ភ្នំពេញ៖ ឆ្នាំចាស់២០២០ កន្លងផុតទៅ ឆ្នាំថ្មីក៏បាន ចូលមកដល់ឆ្នាំ២០២១ ដែលឆ្នាំខ្មែរ ត្រូវជាឆ្នាំ«ឆ្លូវ» តំណាងសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ជារៀងរាល់ឆ្នាំ នៅពេលដែលឆ្នាំចាស់ កន្លងផុតទៅ ចូលដល់ឆ្នាំថ្មី ក៏ជាពេលដែល អ្នកមានជាប់ សែស្រឡាយចិន ភាគច្រើនទៅ ទស្សន៍ទាយពី ជោគជតារាសី ឆ្នាំឆុង ប្រចាំឆ្នាំនីមួយៗ ផងដែរ។
ជោគជតារាសីនេះគឺ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលមាន ការជឿជាក់លើក្បួនហ៊ុងស៊ុយ ព្រោះប្រសិន បើបានដឹងជាមុនថា ឆ្នាំថ្មីឆុងនឹង ឆ្នាំណាខ្លាំងជាងគេ ឬក៏ក្នុងឆ្នាំថ្មីនេះ ឆ្នាំរបស់ខ្លួនមានគ្រោះ ឬក៏មានជា ការហាមប្រាណ អ្វីណាមួយនោះគឺ ពួកគេនឹងអាច បានដឹងមុន ធ្វើការរំដោះគ្រោះ នឹងចៀសវាង ធ្វើរឿងទាំងឡាយណា ដែលកាត់លាភ បង្កគ្រោះមកកាន់ខ្លួន និងក្រុមគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ឆ្នាំថ្មីនេះ បើតាមការលើកឡើង របស់លោកគ្រូ កុកឡុង គឺជា លោកគ្រូចិនសែ ដ៏ល្បីឈ្មោះមួយរូបនោះ លោកគ្រូ បានមានប្រសាសន៍ថា អ្នកដែល មានឆ្នាំឆុង ត្រូវតែប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ជៀសវាង មានបញ្ហានានា ដល់អាយុជីវិត ខាតបង់អស់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់សុខភាព ការរកស៊ី និងការធ្វើដំណើរ ទៅណាមកណាជាដើម។
ខាងក្រោមនេះ ជាជោគជតារាសី សម្រាប់ឆ្នាំទាំង១២ ប្រចាំឆ្នាំ«ឆ្លូវ» នេះ ៖
១. ឆ្នាំជូត
ឆ្នាំជូត នៅក្នុងឆ្នាំនេះ គឺមានរាសីខ្ពស់ ខុសពីឆ្នាំមុន ដូច្នេះហើយ ឆ្នាំជូត នៅក្នុងឆ្នាំនេះ នឹងល្អប្រសើរ ឡើងវិញ។ ប្រសិនបើ អ្នកធ្វើការត្រូវតែ ចេះងើយស្កក ឱនដាក់គ្រាប់ ហើយកុំធ្វើឱ្យ ចៅហ្វាយនាយ ទាស់ចិត្តឱ្យសោះ ត្រូវតែ ពុះពារឧបសគ្គ និងត្រូវតែប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ចំពោះការងារ។ ឆ្នាំជូត នៅក្នុងឆ្នាំនេះ ឆុងជាមួយ ឆ្នាំ មមី មមែ និង ច ដូច្នេះហើយ មិនត្រូវ ទៅសួរសុខទុក្ខ អ្នកជំងឺ ឈឺធ្ងន់ ដែលកើត ចំឆ្នាំទាំង៣នេះទេ ព្រោះនឹងធ្វើឱ្យអ្នក ឆ្លងជំងឺនោះ រីឯ ខែដែល ឆុងខ្លាំង គឺនៅក្នុង ខែ៦ និងខែ១២។
២. ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាឆ្នាំដែលជាន់ឆ្នាំ ដូច្នេះហើយ បើស្ងប់ស្ងាត់បានក៏ល្អ កុំធ្វើសកម្មភាព ខ្លាំងក្លាពេក ព្រោះថា ជាឆ្នាំដែលឆុង វាងាយ នឹងធ្វើឱ្យ មានការខូចខាត ទ្រព្យសម្បត្តិ ឬមួយក៏មាន សមាជិកគ្រួសារ មានរបួសបន្តិចបន្តួច និងតំណម គឺត្រូវហាម មានការឈ្លោះប្រកែកគ្នា។ ប្រសិនបើ មានទំនាស់ គឺត្រូវតែ ដោះស្រាយគ្នា ដោយសន្តិវិធី ជាពិសេសរវាងប្តីប្រពន្ធ កុំឱ្យមាន ការផិតក្បត់គ្នា ឈ្លោះឬប្រច័ណ្ឌគ្នា ផ្តេសផ្តាស។ ឆ្នាំឆ្លូវ គឺឆុងខ្លាំង ជាមួយនឹងឆ្នាំ មមែ ហើយត្រូវតែ ប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងខែ ៧និងខែ១០។
៣. ឆ្នាំខាល
ឆ្នាំខាលចំពោះ មនុស្សប្រុសគឺល្អ ប៉ុន្តែចំពោះ មនុស្សស្រី គឺមិនល្អនោះទេ។ ត្រូវប្រុងប្រយ័ត្ន កុំឱ្យមាន ការផិតក្បត់គ្នា ហើយប្តី ក៏កុំមាន ការប្រច័ណ្ឌហួសហេតុ។ ចំពោះអ្នកដែលកើត ឆ្នាំខាលនេះ ទាំងស្រីនិងប្រុស គឺហាមដាច់ខាត លេងល្បែង អបាយមុខ ព្រោះប្រសិនបើលេង ប្រាកដជាចាញ់ ហើយនឹងធ្វើឱ្យ ខាតបង់ទ្រព្យសម្បត្តិ ច្រើនទៀតផង។ ចំពោះ ឆ្នាំខាល ប្រសិនបើដល់គូរហើយ អាចរៀបអាពាហ័ពិពាហ៍បាន ក្នុងឆ្នាំនេះ ប៉ុន្តែហាមដាច់ខាត រៀបអាពាហ័ពិពាហ៍ នៅក្នុងឆ្នាំ២០២២ ព្រោះជាឆ្នាំ ដែលជាន់ឆ្នាំ លើសពីនេះ ត្រូវប្រយ័ត្ន នៅក្នុងខែ ២ ៣ និងខែ ៧។
៤. ឆ្នាំថោះ
ឆ្នាំនេះ ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ចំពោះសុខភាព។ ឆ្នាំថោះ ត្រូវជៀសឱ្យបាន ការទៅ ចូលរួមបុណ្យសព បើជៀស មិនបានទេនោះ គួរតែអង្គុយ ឱ្យឆ្ងាយ ពីក្តារមឈូស ជាពិសេស ការចូលបច្ច័យបុណ្យ ក៏មិនត្រូវ ឱ្យមានលេខចុង លេខ៩ ១ ៣ ៥ និងលេខ៧ ឱ្យសោះ ហើយឆ្នាំថោះនេះ ឆុងខ្លាំង នៅក្នុងខែ ៦ និងខែ៩។ មិនត្រូវ មានការចំណាយ ច្រើនជាង ចំណូលនោះទេ។
៥. ឆ្នាំរោង
