មង្គលការ គឺជាថ្ងៃដ៏អស្ចារ្យនៅក្នុងឆាកជីវិតរបស់មនុស្សរាល់គ្នា។ ជាពិសេសស្រីៗគ្នាយើង ដែលតែងតែទន្ទឹងរង់ចាំថ្ងៃនេះ ដោយក្តីរំភើបរីករាយជាទីបំផុត។ យើងច្បាស់ជាចង់ស្លៀកពាក់រ៉ូបកូនក្រមុំដ៏ស្រស់សោភា និងមានភាពស្រស់ស្អាតលេចធ្លោជាងគេនៅក្នុងថ្ងៃពិសេសនេះជាក់ជាមិនខាន។
យ៉ាងណាមិញ ចំពោះគ្នាយើងដែលជិតនឹងក្លាយជាកូនក្រមុំ ចាំបាច់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់មុនកម្មវិធីមកដល់ ហើយអ្វីដែលយើងមិនអាចខ្វះបាននោះ គឺស្បែកម៉ត់រលោង និងភ្លឺស្រស់ថ្លាចេញពីខាងក្នុង។ នៅពេលដែលស្បែកយើងមានសុខភាពល្អ យើងក៏មានទំនុកចិត្តនៅក្នុងការតុបតែងមុខ ក៏ដូចជាការស្លៀកពាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ ចូរចាប់ផ្ដើមតិចនិកងាយៗទាំង៥នេះ ដើម្បីបង្កើនសម្រស់របស់យើងនៅក្នុងថ្ងៃដ៏វិសេស។
១. គេងឲ្យបានគ្រប់គ្រាន់
ពិតណាស់ នៅពេលដែលយើងគេង ស្បែករបស់យើងត្រូវបានជួសជុល បណ្ដុះកោសិកាថ្មី និងធ្វើឲ្យស្បែករស់រវើកឡើងវិញ។ ប៉ុន្តែ បើយើងគេងមិនបានគ្រប់គ្រាន់ទេ នោះវានឹងធ្វើឲ្យភ្នែកយើងឡើងស្លក់ ផ្ទៃមុខស្រអាប់មិនភ្លឺថ្លា ក៏ដូចជាឆាប់កើតមានស្នាមជ្រីវជ្រួញផងដែរ។ ដូចនេះ ចូរគេងឲ្យបានយ៉ាងតិច៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យស្បែកមានសំណើម និងបង្កើតជាតិខូឡាជែននៃស្បែក។
២. ផ្ដល់សំណើមដល់ស្បែក
នៅពេលដែលរវល់ខ្លាំង ក្នុងការរៀបចំខ្លួនសម្រាប់ថ្ងៃពិសេស ស្រីៗយើងមួយចំនួន អាចនឹងភ្លេចថែបំប៉នស្បែកដោយការលាបក្រែមផ្ដល់សំណើម។ ទង្វើនេះ នឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែក ដែលធ្វើឲ្យស្បែកចុះខ្សោយ និងឆាប់ជ្រីវជ្រួញដោយមិនដឹងខ្លួន។ ដូច្នេះហើយ ការលាបក្រែមផ្ដល់សំណើមគឺជារឿងចាំបាច់បំផុតដែលយើងមិនអាចធ្វេសប្រហែសបានឡើយ។
៣. គ្រប់គ្រងស្រ្តេស និងបន្ធូរអារម្មណ៍
បញ្ហាស្រ្តេសមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់រាងកាយផងដែរ។ ស្រ្តេសធ្វើឲ្យស្បែកយើងស្រអាប់មិនភ្លឺថ្លា ក៏ដូចជាកើតមានបញ្ហាមុនជាដើម។ ហេតុនេះហើយ ប្រសិនបើស្រីៗយើងមិនចង់ឲ្យកើតមុននៅថ្ងៃពិសេសទេនោះ សូមព្យាយាមកាត់បន្ថយស្រ្តេសដោយខ្លួនឯង តាមរយៈការស្ប៉ាស្បែក ញ៉ាំសូកូឡាក្ដៅមួយពែង ឬស្ដាប់តន្ត្រី ជាដើម។
៤. របបអាហារល្អៗ និងហាត់ប្រាណ
ការជ្រើសរើសរបបអាហារល្អៗ មានសារៈសំខាន់ណាស់ចំពោះស្បែក។ ការញ៉ាំអាហារដែលមានជាតិសរសៃច្រើន ដូចជាបន្លែ ភេសជ្ជៈក្រឡុកពណ៌បៃតង ផ្លែឈើ និងជាតិប្រូតេអ៊ីនគ្រប់គ្រាន់ នឹងធ្វើឲ្យស្បែកយើងក្មេងជាងវ័យ ក៏ដូចជាភ្លឺថ្លាគួរឲ្យចង់គយគន់។ ផ្ទុយទៅវិញ ការញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំង កាបូនអ៊ីដ្រាត និងអាហារដែលមានជាតិខ្លាញ់ច្រើន នឹងធ្វើឲ្យស្បែករបស់យើងកាន់តែដុនដាបជាលំដាប់។
ជាមួយគ្នានេះដែរ កូនក្រមុំដ៏ស្រស់ស្អាត គឺជានារីដែលមានរាងកាយរឹងមាំ និងពោរពេញទៅដោយថាមពល។ ការធ្វើលំហាត់ប្រាណ គឺជាអ្វីដែលយើងមិនអាចខ្វះបានឡើយ។ វាមិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយសម្រួលដល់ចរន្តឈាម និងបន្សាបជាតិពុលចេញពីស្បែកយើងតាមរយៈការបែកញើសថែមទៀតផង។
៥. ថែបំប៉នស្បែកជាប្រចាំ
អ្វីដែលអនាគតកូនក្រមុំ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជាប់នោះ គឺការថែបំប៉នស្បែកជាប្រចាំជាមួយនឹងផលិតផលដែលស័ក្ដិសមទៅតាមប្រភេទស្បែក។ ស្រីៗយើងគួរប្រើប្រាស់ក្រែមជម្រុះកោសិកាចាស់ៗ និងម៉ាសបិទមុខជារៀងរាល់សប្ដាហ៍ ដើម្បីឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]