អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចែករំលែកសារដំបូងរបស់លោកនៅលើបណ្តាញសង្គម Twitter ក្រោយពីគណនីរបស់លោកត្រូវបាន Twitter ប្លុកដោយសារកុបកម្មនៅថ្ងៃពុធ នៅឯវិមានកាពីតូលសហរដ្ឋអាមេរិក។ Twitter បាននិយាយកាលពីថ្ងៃពុធថា លោកត្រាំនឹងមិនអាចធ្វើការបង្ហោះពីគណនីរបស់គាត់បានទេ រហូតដល់រយៈពេល 12ម៉ោងបន្ទាប់ពីគាត់លុបចោលសារចំនួនបីដែលរំលោភច្បាប់ Twitter។ ហើយឥឡូវនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចបង្ហោះសារបានវិញហើយ បន្ទាប់ពីផុតម៉ោងកំណត់មក។ 

Screenshot ពីវីដេអូលោក Trump
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ត្រាំ បានចែករំលែកសារជាវីដេអូមួយ ទទួលស្គាល់រដ្ឋបាលថ្មីដែលនឹងចូលកាន់តំណែង និងជំរុញឱ្យមានភាពស្ងប់ស្ងាត់។ លោក ត្រាំ បាននិយាយថាលោកបានរកគ្រប់មធ្យោបាយផ្លូវច្បាប់ ដើម្បីប្រកួតប្រជែងនឹងលទ្ធផលនៃការបោះឆ្នោត ដោយមានគោលបំណងតែមួយគត់ គឺដើម្បីធានានូវភាពត្រឹមត្រូវនៃការបោះឆ្នោត។ ខណៈពេលដែលលោកបាននិយាយថាលោកជឿជាក់ថាច្បាប់បោះឆ្នោតត្រូវតែធ្វើកំណែទម្រង់ លោកក៏បានទទួលស្គាល់លទ្ធផលដែលបញ្ជាក់ពីសភា ហើយថានឹងមានការផ្ទេរអំណាច។

នៅក្នុងវីដេអូ លោក ត្រាំ បាននិយាយថា៖ «ឥឡូវមានភាពស្ងប់ស្ងាត់ឡើងវិញហើយ។ យើងត្រូវតែនាំអាមេរិកដើរទៅមុខទៀត។ រដ្ឋបាលថ្មីនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី20 ខែមករា។ ឥឡូវនេះគឺខ្ញុំផ្តោតលើការធានាឱ្យមានការផ្ទេរអំណាចដោយរលូន និងមានសណ្តាប់ធ្នាប់។ ពេលនេះទាមទារឱ្យយើងមានការព្យាបាល និងការផ្សះផ្សាឡើងវិញ។»

លោក ត្រាំ ក៏បានថ្កោលទោសក្រុមកុបកម្មដែលបានសម្រុកចូលនៅវិមានកាពីតូលកាលពីថ្ងៃពុធផងដែរ។ លោក ត្រាំ បាននិយាយក្នុងវីដេអូថា៖ «ចំពោះអ្នកដែលចូលរួមក្នុងអំពើហិង្សា និងការបំផ្លាញ អ្នកមិនតំណាងឱ្យប្រទេសរបស់យើងទេ។ ហើយចំពោះអ្នកដែលល្មើសនឹងច្បាប់ អ្នកនឹងត្រូវសងវិញ។»

វីដេអូក៏បានបង្ហោះលើ YouTube របស់លោកផងដែរ

សាររបស់លោក ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកសភាជាច្រើនស្តីបន្ទោសលោក ថាបានអំពាវនាវឱ្យអ្នកគាំទ្រធ្វើការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត។ ក្រុមអ្នកគាំទ្រលោក ត្រាំ ដែលកាន់ទង់ជាតិ និងពាក់អាវដែលមានឈ្មោះលោកបានសម្រុកចូលទៅក្នុងសភាកាពីតូលកាលពីថ្ងៃពុធ ហើយនៅក្នុងភាពវឹកវរនេះមានមនុស្សម្នាក់ត្រូវបានបាញ់សម្លាញ់ដោយប៉ូលិសកាពីតូល។

Twitter បាននិយាយថា ខ្លួនបានប្លុកលោក ត្រាំ ចេញដោយសារលោកបានបង្ហោះ tweet ដែលបានរំលោភគោលការណ៍របស់ខ្លួន។ មុនដំបូងលោក ត្រាំ បានស្នើសុំឱ្យអ្នកគាំទ្ររបស់លោកកុំប្រើអំពើហិង្សា ប៉ុន្តែក្រោយមកលោកបានបង្ហោះសារជាវីដេអូមួយដោយធ្វើការអះអាងជាថ្មីថាការបោះឆ្នោតត្រូវបានគេលួច ហើយបាននិយាយគាំទ្រចំពោះក្រុមបាតុករទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]