ឆ្នាំរោង ចំពោះមនុស្សស្រី គឺល្អខ្លាំងណាស់ រីឯមនុស្សប្រុស មិនសូវជាល្អ នោះទេ។ មនុស្សប្រុស ត្រូវប្រយ័ត្ន ចំពោះស្រី ស្រា និងបារី ហើយជាពិសេស មិនត្រូវឈ្លោះគ្នា ជាមួយឳពុកនោះទេ ព្រោះអាចធ្វើឱ្យគាត់ខឹង និងអាចបណ្តាលឱ្យគាត់ គាំងបេះដូងបាន ដូច្នេះហើយ គួរតែដោះស្រាយ ដោយសន្តិវិធី។ រីឯអ្នកដែលធ្វើការ នៅក្នុងនយោបាយ នៅក្នុងឆ្នាំនេះ ងាយនឹងឡើងដំណែង។ ចំពោះមនុស្សស្រី ក៏ត្រូវប្រយ័ត្ន ចំពោះអ្នកផ្ទះផង ព្រោះអាចមានសមាជិក ណាម្នាក់ឈឺធ្ងន់ ហើយអាច នឹងឈានដល់ ការកាន់ទុក្ខ ទៀតផង។
៦. ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ នៅក្នុងឆ្នាំនេះ គឺល្អខ្លាំងណាស់។ ប៉ុន្តែ ប្រសិន បើខំបន្តិច ប្រាកដជា មានអ្នកមានបុណ្យ មកជួយ ហើយយល់ល្អ កុំចេះដឹង រឿងគេជាពិសេស រឿងប្តីប្រពន្ធគេ។ កុំទុកចិត្ត មនុស្សក្បែរខ្លួនពេក ព្រោះគេ អាចនឹងឆ្លៀតឱកាស វាយប្រហារ អ្នកពីក្រោយខ្នង បណ្តាលឱ្យអ្នក ធ្វើបុណ្យបានបាប។ ម្យ៉ាងវិញ កុំរកស៊ី ចូលហ៊ុន ជាមួយ អ្នកដែលកើតឆ្នាំ កុរ និងខាល ឱ្យសោះ។
៧. ឆ្នាំមមី
អ្នកដែល កើតឆ្នាំមមី មិនត្រូវ ក្អេងក្អាងពេក នោះទេ ព្រោះអាចនឹង ជួបចោរលួច ចោរប្លន់ ឬ ភ្លើងឆេះផ្ទះជាដើម។ លើសពីនេះ ទៅទៀត កុំរកស៊ី ចូលហ៊ុនធំដុំ ជាមួយមនុស្ស ឆ្នាំជូត ឬ ឆ្នាំ ឆ្លូវ ឱ្យសោះ ព្រោះអាចនឹងនាំ ឱ្យអ្នកវេទនា។ ហើយក៏ ត្រូវប្រយ័ត្ន ចំពោះសុខភាព ផងដែរ ជាពិសេស ឆុងនៅចុងឆ្នាំ នៅក្នុង ខែ១២ និងខែ១ ដើមឆ្នាំថ្មី។
៨. ឆ្នាំមមែ
ឆ្នាំមមែ ជាឆ្នាំដែលឆុងខ្លាំង ជាងគេតែមិនមែន ឆុងទាំងអស់នោះទេ ហើយហាមដាច់ខាត មានការសាងសង់ផ្ទះ ប៉ុន្តែបើមានលុយ ទិញផ្ទះស្រាប់បាន។ ចំពោះពិធីបុណ្យសព បើជៀសបាន កុំទៅចូលរួម ឬមួយ ជួយសែង ក្តាមឈូស ព្រោះថា ដើម្បីសុវត្ថិភាពខ្លួនឯង។ ចំពោះ ក្នុងរឿងអាពាពិពារណ៍ គួរតែ កុំធ្វើអ្នកកំដរគេ កុំមើល កូនកម្លោះ កូនក្រមុំ សែនចិន ហើយកុំឱ្យគេ ខ្ចីលុយ ឱ្យសោះ ឬមួយ ក៏ទៅខ្ចីលុយគេ ព្រោះថា ប្រយ័ត្នគ្មានលុយ សងគេ អាចនឹង លក់ទ្រព្យសម្បត្តិ អស់ពីខ្លួន។
៩. ឆ្នាំវក
