តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយនៅថ្ងៃអាទិត្យនេះ (ថ្ងៃទី3 ខែមករា) ថា បុរសអាយុ29ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានលួចចូលក្នុងព្រះរាជដំណាក់របស់ព្រះចៅអធិរាជ Naruhito ដែលគេរាយការណ៍ថាគេបានរកឃើញបុរសម្នាក់នេះក្រោយពីគេបានចូលទៅ រយ:ពេល2ម៉ោងមកហើយ។

បណ្តាញសារព័ត៌មាន Fuji News (FNN) បាននិយាយថាបុរសដែលគេមិនទាន់បញ្ចេញឈ្មោះនោះ បានចូលទៅក្នុងបរិវេណព្រះរាជដំណាក់ Akasaka ដែលមានការយាមយ៉ាងតឹងតែងសម្រាប់សមាជិកគ្រួសារព្រះចៅអធិរាជ តាមរយៈដំណាក់សម្រាប់ភ្ញៀវដែលនៅជាប់នោះកាលពីយប់ថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណាក់ Akasaka ឫហៅថា State Guest House

តាមការដកស្រង់សំដីរបស់មន្រ្តីប៉ូលិសបានអោយដឹងថា បុរសនោះត្រូវបានចាប់ខ្លួនដោយអង្គរក្សក្នុងរាជវាំងនៅជិតព្រះរាជដំណាក់របស់ព្រះនាងម្ចាស់ Yuriko ដែលជាព្រះមាតុច្ឆា (great aunt) របស់ព្រះចៅអធិរាជ Naruhito ប្រហែលជា2ម៉ោងបន្ទាប់ពីគេបានលួចចូល។

FNN បាននិយាយថាបុរសនោះបានចូលតាមច្រកទ្វារចូលនៃដំណាក់សម្រាប់ភ្ញៀវ ដែលពេលនោះមិនមានអ្នកណានៅការពារនោះទេ។

ការលួចចូលនេះក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មាន TBS ដែលបាននិយាយថាជនសង្ស័យបានប្រាប់ប៉ូលីសថា «ខ្ញុំចង់ជួបសមាជិកនៃគ្រួសារព្រះចៅអធិរាជ»។

មិនមានព័ត៌មានលម្អិតណាមួយដែលបញ្ជាក់ថាបុរសនោះបានប្រទះនឹងរាជវង្សានុវង្សណាមួយនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាគ្មាននរណាម្នាក់រងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ។

ប៉ូលិសក្នុងតំបន់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយទីភ្នាក់ងាររបស់រាជវាំងក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ព្រះរាជវាំងព្រះចៅអធិរាជជប៉ុន

ព្រះចៅអធិរាជ Naruhito និងព្រះរាជនី Masako បានថ្លែងអំណរគុណចំពោះពិធីចូលឆ្នាំថ្មីកាលពីថ្ងៃសុក្រតាមរយៈសារជាវីដេអូជាលើកដំបូង ដោយសារការបង្ហាញខ្លួនរបស់ពួកទ្រង់ត្រូវបានលុបចោលដើម្បីចៀសវាងការប្រមូលផ្តុំគ្នារបស់ប្រជាជន នៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី3 នៃជំងឺកូវីដ-19។

ឧប្បត្តិហេតុនេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សលួចចូលក្នុងរាជវាំង។

នៅខែឧសភា ឆ្នាំ2020 បុរសជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានហែលឆ្លងគូទឹកនៅជុំវិញព្រះរាជវាំង ដើម្បីឡើងជញ្ជាំងខាងក្រៅនិងផ្លោះចូលទៅក្នុងកន្លែងហាមឃាត់។

ជាច្រើនឆ្នាំមកហើយ មានទាំងជនជាតិជប៉ុននិងជនបរទេសត្រូវបានគេចាប់ខ្លួនបន្ទាប់ពីហែលឆ្លងគូទឹកព្រះរាជវាំង ដោយរួមទាំងជនជាតិអង់គ្លេសម្នាក់ដែលបានហែលអាក្រាតកាយផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]