មិនថាជាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ការសប្បាយវាជារឿងមួយដែលគ្រប់គ្នាត្រូវការ និងចង់បាន ជាពិសេសគឺស្ថិតក្នុងភាពជាយុវវ័យ ប្រាកដជាមិនអាចរំលងការសប្បាយ ដើលេងស៊ីចាយនៅខាងក្រៅផ្ទះនោះឡើយ។ ដូច្នេះហើយ ចង់ប្រាប់ថា ការដើរលេង ស៊ីចាយ សប្បាយនៅខាងក្រៅផ្ទះ វាជាអ្វីដែលអ្នកនៅលីវអាចធ្វើបាន ព្រោះមិនមានប្ដីប្រពន្ធ មិនមានកូនជាប់ដៃជាប់ជើង។

ប៉ុន្តែសម្រាប់អ្នកដែលរៀបការ មានគ្រួសារ មានប្ដីមានប្រពន្ធនៅក្នុងបន្ទុក អ្នកមិនអាចដើរលេងសប្បាយជាមួយមិត្តភក្តិនៅខាងក្រៅ ដោយមិនខ្វល់ មិនគីតពីមនុស្សដែលនៅក្នុងផ្ទះ ដែលចាំផ្លូវ ចាំបាយទឹកអ្នកនោះឡើយ។ ព្រោះតែហេតុនេះហើយ មុននឹងសម្រេចចិត្តរៀបការ មិនថាមនុស្សស្រី ឬមនុស្សប្រុសនោះទេ អ្នកត្រូវតែប្រាកដចិត្តថា អ្នកបានលះបង់រាល់ការសប្បាយហ៊ឺហា ការដើរលេងខាងក្រៅ ជួបជុំស៊ីផឹក មិត្តភក្តិហើយ ដើម្បីប្ដូរយក សេចក្ដីសុខ ភាពកក់ក្ដៅ និងការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសាររបស់អ្នក។

ជាការពិត នៅក្នុងគ្រួសារមួយអាចមានក្ដីសុខ សុភមង្គលទៅបាន លុះត្រាតែមានគ្រប់ផ្នែកដែលអាចចាប់ផ្ដើមឡើងជាមួយគ្នា គ្រួសារមួយ គឺត្រូវតែមានប្ដី ប្រពន្ធ ម្ដាយ ឪពុក កូននៅជួបជុំគ្នា ទើបអាចបង្កើតបានជាការជួបជុំដ៏កក់ក្ដៅ ហើយក៏ជាអនុស្សាវរីយ៍ និងការចងចាំដ៏មានន័យសម្រាប់គ្រួសាររបស់អ្នកផងដែរ។

យ៉ាងណាមិញ ប្រសិនបើអ្នកមិនអាចលះបង់ការសប្បាយតែម្នាក់ឯង ជាមួយនឹងមិត្តភក្តិខាងក្រៅរបស់អ្នកបានទេ នោះអ្នកក៏មិនគួររៀបការ សាងគ្រួសារនោះឡើយ អ្នកមិនគួរធ្វើឱ្យដៃគូ ឬសមាជិកក្នុងគ្រួសាររបស់អ្នក ត្រូវមកអង្គុយចាំផ្លូវអ្នករាល់ថ្ងៃ រាល់យប់ ដោយការខឹង អន់ចិត្ត លាយឡំនឹងការគិត បារម្ភ ខ្វល់ខ្វាយពីអ្នករាល់ពេលនោះដែរ។ ព្រោះថា ការរៀបការ គឺជាការចាប់ផ្ដើមសាងគ្រួសារ ដើម្បីបង្កើតនូវសុភមង្គលរួមគ្នា មិនមែនបង្កើតហើយ ក៏ព្រងើយកន្តើយទុកគ្នាចោលនោះឡើយ៕

ខ្មែរឡូត សូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]