បរទេស៖ គេធ្លាប់ដឹងថាមានការរញ្ជួយនៅលើផែនដីនិងនៅលើភពអង្គារ ប៉ុន្តែព្រះអាទិត្យរបស់យើងក៏លេចចេញសកម្មភាពដែលបណ្ដាលឲ្យមានការរញ្ជួយព្រះអាទិត្យដែរ។ ការស្រាវជ្រាវរបស់អង្គការណាសាបានទម្លាយអាថ៌កំបាំងកាន់តែច្រើនទាក់ទងនឹងព្រឹត្តិការណ៍ និងដើមកំណើតរបស់ព្រះអាទិត្យ។

ដូចព្រឹត្តិការណ៍រញ្ជួយផែនដីដែលបញ្ចេញកម្លាំងសូរសាស្ត្រក្នុងទម្រង់ជារលកអង្កាញ់ វាបានកើតមាននៅលើផ្ទៃរបស់ព្រះអាទិត្យ ប្រៀបដូចរលកនៅលើផ្ទៃទឹក ក្នុងរយៈពេលប៉ុន្មាននាទីជាមួយនឹងអណ្ដាតភ្លើងរបស់ព្រះអាទិត្យ ដែលផ្ទុះពន្លឺ កម្លាំង និងសារធាតុដែលអាចមើលឃើញនៅផ្ទៃផ្នែកខាងក្រៅនៃបរិយាកាសរបស់ព្រះអាទិត្យ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការណាសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រលកដែលលេចចេញនៅលើផ្ទៃរបស់ព្រះអាទិត្យ

ដំបូងឡើយ ក្រុមអ្នកស្រាវជ្រាវគិតថាការរញ្ជួយព្រះអាទិត្យកើតឡើងដោយកម្លាំងរុញច្រានពីបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ ប៉ុន្តែយានអង្កេតរបស់ណាសា Solar Dynamics Observatory (SDO) បានចាប់បានទិន្នន័យនៅពេលវាក្រឡេកឃើញសកម្មភាពនៃការរញ្ជួយព្រះអាទិត្យ ជាមួយរលកអង្កាញ់យ៉ាងចម្លែកលេចចេញពីអណ្ដាតភ្លើងខ្លាំងល្មម នៅក្នុងឆ្នាំ២០១១។ ឧបករណ៍ពីយាន SDO រួមមាន Helioseismic និង Magnetic Imager អាចតាមដានរលកពីការរញ្ជួយព្រះអាទិត្យទៅកាន់តំបន់១,១៣០គីឡូម៉ែត្រខាងក្រោមផ្ទៃព្រះអាទិត្យ។

ក្រុមអ្នកស្រាវជ្រាវទើបតែបានចុះផ្សាយការរកឃើញនេះ នៅចុងឆ្នាំ២០២០។ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចកំណត់បានថា តើការរញ្ជួយនៅលើព្រះអាទិត្យកើតឡើងដោយសារអ្វីនៅឡើយ ប៉ុន្តែលទ្ធផលថ្មីៗនេះអាចនឹងបង្ហាញតម្រុយនៃដើមកំណើតដែលស្ថិតនៅក្នុងផ្ទៃរបស់ព្រះអាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]