បរទេស៖ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា នាឡិកា Smartwatches និងឧបករណ៍ពាក់ពេលរត់ហាត់ប្រាណអាចដើរតួយ៉ាងសំខាន់ក្នុងការរកឃើញកូវីដ-19 នៅដំណាក់កាលដំបូង។ ក្រុមអ្នកស្រាវជ្រាវមកពី Mount Sinai បានរកឃើញថា Apple Watch អាចរកឃើញការផ្លាស់ប្តូរបន្តិចបន្តួចនៃចង្វាក់បេះដូងរបស់អ្នកប្រើប្រាស់ដែលអាចបង្ហាញថាពួកគេមានវីរុសនេះ ក្នុងរយៈពេលមួយសប្តាហ៍មុនពេលពួកគេចេញរោគសញ្ញាទៅទៀត។ មានក្រុមហ៊ុនមួយថែមទាំងបង្កើតឧបករណ៍ពាក់ដៃដែលអាចរកឃើញកូវីដ-19 ទៀតផង ដែលទាំងអស់នេះអាចជួយបញ្ឈប់ការរីករាលដាលនៃជំងឺនេះដោយរក្សាមនុស្សដែលមិនទាន់ចេញរោគសញ្ញាឱ្យនៅផ្ទះ។

នៅក្នុងការសិក្សា “Warrior Watch” អ្នកស្រាវជ្រាវ Mount Sinai បានតាមដានក្រុមបុគ្គលិកថែទាំសុខភាពចំនួន297នាក់នៅចន្លោះថ្ងៃទី29 ខែមេសា ដល់ថ្ងៃទី29 ខែកញ្ញា។ ក្រុមអ្នកចូលរួមក្នុងការសិក្សាទាំងអស់នេះបានពាក់នាឡិកា Apple Watches ដែលមានកម្មវិធីពិសេសអាចវាស់វែងការផ្លាស់ប្តូរអត្រាចង្វាក់បេះដូង (HRV)។ អ្នកឃ្លាំមើលការសិក្សា Robert P. Hirten, MD បាននិយាយថា៖ «នាឡិកាបានបង្ហាញពីការផ្លាស់ប្តូរនៅក្នុងរង្វាស់ HRV រហូតដល់7ថ្ងៃមុនពេលដែលមនុស្សម្នាក់ៗមានលទ្ធផលតេស្តវិជ្ជមាន ដែលបញ្ជាក់ពីការឆ្លងមេរោគកូវីដ-19។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ការសិក្សាស្រាវជ្រាវស្រដៀងគ្នាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Stanford បានរកឃើញថា អ្នកចូលរួមពាក់ឧបករណ៍តាមដានជាច្រើនមកពីក្រុមហ៊ុន Garmin, Fitbit, Apple និងក្រុមហ៊ុនផ្សេងទៀតបានរកឃើញថា 81ភាគរយនៃអ្នកជំងឺដែលធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា មានការផ្លាស់ប្តូរអត្រាចង្វាក់បេះដូងរបស់ពួកគេរហូតដល់9ថ្ងៃកន្លះមុនពេលចាប់ផ្តើមចេញរោគសញ្ញា។

បញ្ហាប្រឈមមួយរបស់កូវីដ-19 គឺថាមនុស្សជាច្រើនមិនមានចេញរោគសញ្ញា មានន័យថាពួកគេគ្មានរោគសញ្ញាប៉ុន្តែនៅតែអាចចម្លងគេបាន។ នេះធ្វើឱ្យមានការលំបាកក្នុងការទប់ទល់នឹងការឆ្លងមេរោគនេះ ដោយប្រើតែវិធីសាស្រ្តទូទៅក្នុងការកំណត់អត្តសញ្ញាណនរណាម្នាក់ដែលឈឺហើយដាក់ពួកគេឱ្យនៅដាច់ពីគេ។

រូបភាព

ក្រុមអ្នកស្រាវជ្រាវនេះមិនមែនជាក្រុមតែមួយគត់ដែលកត់សំគាល់ឃើញថារោគសញ្ញាដំបូងនៃកូវីដ-19 អាចរកឃើញដោយនាឡិកា smartwatch នោះទេ។ នៅមានក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា NeuTigers កើតចេញពីការស្រាវជ្រាវពីសាកលវិទ្យាល័យ Princeton បានបង្កើតផលិតផលបញ្ញាសិប្បនិម្មិត (artificial intelligence) មួយហៅថា CovidDeep ដែលអាចជួយកំណត់អត្តសញ្ញាណមនុស្សដែលមានវីរុសនៅក្នុងស្ថានភាពវេជ្ជសាស្ត្រ ឬកន្លែងថែទាំ។

ក្រុមហ៊ុននេះបានប្រើឧបករណ៍វាស់ស្ទង់អ្នកជំងឺដែលអាចពាក់ដៃបានឈ្មោះថា Empatica E4 ដើម្បីពិនិត្យស្បែក អត្រាចង្វាក់បេះដូង និងសម្ពាធឈាម។ ពេលព័ត៌មានទាំងនោះបានផ្តល់ទៅក្នុង CovidDeep ពួកអ្នកស្រាវជ្រាវអាចរកឃើញវីរុសបានភ្លាមក្នុងអត្រា90ភាគរយដែលត្រឹមត្រូវជាងការពិនិត្យសីតុណ្ហភាពធម្មតាទៅទៀត។ ពួកគេមានគម្រោងផលិតកម្មវិធី app ដែលអាចដំណើរការជាមួយនាឡិការបស់ Fitbit, Withings, Apple, Samsung និង smartwatches ផ្សេងៗទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]