ខេត្តកំពង់ចាម ៖ ព្រះរាជពិធីទ្វាទសមាសបុណ្យច្រត់ ព្រះនង្គ័លបានប្រារព្ធធ្វើឡើងនៅ លើទីលានបាល់ទាត់ (ស្តាត) ខេត្តកំពង់ចាម នាវេលាព្រឹកថ្ងៃទី២៨ ឧសភា ២០១៣ ត្រូវនឹងថ្ងៃ៤ រោច ខែពិសាខ ស្ថិតក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី និងមានការយាង-អញ្ជើញចូលរួមពីឥស្សរជន នាហ្មឺន មន្ត្រី មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ ប្រជារាស្ត្រ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ប្លែកពីឆ្នាំមុនៗ ដោយសារថា ឆ្នាំមុនៗតែងរៀបចំធ្វើពិធីនេះ ឡើងនៅទីវាលព្រះមេរុ ហៅវាលព្រះមេនជាប់ខាងជើងព្រះ បរមរាជវាំងរាជធានីភ្នំពេញ តែឆ្នាំនេះគឺប្រារព្ធធ្វើនៅខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោកលន់ លឹមថៃ ត្រូវធ្វើជាស្តេចមាឃ និងលោកជំទាវ ស៊្រុន ណាង ជាភរិយា ធ្វើជាព្រះមេហួ ដែលពេលនេះត្រូវគេដង្ហែជុំវិញ ទីព្រះស្រែ (ស្តាតបាល់ទាត់ខេត្តកំពង់ចាម) ។
ឆ្លើយតបនឹងសំណួររបស់មហាគ្រួសារ លោកលន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រូបលោកមានក្តីរំភើបសប្បាយរីករាយខ្លាំងណាស់ ដោយធ្វើជាស្តេចមាឃ តំណាងព្រះមហាក្សត្រ និងភរិយារបស់លោក បានធ្វើជាព្រះមេហួ... ហើយនឹងខិតខំប្រតិបត្តិចំពោះ ព្រះរាជពិធីនេះឱ្យបានល្អ។
សូមរំលឹកថា ព្រះរាជពិធីទ្វាទសមាសបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំ២០១២ បានប្រារព្ធធ្វើឡើងនៅ លើទីវាលព្រះស្រែវាលព្រះមេរុ ហៅវាលព្រះមេន ស្ថិតនៅខាងជើងព្រះបរមរាជវាំង នាព្រឹកថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី៩ ឧសភា ២០១២ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ យាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធី ច្រត់ព្រះនង្គ័លនាឱកាសនោះដែរ មានព្រះសង្ឃរាជទាំងពីរគណៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ឯកអគ្គរាជទូត រដ្ឋទូត ប្រទេសជាមិត្តប្រចាំកម្ពុជា ប្រជារាស្ត្រ និងសិស្សានុសិស្សជាច្រើនកុះករ ។
កាលណោះព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ បានធ្វើជាសម្តេចមាឃ និងម្ចាស់ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីដា ជាព្រះមេហួ ។ ចំណែកលោកទី សុគន្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាន់នង្គ័លនាំមុខ និងនៅខាងក្រោយលោកមាស រ៉េន ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ។
ចំណែកឯព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១១ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២១ ឧសភា លោកសាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ធ្វើជាស្តេចមាឃ ហើយលោកជំទាវ កែ ច័ន្ទមុនី សមាជិការដ្ឋសភាមណ្ឌលកំពង់ឆ្នាំង ធ្វើជាព្រះមេហួ ។
បើនិយាយពីចំណេរកាលនៃព្រះរាជ ពិធីបុណ្យច្រត់ព្រះនង្គ័លគេមិនទាន់ដឹងថា ទំនៀមទម្លាប់ស្តេចច្រត់ ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះ ឬមានមកអំពីបុរាណកាល? តាមសេចក្តីយល់ខ្មែរជាច្រើនថា មានមកអំពីបុរាណកាលម៉្លេះ ។ ពិតមែនតែថា រឿងស្តេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ (ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះ មិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្តីកត់ហេតុឯណានោះទេ ប៉ុន្តែទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្តេចច្រត់ព្រះនង្គ័លនោះធ្លាប់ មានយូរអង្វែងមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ គឺប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលបានស្ថាបនា ប្រទេសកម្ពុជាជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមក ពីប្រទេសឥណ្ឌាភាគខាងត្បូង ដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅហួនទៀន) ជាបឋមក្សត្ររបស់ខ្លួន និងព្រះ បាទកោណ្ឌញ្ញរាជ-ជយវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុង ប្រទេសនេះមិនមែនមកតែខ្លួនទទេនោះទេ បានទាំងនាំយកអារ្យធម៌ គឺលទ្ធិទំនៀម, សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ ។
នេះប្រសិនបើគេព្យាយាមរួបរួម រឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌា មកប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរ គង់តែឃើញត្រូវគ្នាជាច្រើនអន្លើ ។
មានរូប ១-ឈ្មោះពល ទេព ឬហៅ ពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបនេះគេសម្គាល់ឃើញថា សាងឡើងតាំងអំពីសម័យក្រុងនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថា បាន ហើយក្នុងសម័យនោះគង់ មានសាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូប១មាន នៅហោព្រះបញ្ចក្សេត្រ ក្នុងព្រះបរមរាជវាំង ជារូបសំរឹទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់។ រូបមួយទៀតធ្វើដោយថ្មភក់ជា រូបលីនង្គ័លមាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះដែលជាស្នាដៃរបស់ ខ្មែរសាងមាននៅក្នុងមណ្ឌលស្រុក ខ្មែរតាំងពីបុរាណកាលដូច្នេះ ទើបនាំឱ្យយល់ថា ទំនៀមទម្លាប់ច្រត់ព្រះនង្គ័លគង់ មានមកពីបុរាណកាលយ៉ាងតិច ណាស់ក៏ត្រឹមសម័យក្រុងនគរធំដែរ ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]