បេ៉កាំង៖ ការបាត់វត្តមានរបស់ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ពីសាធារណៈជនក្នុងរយៈពេលពីរខែចុងក្រោយនេះ រួមទាំងការខកខានចូលរួមវគ្គចុងក្រោយនៃកម្មវិធីទូរទស្សន៍មួយដែលលោកធ្វើជាចៅក្រមទៀតនោះ បានធ្វើឱ្យមានការសង្ស័យលើបណ្តាញសង្គមជុំវិញរឿងនេះ ថាតើលោកបាត់ទៅណាចំពេលដែលមានការរឹតត្បិតបទប្បញ្ញត្តិពីរដ្ឋាភិបាលចិន ទៅលើពិភពអាជីវកម្មដ៏មហិមារបស់លោក។
សហគ្រិនដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតរបស់ប្រទេសចិន មិនបានបង្ហាញខ្លួននៅក្នុងទីសាធារណៈទេ ចាប់តាំងពីចូលរួមវេទិកាមួយនៅខែតុលានៅឯសៀងហៃ ដែលពេលនោះគាត់បានស្តីបន្ទោសប្រព័ន្ធច្បាប់របស់ចិននៅក្នុងសុន្ទរកថា ហើយវាធ្វើឱ្យគាត់ប៉ះទង្គិចគ្នាជាមួយក្រុមមន្ត្រី។ ជាលទ្ធផល ចិនបានផ្អាក IPO ចំនួន 37ពាន់លានដុល្លាររបស់ក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា វត្តមានជាចៅក្រមរបស់លោក Ma ត្រូវបានជំនួសដោយអ្នកផ្សេង នៅក្នុងវគ្គចុងក្រោយក្នុងខែវិច្ឆិកា នៃកម្មវិធីហ្គេមសម្រាប់សហគ្រិនដែលមានឈ្មោះថា Africa’s Business Heroes។
អ្នកនាំពាក្យក្រុមហ៊ុន Alibaba បានប្រាប់ Reuters កាលពីថ្ងៃច័ន្ទថា ការផ្លាស់ប្តូរនេះគឺដោយសារតែភាពមមាញឹកនៃកាលវិភាគ ហើយអ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
ទោះបីជាព័ត៌មានអំពីការបាត់មុខរបស់លោក Ma ពីទីសាធារណៈបានបង្កឱ្យផ្ទុះជាការងឿងឆ្ងល់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Twitter ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនក៏ដោយ ក៏រឿងនេះមិនមែនជាប្រធានបទដែល trending នៅលើបណ្តាញសង្គមនៅក្នុងប្រទេសចិនដីគោកនោះទេ ព្រោះតែប្រធានបទរសើបត្រូវបានបំបិទដោយ censorship ។
និយតករចិនបានបង្ក្រាបលើអាជីវកម្មរបស់លោក Ma ចាប់តាំងពីសុន្ទរកថាខែតុលារបស់លោក ដោយបានបើកការស៊ើបអង្កេតប្រឆាំងនឹងទំនុកចិត្តលើក្រុមហ៊ុន Alibaba និងបញ្ជាឱ្យ Ant បង្រួមទំហំអាជីវកម្មហិរញ្ញវត្ថុផ្សេងៗទៀតរបស់ខ្លួនមកភាពដើមវិញ។
លោក Duncan Clark ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់បច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងប្រទេសចិន បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាគាត់ត្រូវបានគេប្រាប់មិនឱ្យចេញមុខ។» លោកបានមានប្រសាសន៍ទៀតថា៖ «នេះគឺជាស្ថានភាពប្លែកមួយដែលទាក់ទងទៅនឹងទំហំអាជីវកម្មរបស់ Ant Group និងភាពប្រែប្រួលលើបទប្បញ្ញត្តិហិរញ្ញវត្ថុ។»
គួរបញ្ចាក់ផងដែរថា ភាគហ៊ុន Alibaba ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានធ្លាក់ចុះ 2.15% កាលពីថ្ងៃច័ន្ទ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]