែសោះ។
៥. សុខភាព
ដោយសារតែ ភាពមមាញឹក ជាមួយកិច្ច ការងាររកស៊ីប្រចាំថ្ងៃ ទើបធ្វើឲ្យ មនុស្សភាគច្រើនបានធ្វេសប្រហែល ទៅលើបញ្ហា សុខភាពរបស់ខ្លួន ដូចជា ការទទួលទានអាហារ មិនទៀតទាត់ កង្វះអាហាររូបបត្ថម្ភ មិនធ្វើលំហាត់ប្រាណ ការគេងមិនគ្រប់គ្រាន់ ជាដើម។ ត្រូវចាំថាអ្នកខំប្រឹងប្រែង ធ្វើការក៏ព្រោះតែ ចង់បានប្រាក់ តែប្រសិនបើបានហើយ អ្នកត្រូវបាត់បង់ សុខភាព ទោះមានប្រាក់ច្រើន យ៉ាងណាក៏គ្មាន ប្រយោជន៍អ្វីដែរ ព្រោះអ្នកគ្មានលទ្ធភាព ក្នុងការចាយវា ដោយភាពរីករាយនោះទេ។
៦. ធ្វើផែនការប្រាក់សន្សំ
តើអ្នកធ្លាប់ ចាយលុយ សល់ខែដែរទេ? ចុងខែមិនទាន់ ក៏ចាប់ផ្តើម ដើរខ្ចីលុយគេ ដើមខែមិនសល់លុយ ដើរសងតែគេ។ បើអ្នកនៅតែ បន្តទម្លាប់បែបនេះ មិនមែនជាដំណោះស្រាយល្អ នោះទេ។ អ្នកត្រូវរៀនធ្វើ ចំណូលចំណាយ ប្រចាំខែ ហើយត្រូវតែ សួរខ្លួនឯងថា តើរាល់ថ្ងៃ អ្នកចំណាយ ទៅលើអ្វីខ្លះ? តើរបស់អ្វី ដែលចាំបាច់? ហើយរបស់អ្វី ដែលជាបំណុល? ការផឹកស៊ី ជួបជុំមិត្តភក្តិ គួរកាត់បន្ថយ ភាពហ៊ឺហារ ឡូយឆាយ សម្ភារៈទំនើបៗ ក៏គួរកាត់បន្ថយ។ នោះចុងក្រោយ អ្នកនឹងអាចឃើញ លទ្ធផលល្អ មិនចាំបាច់ ហត់ដើរខ្ចីលុយគេ ដូចមុនទៀតនោះទេ។
៧. គិតរឿងល្អៗ
រឿងមិនល្អ ពីឆ្នាំចាស់ទាំងប៉ុន្មាន គួរបំភ្លេចចោល គិតតែរឿងល្អៗ ក្នុងឆ្នាំថ្មី។ ព្យាយាមបំភ្លេច សង្សារចាស់ឲ្យបាន ហើយរកអ្នកថ្មី ដែលល្អជាង អ្នកចាស់។ មនុស្សយើង រស់នៅក្នុងបច្ចុប្បន្ន មិនមែន ក្នុងអតីតកាលនោះទេ។ ហេតុនេះរឿង មិនល្អពីឆ្នាំចាស់ ត្រូវតែបំភ្លេចចោល ឲ្យអស់ ទើប អ្នកអាចត្រៀមខ្លួន ទទួលយករឿងល្អៗ ក្នុងឆ្នាំថ្មីបាន ដោយរីករាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]