អាមេរិក៖ YouTube បានលុបចោលវីដេអូថ្មីមួយដែលបានបង្ហោះទៅក្នុងគណនីរបស់លោកប្រធានាធិបតី Trump ពីបទរំលោភគោលការណ៍មាតិការបស់ក្រុមហ៊ុន លើការញុះញង់ឲ្យមានអំពើហិង្សា។ គណនីនេះក៏ត្រូវបានដាក់ strike ផងដែរ ហើយនឹងមិនអាចបង្ហោះមាតិកាថ្មីយ៉ាងហោចណាស់មួយសប្តាហ៍។ គេនៅតែមិនទាន់ច្បាស់ទេថាតើវីដេអូមួយណា ឬមាតិកាវាយប្រហារអ្វី ដែលជម្រុញឱ្យ YouTube ផ្អាកសកម្មភាពគណនីរបស់លោក Trump បែបនេះ។ YouTube បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីមាតិកាវីដេអូនោះទេ។
YouTube និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន The Verge ថា៖ «បន្ទាប់ពីពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់និងមានការព្រួយបារម្ភអំពីការរីករាលដាលនៃអំពើហិង្សាដែលកំពុងកើតមាន យើងបានលុបចោលមាតិកាថ្មីដែលបានបង្ហោះលើឆានែល Donald J. Trump ហើយបានដាក់ strike រំលោភគោលការណ៍របស់យើងក្នុងការញុះញង់ឱ្យមានអំពើហិង្សា។ បើតាមប្រព័ន្ធ strike របស់យើង ឆានែលលោក Trump នឹងត្រូវរារាំងមិនឱ្យបង្ហោះវីដេអូថ្មី ឬធ្វើការផ្សាយផ្ទាល់រយៈពេលយ៉ាងតិចណាស់ 7 ថ្ងៃហើយប្រហែលជាអាចត្រូវបានពន្យារថែមទៀត។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សYouTube ក៏បានលុបចោលវីដេអូពីរ ចេញពីឆានែលផ្លូវការរបស់សេតវិមានផងដែរ មួយគឺវីដេអូមួយដែលលោក Trump កំពុងនិយាយទៅកាន់អ្នកយកព័ត៌មាន និងវីដេអូមួយទៀតគឺពេលដែលលោកកំពុងធ្វើការនិយាយពីជញ្ជាំងព្រំដែន វីដេអូទាំងពីរនេះត្រូវបានដកចេញហើយ។
YouTube ក៏បានបិទផ្នែកបញ្ចេញមតិយោបល់នៅលើវីដេអូរបស់លោក Trump ដែរដោយសារតែការព្រួយបារម្ភអំពីអំពើហិង្សា ដែល YouTube និយាយថាខ្លួនក៏ធ្លាប់ធ្វើដូច្នេះចំពោះឆានែលផ្សេងៗទៀតដែរ។ ការដាក់ Strike លើកទី2លើគណនីណាមួយ គណនីនោះនឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល2សប្តាហ៍ ហើយបើ Strike លើកទី3គណនីនោះនឹងត្រូវហាមឃាត់ជាអចិន្ត្រៃយ៍។
ថ្មីៗនេះ YouTube ទើបតែបានលុបចោលវីដេអូមួយរបស់លោក Trump ដែលបានលើកឡើងពីការវាយប្រហាររបស់ក្រុមបាតុករទៅលើវិមានកាពីតូល ហើយក៏បាននិយាយមិនពិតអំពីលទ្ធផលនៃការបោះឆ្នោតផងដែរ។
YouTube មិនមែនជាក្រុមហ៊ុនតែមួយទេដែលប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងប្រធានាធិបតី Trump តែក៏មាន Twitter, Facebook, Instagram និងក្រុមហ៊ុនបណ្តាញសង្គមផ្សេងៗទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]