ពិតណាស់ ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។ ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយធ្វើឲ្យរាងកាយរបស់យើងម៉ាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ។ តើអត្ថប្រយោជន៍របស់ខ្លឹមសមានអ្វីខ្លះ?
១. សម្ពាធឈាមកាន់តែប្រសើរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ទឹមសមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ក៏ដូចជាធ្វើឲ្យឈាមរត់បានស្រួលពាសពេញរាងកាយ។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា ការញ៉ាំអាហារបំប៉នដែលផ្សំឡើងពីខ្ទឹមស នឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះត្រឹម១០%។ យ៉ាងណាមិញ យើងអាចបន្ថែមខ្ទឹមសចំនួន៤កំពឹសនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីចៀសវាងនូវការឡើងសម្ពាធឈាមផងដែរ។
២. កូលេស្តេរ៉ូលទាប
ជាមួយគ្នានេះដែរ ខ្ទឹមសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងបន្ថយកូលេស្តេរ៉ូលថែមទៀតផង។ ការសិក្សាមួយបានបង្ហាញថា អាហារបំប៉នដែលផ្សំឡើងពីខ្ទឹមស ធ្វើឲ្យកម្រិតកូលេស្តេរ៉ូលទាបនៅក្នុងរយៈពេល៥ខែ។ វាដូចគ្នាទៅនឹងឱសថធម្មជាតិជាច្រើនទៀតដែរ ដែលត្រូវការចំណាយពេលវេលាយូរបន្តិច ទម្រាំបានឃើញពីប្រសិទ្ធភាព ពីព្រោះយើងត្រូវទុកពេលឲ្យវីតាមីន និងជាតិរ៉ែកកកើតឡើងនៅក្នុងរាងកាយរបស់យើងជាមុនសិន។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ខ្ទឹមសអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ដោយសារតែវាអាចបន្ថយកូលេស្តេរ៉ូល និងសម្ពាធឈាមនៅក្នុងរាងកាយរបស់មនុស្សយើង។ ជាមួយនឹងសមត្ថភាពក្នុងការជួយបង្កើនការផលិតនីទ្រីកអុកស៊ីដខ្ទឹមសអាចជួយធ្វើឲ្យសរសៃឈាមបានសម្រាក និងរារាំងប្លាកែតមិនឲ្យភ្ជាប់ទៅប្រូតេអ៊ីន ដែលកត្តានេះអាចជួយកាត់បន្ថយនូវបញ្ហាកកឈាម ក៏ដូចជាការពារយើងពីហានិភ័យនៃជំងឺបេះដូងបានផងដែរ។
៤. ព្យាបាលជំងឺផ្ដាសាយ និងគ្រុនក្ដៅ
ខ្ទឹមសជួយបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃរោគសញ្ញាជំងឺផ្ដាសាយ និងគ្រុនក្តៅបានយ៉ាងពូកែស័ក្ដិសិទ្ធិ។ តាមរយៈការសិក្សាមួយបានបង្ហាញថា ការញ៉ាំអាហារបំប៉នដែលផ្សំពីខ្ទឹមសជារៀងរាល់ថ្ងៃ អាចកាត់បន្ថយជំងឺផ្ដាសាយបានរហូតដល់ទៅ៦៣% ហើយរយៈពេលជាមធ្យមនៃរោគសញ្ញានៃជំងឺផ្តាសាយត្រូវបានកាត់បន្ថយពី៥ថ្ងៃ មកត្រឹមមួយថ្ងៃ ឬកន្លះថ្ងៃប៉ុណ្ណោះ។
៥. ធ្វើឲ្យឆ្អឹងរឹងមាំ
បន្ថែមពីនេះ ខ្ទឹមសក៏អាចជួយកាត់បន្ថយការបាត់បង់ឆ្អឹង ជាមួយនឹងការបង្កើនអ័រម៉ូនអឺស្រ្តូសែនចំពោះមនុស្សស្រី ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង ក្រោយវ័យអស់រដូវ។ ការញ៉ាំខ្ទឹមសរាល់ថ្ងៃ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ព្រមទាំងជំងឺរលាកសន្លាក់ថែមទៀតផង។
៦. ជំនួយដល់ការចងចាំ
ការបំផ្លាញពីរ៉ាឌីកាល់សេរី រួមចំណែកដល់ការវិវត្តន៍ទៅរកភាពចាស់ ប៉ុន្តែខ្ទឹមសផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដើម្បីប្រយុទ្ធប្រឆាំងនឹងS-Allylcysteine។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ជួយការពារប្រឆាំងនឹងការបំផ្លាញខួរក្បាល និងធ្វើឲ្យខួរក្បាលដំណើរការល្អប្រសើរ នៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]