បរទេស៖ អ្នកជំនាញបានរកឃើញផូស៊ីលឆ្លាមដែលមានអាយុកាល150លានឆ្នាំនៅប្រទេសអាល្លឺម៉ង់ បានផ្តល់ឱ្យពួកគេនូវអ្វីដែលមិនធ្លាប់ដឹងពីមុនមកក្នុងអតីតកាលដ៏វែងឆ្ងាយរបស់ផែនដី។

ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Papers in Palaeontology ដែលពិពណ៌នាអំពីផូស៊ីលឆ្លាម Asteracanthus ដែលរស់នៅចន្លោះពី361លានឆ្នាំទៅ66លានឆ្នាំមុន។ ផូស៊ីលនេះត្រូវបានគេរកឃើញនៅតំបន់ថ្មកំបោរ Solnhofen ក្នុងទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ ដែលតំបន់នេះល្បីល្បាញដោយសារការរកឃើញ archaeopteryx ដំបូងគេ គ្រោងឆ្អឹងឆ្លាមនិងត្រីបបែលជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លាម Asteracanthus គឺជាប្រភេទមួយនៃ Hybodontiformes ដែលជាសាច់ញាតិជិតស្និទ្ធនៃត្រីឆ្លាមនិងបបែលបច្ចុប្បន្ននេះ។ Hybodontiformes មានព្រុយពីរ ហើយខ្លះមានទំហំតូចប្រហែលតែប៉ុន្មានសង់ទីម៉ែត្រ ឯខ្លះទៀតមានទំហំរហូតដល់ជិត3 ម៉ែត្រ។

(ប្រភពរូបភាព៖ Sebastian Stumpf/Fabrizio De Ros)

សេចក្តីថ្លែងការណ៍មួយពីសាកលវិទ្យាល័យ Vienna បានបង្ហាញថា ផូស៊ីលនេះមានគ្រោងឆ្អឹងដែលត្រូវបានរក្សាទុកដូចដើមស្ទើរតែទាំងស្រុងរបស់ត្រីឆ្លាមដែលផុតពូជ Asteracanthus ដែលមានប្រវែងសរុប2ម៉ែត្រកន្លះ ដែលធ្វើឱ្យវាក្លាយជាឆ្លាមយក្សមួយក្នុងចំណោមឆ្លាមសម័យ Jurassic។

ខណៈដែលធ្មេញត្រីឆ្លាមបុរាណត្រូវបានគេរកឃើញពាសពេញពិភពលោកដោយសារតែពួកវាគឺជាឆ្អឹងខ្ចី​ មិនងាយបាត់ទៅណា ផូស៊ីលគ្រោងឆ្អឹងត្រីឆ្លាមវិញគឺកម្ររកឃើញណាស់។ នេះបង្ហាញថាជាជោគជ័យមួយផងដែរ ដែលអ្នកស្រាវជ្រាវប្រទះនូវផូស៊ីលដែលកម្រនេះ។

(ប្រភពរូបភាព៖ Sebastian Stumpf/Fabrizio De Ros)

សាកលវិទ្យាល័យបានបន្ថែមថា ផូស៊ីលឆ្លាម Asteracanthus មានធ្មេញជាង150 ដែលធ្មេញទាំងអស់នោះមានផ្នែកកណ្តាលដុះឡើងយ៉ាងល្អ ហើយនៅអមសងខាងពួគវាគឹមានធ្មេញស្រួចតូចៗជាច្រើន។

អ្នកសិក្សាស្រាវជ្រាវ Sebastian Stumpf ពន្យល់ថា ធ្មេញដែលមានលក្ខណ:ពិសេសនេះបង្ហាញថាឆ្លាម Asteracanthus គឺជាសត្វមំសាសីដែលអាចស៊ីពពួកសត្វជាច្រើនប្រភេទជាអាហារ។ Asteracanthus មិនត្រឹមតែជាត្រីធំជាងគេដែលមានឆ្អឹងខ្ចីនោះទេ ប៉ុន្តែវាក៏ជាត្រីដែលគួរអោយស្ងប់ស្ងែងបំផុតផងដែរ។

(ប្រភពរូបភាព៖ Sebastian Stumpf/Fabrizio De Ros)

សាកលវិទ្យាល័យនេះបានបន្ថែមទៀតថា Asteracanthus ត្រូវបានរកឃើញដំបូងដោយអ្នកស្រាវជ្រាវធម្មជាតិជនជាតិអាមេរិកស្វីសឈ្មោះ Louis Agassiz កាលពី 180 ឆ្នាំមុន។

កាលពីខែវិច្ឆិកា ក្រុមអ្នកស្រាវជ្រាវបានរកឃើញត្រីឆ្លាមដែលមានអាយុ 370 លានឆ្នាំដែលមានធ្មេញចម្លែកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]