មនុស្សពីរនាក់ស្រឡាញ់គ្នា ការឈ្លោះទាស់គ្នា ខឹង ងរងក់ដាក់គ្នា វាគឺជារឿងធម្មតាទេ ព្រោះទោះប្ដីប្រពន្ធនៅជាមួយគ្នាយូរឆ្នាំ ក៏គង់តែមានពេលមិនយល់ពីគ្នា ឈ្លោះគ្នាដែរ។ តែយ៉ាងណាមិញ ការឈ្លោះទាស់ មិនមែនជាបញ្ហាសម្រាប់គូស្នេហ៍ ឬប្ដីប្រពន្ធនោះឡើយ ផ្ទុយទៅវិញ ការដែលរស់នៅជាមួយគ្នា ឬទាក់ទងគ្នា មិនមានជំនឿចិត្ត ការទុកចិត្ត ឬជឿជាក់លើគ្នាទេ ទោះបីមានការផ្សះផ្សាប៉ុន្មានដង ក៏គង់តែដល់ពេលមួយដែលត្រូវបែកគ្នាជាមិនខាន។
ស្នេហា ការស្រឡាញ់ ទំនាក់ទំនង រស់នៅជាមួយនឹងគ្នារាល់ថ្ងៃ បើមានការប្រចណ្ឌ ហួងហែង ជាពិសេសគឺការសង្ស័យមិនចេះចប់សោះ នោះហើយជាដើមហេតុចម្បង ដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នក នឹងឈានដល់ការបែកបាក់នៅថ្ងៃណាមួយ។ លើសពីនេះ ការដែលអ្នកចេះតែសង្ស័យលើដៃគូ វាក៏ជាការបើកឱកាសឱ្យអ្នកផ្សេងគេចូលមកជ្រៀតជ្រែក អុចអាល ចាក់រុកដល់អ្នកទាំងពីរផងដែរ។
សូមចាំថា ការដែលអ្នកមិនមានទំនុកចិត្តចំពោះគ្នា វាគឺជាការសាងនូវស្ថានភាពចាក់ស្មុគ រឿងរ៉វាមិនចេះឈប់ អ្វីដែលសំខាន់គឺអ្នកដទៃងាយនឹងផ្លុំត្រចៀកអ្នកទាំងពីរណាស់។
ពេលខ្លះ មនុស្សពីរនាក់ស្រឡាញ់គ្នាខ្លាំង តែបណ្ដោយឱ្យអារម្មណ៍សង្ស័យ តាមដានដៃគូគ្រប់ពេល គ្រប់រឿង វាជាបញ្ហា ហើយក៏ជាការមិនគោរព ឱ្យតម្លៃដៃគូផងដែរ។ គ្មានមនុស្សណាចង់រស់នៅជាមួយមនុស្សដែលតែងតែមានការសង្ស័យ មិនឱ្យតម្លៃគ្នាបែបហ្នឹងនោះទេ វាជាសម្ពាធផ្លូវចិត្ត ប៉ះពាល់ផ្លូវអារម្មណ៍ នៅជាមួយគ្នាគ្មានសេចក្ដីសុខ គ្មានភាពរីករាយនោះឡើយ។ ដូច្នេះហើយ បើសម្រេចចិត្តថាស្រឡាញ់គ្នា ចង់រស់នៅជាមួយគ្នាមួយជីវិត សូមកុំសង្ស័យលើគ្នាជ្រុលហួសហេតុពេក កុំចេះតែតាមដានសួរនាំគ្រប់រឿង ព្រោះវាគួរឱ្យធុញខ្លាំង៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]