អាមេរិក៖ លិខិតដ៏កម្រមួយដែលសរសេរដោយវេជ្ជបណ្ឌិតដែលបានព្យាបាល ណាប៉ូឡេអុង បូណាប៉ាត បានបង្ហាញពីអាការៈដែលមេទ័ពរូបនេះហើយក៏ជាអធិរាជបារាំងផងដែរ បានទទួលរងនូវជំងឺនិងការឈឺចាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុននឹងគាត់ស្លាប់។ លិខិតនោះចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៨១៨ ត្រូវបានសរសេរដោយគ្រូពេទ្យវះកាត់ជនជាតិអេឡង់ លោក Barry Edward O'Meara ដែលបានព្យាបាល ណាប៉ូឡេអុង នៅពេលដែលគាត់កំពុងនិរទេសខ្លួន នៅលើកោះដាច់ស្រយាលអាត្លង់ទិកខាងត្បូង St. Helena។
សំបុត្រមួយនេះបានបង្ហាញពីសុខភាពទ្រុឌទ្រោមរបស់ ណាប៉ូឡេអុង ដែលគាត់កំពុងទទួលរងការឈឺសន្លាក់យ៉ាងធ្ងន់ធ្ងរ រួមទាំងឈឺក្បាល ឈឺចាប់នៅដៃផ្នែកខាងស្ដាំរបស់គាត់ គ្រុនក្ដៅគួរឲ្យកត់សម្គាល់ ជីពចរលោតញាប់ ការថប់អារម្មណ៍និងមានសម្ពាធ។ នៅក្នុងលិខិតមួយនេះដែលត្រូវបានដាក់លក់ដេញថ្លៃដោយ Heritage Auctions នៅរដ្ឋ Texas ទៅឲ្យជនជាតិអង់គ្លេសម្នាក់ដែលមិនបញ្ចេញឈ្មោះ ក្នុងតម្លៃ២,០០០ដុល្លារ ក៏មានបញ្ជាក់ផងដែរថា លោកគ្រូពេទ្យ O'Meara ក៏បានដកធ្មេញខាងឆ្វេងផ្នែកខាងលើរបស់ ណាប៉ូឡេអុង ចេញ បន្ទាប់ពីរូបគាត់មានអាការៈឈឺធ្មេញ។
បើយោងតាមក្រុមប្រវត្តិវិទូបានឲ្យដឹងថា អធិរាជបារាំងរូបនេះនិងលោកគ្រូពេទ្យ O'Meara គឺជាមិត្តភក្ដិនឹងគ្នា ដែលក្រោយមករូបគាត់បានក្លាយជាគ្រូពេទ្យវះកាត់ជាន់ខ្ពស់ នៅលើនាវាចម្បាំង HMS Bellerophon នៅពេល ណាប៉ូឡេងអុង បានចុះចាញ់នៅឆ្នាំ១៨១៥ បន្ទាប់ពីការបរាជ័យរបស់ ណាប៉ូឡេអុង នៅឯសមរភូមិ Waterloo។
ប្រវត្តិវិទូបាននិយាយថា ណាប៉ូឡេអុង បានស្នើសុំឲ្យលោក O'Meara ធ្វើជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនក្នុងអំឡុងពេលនិរទេសខ្លួន។ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាឲ្យលោក O'Meara វិលត្រឡប់មកវិញ នៅក្នុងខែកក្កដា ឆ្នាំ១៨១៨។ ណាប៉ូឡេអុង ដែលគ្រប់គ្រងប្រទេសបារាំងអស់រយៈពេល១៥ឆ្នាំ បានទទួលមរណភាពនៅលើកោះ St. Helena ក្នុងឆ្នាំ១៨២១ ហើយត្រូវបានសាធារណជនជឿថា គាត់បានស្លាប់ដោយសារជំងឺមហារីកក្រពះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]