ហុងកុង៖ មនុស្សរាប់ពាន់នាក់នៅហុងកុងត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះ ក្នុងការដាក់ទីក្រុងក្នុងភាពអាសន្នដំបូងបង្អស់ដោយសារវីរុសកូរ៉ូណានៅតំបន់នេះ ខណៈដែលអាជ្ញាធរកំពុងប្រយុទ្ធនឹងការផ្ទុះឡើងនៅក្នុងតំបន់ក្រីក្រ និងមានមនុស្សរស់នៅកកកុញបំផុតរបស់ក្រុងនេះ។

បទបញ្ជាបានហាមឃាត់មនុស្សប្រហែល10,000នាក់ដែលរស់នៅខាងក្នុងប្លុកលំនៅដ្ឋានជាច្រើនក្នុងសង្កាត់ Jordan នៅ Kowloon Peninsula មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែពួកគេមានការធ្វើតេស្តអវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមន្រ្តីបាននិយាយថា ពួកគេមានគម្រោងធ្វើតេស្តអ្នករាល់គ្នាដែលនៅក្នុងតំបន់ហាមឃាត់ក្នុងរយៈពេល48ម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកណាម្នាក់ដែលបានទៅតំបន់ហាមឃាត់លើសពីពីរម៉ោងក្នុងរយៈពេលពីរសប្តាហ៍កន្លងមក ក៏ត្រូវតែធ្វើតេស្តនៅថ្ងៃសៅរ៍ផងដែរ។

រូបភាព៖ BloombergQuint

កាសែត South China Morning Post បាននិយាយថាវិធានការនេះគ្របដណ្តប់លើប្លុកផ្ទះចំនួន150 ដោយមានប៉ូលិសរាប់រយនាក់ឈរជើងដើម្បីអនុវត្តការបិទក្រុងនេះ។

ក្នុងរយៈពេលពីរខែចុងក្រោយនេះ ទីក្រុងនេះបានរងគ្រោះដោយសាររលកទី4 ដោយមានករណីឆ្លងជាង4,300ករណី ខណៈដែលអាជ្ញាធរកំពុងព្យាយាមធ្វើឱ្យតួលេខប្រចាំថ្ងៃធ្លាក់ចុះ។

ការឆ្លងជាចង្កោមបានផុសឡើងនៅក្នុងសង្កាត់ដែលមានប្រាក់ចំណូលទាបនៅក្នុងតំបន់ Yau Tsim Mong ដែលល្បីខាងផ្ទះសម្បែងចង្អៀតបំផុតនៅលើពិភពលោក។

(រូបភាព៖ Jérôme Favre/EPA)

ហុងកុងគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែវាទទួលរងបញ្ហាដូចជាកង្វះខាតផ្ទះសម្បែង និងមានការជួលបន្ទប់កកកុញ ដែលរដ្ឋាភិបាលជាបន្តបន្ទាប់មិនអាចដោះស្រាយបាន។ ផ្ទះល្វែងជាមធ្យមនៅហុងកុងគឺប្រហែល46ម៉ែត្រក្រឡា។

ប៉ុន្តែមនុស្សជាច្រើនបានរស់នៅក្នុងផ្ទះល្វែងចង្អៀតតូចៗ មានរាងជាគូបបួនជ្រុងដែលអាចតូចជាង4.6ម៉ែត្រការ៉េឬតិចជាងនេះ ដោយមានបន្ទប់ទឹករួមក្នុងអាគារចាស់ៗ។ ប្រភេទអាគារទាំងនេះហើយ ដែលជាកន្លែងមានការឆ្លងជាចង្កោមនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យមានការបិទក្រុងលើកដំបូង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]