ចិន៖ ក្រុមហ៊ុន search engine ដ៏ធំរបស់ប្រទេសចិន Baidu បានប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត Geely ដើម្បីផលិតរថយន្តអគ្គិសនី (EVs)។Baidu នឹងផ្តល់នូវ «សមត្ថភាពបើកបរឆ្លាតវៃ» ហើយ Geely នឹងផ្តល់ជំនាញខាងរចនា និងផលិត។
Geely គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយរបស់ប្រទេសចិន ហើយក៏ជាម្ចាស់រថយន្ត Volvo និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្ត Mercedes ដែលមានលោក Daimler ជាម្ចាស់ផងដែរ។ ក្រុមហ៊ុនទាំងពីរនឹងប្រកួតប្រជែងមិនត្រឹមតែជាមួយក្រុមហ៊ុន Tesla របស់លោក Elon Musk ប៉ុណ្ណោះទេ តែក៏នឹងប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងចិនជាច្រើនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Robin Li សហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Baidu បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាតាមរយៈការរួមបញ្ចូលជំនាញរបស់ Baidu ក្នុងការដឹកជញ្ជូនឆ្លាតវៃ យានយន្តប្រើអ៊ីនធើណេត និងការបើកបរដោយស្វ័យប្រវត្តិ ជាមួយនឹងជំនាញរបស់ Geely ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេ និងអ្នកផលិតរថយន្តអគ្គិសនីផងដែរនោះ វានឹងធ្វើឱ្យភាពជាដៃគូថ្មីនេះត្រួសត្រាយផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរនាពេលអនាគត។»
ក្រុមហ៊ុន Baidu បានបង្កើតផ្នែកបើកបរដោយគ្មានតៃកុងឈ្មោះថា Apollo ក្នុងឆ្នាំ2017 ដែលភាគច្រើនផ្គត់ផ្គង់បច្ចេកវិទ្យាបំពាក់ដោយបញ្ញាសិប្បនិម្មិត (artificial intelligence) និងធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងចិនមួយចំនួន។
ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា មានរថយន្តអគ្គិសនីចំនួន7.2លានគ្រឿងបើកបរនៅលើដងផ្លូវទូទាំងពិភពលោកនៅឆ្នាំ2019 ដោយក្នុងនោះ47ភាគរយគឺនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យ S&P Platts បានប៉ាន់ស្មានថារថយន្តដែលប្រើថាមពលថ្មី នឹងមានចំណែក20%នៃការលក់រថយន្តថ្មីសរុបនៅក្នុងប្រទេសចិននៅឆ្នាំ2025។
លោក Li បានមានប្រសាសន៍ថា៖ «ប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី ហើយយើងកំពុងមើលឃើញថាអតិថិជនរថយន្តអគ្គិសនីកំពុងទាមទារយានយន្តជំនាន់ក្រោយឱ្យមានភាពវៃឆ្លាតជាងមុន»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]