ឆ្នាំវក នៅក្នុងឆ្នាំនេះល្អ មានគំនិតល្អ អាចបត់បែន តាមកាលៈទេសៈ ហើយនឹងមាន ឱកាសធ្វើជាអ្នកដឹកនាំ។ ចំពោះមនុស្សស្រី ដែលកើតឆ្នាំវក បើស្អាតពេក ភាគច្រើន តែងអភ័ព្វ មានប្តីពូកែ ប្រច័ណ្ឌច្រើន រីឯមនុស្សប្រុស កុំលោភលន់ពេក ហើយកុំឈ្លោះគ្នា ជាមួយគេឱ្យសោះ ព្រោះថាអាចនឹង នាំទុក្ខដល់ខ្លួន។
១០. ឆ្នាំរកា
ឆ្នាំរកា នៅក្នុងឆ្នាំនេះ ល្អណាស់ ចំពោះ អ្នកធ្វើការ នយោបាយ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏ដោយអាចនឹង បានឡើងឋានៈ ឬបុណ្យសក្តិ ប៉ុន្តែក៏ត្រូវ ប្រយ័ត្នចំពោះ សុខភាព និងសុវត្ថិភាព តាមផ្លូវផងដែរ។ បើអាចកុំរកស៊ី ចូលហ៊ុន ជាមួយ អ្នកកើតឆ្នាំថោះ ឱ្យសោះ។
១១. ឆ្នាំច
ឆ្នាំច នៅក្នុង ឆ្នាំនេះ បើសិនជាអាច កុំឆាប់ឆេវឆាវ និងខឹងច្រើន ព្រោះថា នឹងធ្វើឱ្យ ឆាប់ស្លាប់ ជាពិសេស ប្រយ័ត្ន ចោរឆក់ ឬចោរប្លន់ និងកុំរកស៊ី ជាមួយមនុស្សឆ្នាំ រោង ឆ្លូវ ជូត ឬ រកា។ ប្តីប្រពន្ធត្រូវចេះ អធ្យាស្រ័យគ្នា ព្រោះអាច នឹងមាន ការបែកបាក់គ្នា ឆ្នាំនេះអ្នកដែល កើតឆ្នាំច អាចភ្ជាប់ពាក្យបាន តែកុំទាន់រៀបការ ព្រោះជាឆ្នាំឆុង តែអាចរៀបការបាន នៅក្នុងឆ្នាំ ២០២២ និង ២០២៣ ព្រោះរាសី អ្នកដែល កើតឆ្នាំចនឹងមាន យីអ៊ុនឡើងវិញ។
១២. ឆ្នាំកុរ
ឆ្នាំកុរ នៅក្នុងឆ្នាំនេះ ល្អគួរសម ប៉ុន្តែ កុំឆេវឆាវ ខ្លាំងពេក ហើយហាម ដាច់ខាត ក្នុងការ ធ្វើដំណើរ ពេលយប់ នៅចន្លោះ ម៉ោង ៩ ដល់១១យប់ ព្រោះអាច នឹងមានគ្រោះថ្នាក់ ដល់អាយុជីវិត។ លើសពីនេះទៀត ប្រសិនបើ មានការឈ្លោះ ប្រកែកគ្នា កុំចង់ឈ្នះគេឱ្យសោះ ហើយក៏ត្រូវតែ ប្រុងប្រយ័ត្ន ក្នុងការហូបចុក ព្រោះអាចនឹងនាំឱ្យ ប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ផងដែរ។
វិធី រំដោះគ្រោះ របស់អ្នក ឆុងឆ្នាំខ្លាំង ដែលមាន ឆ្នាំ មមី មមែ ច និង រោង៥០ភាគរយនោះ ចំពោះ ម្ហូបអាហារ ដែលត្រូវ សែន គឺជា ម្ហូបបួស ហើយ មិនចាំបាច់ មានស្រា សាច់មាន់ សាច់ជ្រូក និងសាច់ត្រី អ្វីទៀត នោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]