បរទេស៖ ក្រុមហ៊ុន Razer បានអះអាងថានឹងបង្កើតម៉ាសវៃឆ្លាតជាងគេលើលោក ដែលជាប្រភេទម៉ាស N95 កែប្រែឡើងវិញ ដោយដាក់ឈ្មោះថា Project Hazel។ វាជាគំរូកែច្នៃជាមួយសំបកខាងក្រៅរលោង ដែលធ្វើពីប្លាស្ទិកមិនជ្រាបទឹកនិងមិនងាយសឹក ហើយវាមានផ្ទៃថ្លាដែលអាចឲ្យមើលឃើញមាត់គ្នាពេលសន្ទនា។ បច្ចុប្បន្ននេះ វាមិនទាន់ភ្ជាប់ជាមួយថ្ងៃបញ្ចេញលក់ឬតម្លៃនៅឡើយទេ។

ក្រុមហ៊ុន Razer ចង់ឲ្យម៉ាស Project Hazel ក្លាយជាប្រភេទម៉ាសវះកាត់ N95 ប៉ុន្តែវាមិនទាន់ទទួលបានការយល់ព្រមឬលិខិតបញ្ជាក់ពីខាងរដ្ឋបាលចំណីអាហារនិងឱសថ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង ឬក៏ពីរដ្ឋបាលសុវត្ថិភាពនិងសុខភាពការងារនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចសំខាន់នៃម៉ាសនេះគឺស្ថិតនៅត្រង់តំបន់កងរង្វង់ទាំងសងខាង។ ពួកវាគឺប្រើសម្រាប់ជាប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឲ្យវាមើលទៅហាក់ដូចជាម៉ាសបែបអនាគត។ ក្រុមហ៊ុន Razer បានអះអាងថាម៉ាស Project Hazel នឹងប្រើកងរង្វង់ប្រព័ន្ធខ្យល់ទាំងនេះ សម្រាប់ច្រោះខ្យល់នៅពេលដកដង្ហើមចូល និងបញ្ចេញ CO2 ពេលដកដង្ហើមចេញ។ ក្រុមហ៊ុនបានបន្ថែមទៀតថា វានឹងត្រងភាគល្អិតនៃខ្យល់៩៥ភាគរយ រួមមានវីរុសពីជំងឺកូវីដ-១៩និងភ្នាក់ងារបង្កជំងឺទូទៅផ្សេងទៀត។

ឧបករណ៍ប្រព័ន្ធខ្យល់ទាំងនេះអាចដោះចេញនិងអាចសាកថ្ម ប៉ុន្តែក្រុមហ៊ុន Razer កំពុងផ្ដល់ព័ត៌មានលម្អិតអំពីកត្ដាសំខាន់ពីរយ៉ាង គឺទី១តើវាអាចប្រើរយៈពេលយូរប៉ុណ្ណា និងទី២តើពេលណាគេគួរតែប្ដូរវាថ្មី។ មីក្រូហ្វូននិងឧបករណ៍បំពងសំឡេងត្រូវបានដាក់បង្កប់ជាមួយប្រព័ន្ធខ្យល់នេះដែរ ដែលវានឹងជួយឲ្យសំឡេងនិយាយចេញមកក្រៅច្បាស់។ ក្រុមហ៊ុន Razer កំពុងធ្វើការជាមួយក្រុមវិស្វកររបស់ក្រុមហ៊ុន THX លើផ្នែកសំឡេងនេះផងដែរ។

ក្រុមហ៊ុន Razer បានបញ្ជាក់ថាម៉ាស Project Hazel គឺមានផាសុកភាព ទោះបីជាមានបច្ចេកវិទ្យាជាច្រើននៅខាងក្នុងវាក៏ដោយ។ ម៉ាសនេះកល់ជុំវិញច្រមុះនិងចង្ការជាមួយនឹងជ័រស៊ីលីកូន ហើយខ្សែរបស់វាអាចកំណត់សម្រាប់ពាក់លើត្រចៀកដែលមនុស្សភាគច្រើននឹងពាក់ត្រូវ (បើទោះបីវាហាក់ដូចជាមានទម្ងន់ធ្ងន់ជាងម៉ាសធម្មតាបន្តិច)។

ជាការពិតណាស់ វាមិនអាចក្លាយជាឧបករណ៍ទាន់សម័យរបស់ក្រុមហ៊ុន Razer បានទេ ប្រសិនបើវាមិនមានភ្លើង Chroma RGB LEDs នោះ។ កងរង្វង់ប្រព័ន្ធខ្យល់នឹងត្រូវបំភ្លឺដោយប្រព័ន្ធភ្លើង ជាមួយនឹងពណ៌ដែលអាចជ្រើសរើសបាន។ នៅទីងងឹត គេអាចកំណត់ភ្លើង LEDs ដោយស្វ័យប្រវត្តិ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]