អាមេរិក៖ យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា កាលពីថ្ងៃពុធក្រុមហ៊ុន Amazon បានស្នើថាចង់ជួយរដ្ឋាភិបាលក្នុងការចែកចាយវ៉ាក់សាំង Covid-19 នៅក្នុងលិខិតមួយដែលបានផ្ញើជូនលោកប្រធានាធិបតី Joe Biden។

លិខិតនោះបានផ្ញើនៅពេលដែលក្រុមហ៊ុន Amazon កំពុងធ្វើការទាមទារឱ្យបុគ្គលិកជួរមុខរបស់ខ្លួនមានសិទ្ធិទទួលបានវ៉ាក់សាំង Covid-19 នៅពេលវេលាសមស្របបំផុត ព្រោះបុគ្គលិកជួរមុខរបស់ក្រុមហ៊ុន Amazon បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ជូនទំនិញដល់ផ្ទះអ្នកប្រើប្រាស់ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាសំបុត្រពេញលេញដែលលោក Clark បានផ្ញើទៅឱ្យលោក Biden កាលពីថ្ងៃពុធ៖

ប្រធានាធិបតីអាមេរិក Joe Biden ថ្លែងសុន្ទរកថាបន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី 46 របស់សហរដ្ឋអាមេរិក 

សូមគោរពលោកប្រធានាធិបតី Biden

សូមអបអរសាទរលោក និងអនុប្រធានាធិបតី Harris លើពិធីចូលស្បថកាន់តំណែងផង។ ស្របពេលដែលលោកនឹងចាប់ផ្តើមការងារដឹកនាំប្រទេសចេញពីវិបត្តិ Covid-19 ក្រុមហ៊ុន Amazon នឹងត្រៀមខ្លួនជួយលោកក្នុងការសម្រេចគោលដៅក្នុងការចាក់វ៉ាក់សាំងអោយប្រជាជនអាមេរិក100លាននាក់ ក្នុងរយៈពេល100ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក។

ក្នុងនាមជានិយោ​ជក​​ដ៏ធំជាងគេទី2របស់ប្រទេសនេះ ក្រុមហ៊ុន Amazon មានបុគ្គលិកជាង800,000 នាក់នៅសហរដ្ឋអាមេរិកដែលភាគច្រើនជាបុគ្គលិកសំខាន់ មិនអាចធ្វើការពីផ្ទះបាននោះទេ។ យើងមានមោទនភាពចំពោះតួនាទីរបស់បុគ្គលិកយើង ដែលបានជួយឱ្យអតិថិជនមានសុវត្ថិភាព និងទទួលបានទំនិញនិងសេវាកម្មសំខាន់ៗនៅផ្ទះរបស់ពួកគេ នេះគឺមានសារៈសំខាន់សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងអ្នកដែលងាយនឹងមានផលវិបាកពី Covid-19។ បុគ្គលិកសំខាន់ៗដែលធ្វើការនៅមជ្ឈមណ្ឌលបញ្ជូនទំនិញ Amazon មជ្ឈមណ្ឌលទិន្នន័យ AWS និងហាង Whole Foods Market នៅទូទាំងប្រទេសដែលមិនអាចធ្វើការពីផ្ទះ គួរតែទទួលបានវ៉ាក់សាំង Covid-19 នៅពេលវេលាសមស្របបំផុត។ យើងនឹងជួយពួកគេក្នុងរឿងនោះ។ យើងមានការព្រមព្រៀងជាមួយអ្នកផ្តល់សេវាថែទាំសុខភាពភាគីទីបីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីចាក់វ៉ាក់សាំងនៅឯក្រុមហ៊ុន Amazon របស់យើងផ្ទាល់តែម្តង។ យើងនឹងធ្វើសកម្មភាពភ្លាមៗ នៅពេលដែលវ៉ាក់សាំងមកដល់។ លើសពីនេះទៀត យើងរៀបចំបង្កើនប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន និងសមត្ថភាពទំនាក់ទំនង និងជំនាញរបស់យើងដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងរបស់រដ្ឋបាលលោក។ ដោយទំហំក្រុមហ៊ុនរបស់យើង យើងមានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយយើងនឹងត្រៀមខ្លួនជួយលោកក្នុងការខិតខំនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនេះមក យើងបានខិតខំថែរក្សាបុគ្គលិករបស់យើងឱ្យមានសុវត្ថិភាព។ យើងនឹងប្តេជ្ញាជួយដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងរបស់រដ្ឋបាលរបស់លោក ស្របពេលដែលយើងធ្វើការរួមគ្នាដើម្បីការពារបុគ្គលិករបស់យើង និងបន្តផ្តល់សេវាកម្មចាំបាច់ក្នុងពេលមានជំងឺរាតត្បាតនេះ។

ដោយក្តីគោរព

Dave Clark

នាយកប្រតិបត្តិក្រុមហ៊ុន Worldwide Consumer៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]