ម្សៅ​Baking Soda ​មិន​ត្រឹម​តែ​​ជា​គ្រឿង​​ចម្អិន​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​​ក៏​​ជា​​រូប​មន្ត​ពិសេស​ក្នុង​ការ​ថែទាំ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ចង់​ប្រើប្រាស់​ម្សៅ​Baking Soda​នេះ​ នៅ​លើ​ស្បែក​មុខ​ យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ ​ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ដ៏​ស្រស់​ផូរផង់​របស់​យើង​ទៅ​ជា​ស្ងួត​បាន​។​

​​​​​​១.ការ​រ​ប្រើ​ម្សៅ ​Baking Soda ​សម្រាប់​ព្យាបាល​មុន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជួយ​ជម្រុះ​​កោសិកា​ចាស់ៗ 

វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ​​នៃ​ស្បែក​ ដើម្បី​ធ្វើ​ឲ្យ​រន្ធ​រោម​​គ្មាន​ការ​កក​ស្ទះ​ និង​​​បញ្ចៀស​​ការ​កើត​មុន​ក្បាល​ខ្មៅ​ មុន​ក្បាល​ស​ និង​​មុន​កន្ទួល​ក្រហម​ខ្ទុះ​​​ជាដើម​។

  • ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក

ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ វា​ជួយ​​ព្យាបាល​ការ​រលាក​ស្បែក​តិច​តួច​ ដូចជា​កន្ទួល​ ឬ​សត្វ​ទិច​។ល។​ ដូច្នេះ​ហើយ​ វា​អាច​ជួយ​ព្យាបាល​បញ្ហា​មុន​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​​ផង​ដែរ​។

  • តុល្យភាព​កម្រិតpHនៃ​ស្បែក

កម្រិត​pH​នៃ​ស្បែក​ជា​ទូទៅ​ គឺ​​មាន​ចន្លោះ​ពី​៤,៥​ ដល់​៥,៥។​ ម្សៅ Baking Soda ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ការពារ​ស្បែក​ពី​ពពួក​បាក់តេរី​ និង​ជាតិ​ពុល​ផ្សេងៗ​។​ ប្រសិនបើ​ស្បែក​​មាន​ជាតិ​អាស៊ីដ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ជាតិ​ខ្លាញ់​ធម្មជាតិ​នៃ​ស្បែក​ច្រើន​ជ្រុល​ ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​ការ​កើត​មុខ​ និង​ស្ទះ​រន្ធញើស​។​ ហើយ​ម្សៅ Baking Soda ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​កម្រិតpHនៃ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​។

​​​​២.ផល​ប៉ះពាល់​នៃ​ម្សៅ Baking Soda ប្រសិន​បើ​យើង​ប្រើប្រាស់​​មិន​ត្រឹមត្រូវ​​

​កម្រិតpH​នៃ​ម្សៅ Baking Soda​គឺ​ប្រហែល​ជា​៩។​ ដូច​នេះ​ ​ការ​ប្រើប្រាស់​វា​នៅ​លើ​ស្បែក​ដោយ​ពុំ​មាន​ការ​ប្រុងប្រយ័ត្ន​អាច​​មាន​ផល​ប៉ះពាល់​ដល់​កម្រិតpH​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​បាន​​​ ដែល​អាច​បង្ក​ទៅ​ជា​ស្ងួត​ រោល​ និង​រលាក​ស្បែក​​​។​ ម្យ៉ាង​វិញ​ទៀត​ ​ការ​ថយ​ចុះ​នៃ​កម្រិតpH​នៃ​ស្បែក​ អាច​បណ្ដាល​ឲ្យ​​កើត​មាន​ស្នាម​ជ្រីវជ្រួញ​​មុន​វ័យ​ និង​​កើត​មុន​​​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ​​។​ ​​ទោះ​បី​ជា​ម្សៅ Baking Soda​មាន​អត្ថ​ប្រយោជន៍​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​វា​ដោយ​ប្រុង​ប្រយ័ត្ន​​។

៣.​របៀប​ប្រើប្រាស់​

​​​​​ប្រសិន​បើ​យើង​ចង់​ប្រើប្រាស់​ម្សៅ Baking Soda​នេះ​ យើង​ត្រូវ​ដឹង​អំពី​កម្រិត​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​លើ​ស្បែក​របស់​យើង​ជា​មុន​សិន​។​ ជាតិ​ខ្លាញ់​​នៃ​ស្បែក​កាន់​តែ​ច្រើន​ ​​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​វា​កាន់តែ​តិច​។​ ប៉ុន្តែ​ ប្រសិន​បើ​យើង​មាន​ស្បែក​ស្ងួត​ និង​ងាយ​ប្រតិកម្ម​វិញ​នោះ​ យើង​មិន​គួរ​ប្រើប្រាស់​វា​នោះ​ទេ។​ ការ​​ប្រើប្រាស់​ម្សៅ Baking Soda​នៅ​ក្នុង​បរិមាណ​តិចតួច​ ​និង​មិន​ញឹកញាប់​ គឺ​ពុំ​មាន​ផល​ប៉ះពាល់​ឡើយ​។​ ​

យើង​អាច​​​លាយ​ម្សៅ Baking Sodaមួយ​ ឬ​ពីរ​ស្លាប​ព្រា​ និង​បន្ថែម​ទឹក​​បន្តិច​ ដើម្បី​បង្កើត​ជា​ល្បាយ​ រួច​​លាប​វា​នៅ​លើ​កន្លែង​ដែល​មាន​បញ្ហា​​។​ ចូរ​កុំ​លាប​វា​ពេញ​ផ្ទៃ​មុខ​ដូច​​ជា​​ម៉ាស​បិទ​មុខ​ឲ្យ​សោះ​។​ បន្ទាប់​មក​ យើង​ត្រូវ​ទុក​វា​ចោល​រយៈពេល​៥ ទៅ​១០​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ណៗ​​ជា​ការ​ស្រេច​។​ យើង​អាច​ប្រើប្រាស់​ម្សៅ Baking Soda​នេះ​ តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ​ ​និង​ត្រូវ​ថែទាំ​ស្បែក​ឲ្យ​មាន​សំណើម​​ជានិច្ច​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]