កូរ៉េខាងត្បូង៖ បន្ទាប់ពីក្រុមហ៊ុន Hyundai កែសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនដែលបដិសេធវិញថា មិនបានធ្វើការចរចាជាមួយ Apple នោះទេ ឥឡូវនេះស្រាប់តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េបានចេញផ្សាយរបាយការណ៍មកថា ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Apple គ្រោងនឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូនៅខែមីនាឆ្នាំនេះហើយ ហើយនិងចាប់ផ្តើមផលិតនៅដើមឆ្នាំ2024 នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍ក្រុមហ៊ុន Hyundai បានកែសេចក្តីថ្លែងការណ៍និងដកអ្វីដែលនិយាយពាក់ព័ន្ធពី Apple ចេញពីសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយលើកទីមួយ ដោយបានកែវិញថាក្រុមហ៊ុន Hyundai ត្រៀមខ្លួនផលិតរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនណាមួយដែលមានបំណងចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េខាងត្បូងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពឧស្សាហកម្ម របាយការណ៍ចុងក្រោយបាននិយាយថាក្រុមហ៊ុនទាំងពីរនេះគ្រោងនឹងផលិតរថយន្តនៅឯរោងចក្ររបស់ក្រុមហ៊ុន Kia Motors នៅរដ្ឋ Georgia ឬវិនិយោគរួមគ្នាទៅលើរោងចក្រថ្មីមួយនៅសហរដ្ឋអាមេរិកដោយមានផែនការផលិតរថយន្ត100,000គ្រឿងនៅឆ្នាំ2024 នៅឯរោងចក្រដែលមានសមត្ថភាពផលិតក្នុងមួយឆ្នាំ400,000គ្រឿង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kia Motors គឺជាសមាជិករបស់ក្រុមហ៊ុន Hyundai Motors។
តាមរបាយការណ៍បានឱ្យដឹងថាក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញនូវរថយន្តប្រភេទ beta (beta version) របស់ Apple នៅឆ្នាំក្រោយ។
ទាំងក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Apple មិនមានការអធិប្បាយអ្វីនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា ក្រុមហ៊ុន Apple កំពុងតែឈានទៅមុខជាមួយនឹងបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង ហើយមានបំណងផលិតរថយន្តដែលអាចរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មដែលជារបកគំហើញរបស់ខ្លួននៅដើមឆ្នាំ2024៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]