ឈាន​ចូល​ដល់​វ័យ​ជំទង់ ក្មេង​ស្រី​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​ទាំង​ផ្នែក​រាងកាយ អវយវៈ និង​ស្មារតី ហើយ​ការ​មក​រដូវ​ ជា​សញ្ញា​បញ្ជាក់ថា កូន​យើង​ពេញវ័យ ឬ​គ្រប់​ការ​ហើយ។ ក្នុង​អំឡុង​ពេល​នេះ ក្មេង​ស្រី​ជំទង់ គឺ​​ត្រូវ​ការ​ ការ​ណែនាំ ​និង​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​ប៉ា​ម៉ាក់។ “Hello គ្រូពេទ្យ” សូម​ណែនាំ ៥ ចំណុច​​ប៉ា​ម៉ាក់​គួរ​ធ្វើ នៅ​ពេល​កូន​ស្រី​ចាប់​ផ្ដើម​មក​រដូវ​ដំបូង។

១-  ចែក​រំលែក​បទ​ពិសោធន៍មក​រដូវ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម័យ​មុន ​ការ​និយាយ​ពី​រឿង​មក​រដូវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​រឿង​ស្មោកគ្រោក និង​គួរ​ឲ្យ​ខ្ពើម​រអើម ប៉ុន្តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ បាន​​យល់​ដឹង​ច្រើន​ពី​បញ្ហា​នេះ ក៏​​មិន​មែន​ជា​រឿង​ស្មោកគ្រោក ឬ​គួរ​ឲ្យ​ខ្មាស​អៀន​នោះដែរ។ ដូច្នេះ​​ វិធី​ដ៏​ល្អ​បំផុត ជួយ​កូន​ស្រី​ក្នុង​អំឡុង​ពេល​មក​រដូវ​ដំបូង គឺ​ចែក​រំលែក​ពី​បទពិសោធន៍​ល្អ​ៗ​ដែល​ម៉ាក់​ៗ​ធ្លាប់​ឆ្លង​កាត់ ណែនាំ​ពន្យល់​កូន​ពី​និយមន័យ​នៃ​ភាព​ពេញវ័យ ភាព​ក្លាយ​ជា​ស្ត្រី និង​ការ​ផ្លាស់ប្ដូរ​​រាង​កាយ​ដែល​អាច​កើត​មាន​ឡើង។

២- បក​ស្រាយ​ឲ្យ​អស់ពាក់ព័ន្ធ​បម្រែ​បម្រួល​រាងកាយ

ក្មេង​ស្រី​មួយ​ចំនួន​ មិន​សូវ​យល់​ច្បាស់​ថា ​វដ្ដ​រដូវ​កើត​មាន​ដោយ​របៀប​ណា​ឡើយ ដូច្នេះ​ម៉ាក់​ៗ​ អាច​ជួយ​បកស្រាយ​ចម្ងល់​របស់​កូន​ដោយ​និយាយ​ប្រាប់​ឲ្យ​បាន​ក្បោះក្បាយ។ ម៉ាក់​ៗ ​អាច​ពន្យល់​ប្រាប់​កូន ​មក​រដូវ​មិន​មែន​ជា​ជំងឺ​ទេ ​អ្វី​ដែល​សំខាន់ នៅ​ពេល​មាន​រដូវ កូន​នៅ​តែ​អាច​ធ្វើ​អ្វី​ៗ​បាន​ដូច​ថ្ងៃ​ធម្មតា​អញ្ចឹង។ ជា​ទូទៅ ស្បូន​មាន​ទំហំ​ប៉ុន​ដៃ​ក្ដាប់ ហើយ​ភ្នាស់​ស្បូន​ស្ថិត​នៅ​ក្នុង​ដៃ​នោះ​ឯង។ ក្នុង​អំឡុង​ពេល​មាន​រដូវ ឈាម និង​កោសិកា​ចាស់​ៗ​ដែល​នៅ​ស្រទាប់​ខាង​ក្នុង​នោះ ចាប់​ផ្ដើម​ចេញ​មក​ក្រៅ​បន្តិច​ម្ដង​ៗ​ពី​រាងកាយ​ ប្រហែល ៣ ​ស្លាប​ព្រា​បាយ​ប៉ុណ្ណោះ ក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ។

៣-  ណែនាំ​លម្អិត​ពីសម្ភារៈប្រើ​ប្រាស់​ចាំ​បាច់​ពេល​មាន​រដូវ

ម៉ាក់​ៗ ​អាច​ពន្យល់​ប្រាប់​កូន​ ពី​សម្ភារៈ​ប្រើប្រាស់​ចាំ​បាច់​ពេល​មាន​រដូវ វា​មាន​ជម្រើស​ជាច្រើន​ អាច​ប្រើ​សម្រាប់​ការពារ​កុំ​ឲ្យ​ប្រឡាក់​សម្លៀក​បំពាក់ ដូចជា​សំឡី​អនាម័យ ប្រភេទ​បន្ទះ​ Tampon ឬ​ខោ​ក្នុង​ការពារ​ពេល​មក​រដូវ​ជា​ដើម។ ម៉ាក់​ៗ ​គួរ​លើក​ទឹក​ចិត្ត​កូន​ កុំ​ឲ្យ​ខ្មាស​អៀន ​និង​ហ៊ាន​ពិភាក្សា​ ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​ កូនយើង​​ងាយ​ស្រួល​ប្រើប្រាស់។ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ អាច​ជួយ​ណែនាំ​ពី​របៀប​ប្រើប្រាស់ និង​គួរ​លើក​ទឹក​ចិត្ត​កូន​ ឲ្យ​ហ៊ាន​សុំ​ជំនួយ​នៅ​ពេល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។

៤- ចៀសវាង​និយាយ​ពី​ផល​អវិជ្ជមាន​ច្រើន​ពេក

ពេល​មក​រដូវ អាការៈ​ឈឺ​ចុក​ចាប់​សាច់​ដុំ ទល់​ពោះ តឹង​ដើម​ទ្រូង ឬ​អារម្មណ៍​ប្រែប្រួល​ខុស​ធម្មតា សុទ្ធ​តែ​អាច​កើត​ឡើង​ តែយើង​មិន​គួរ​ផ្ដោត​សំខាន់​លើ​ចំណុច​ទាំងនេះ​ពេក​ទេ ព្រោះ​អាច​ធ្វើ​​ឲ្យកូន​​មាន​អារម្មណ៍​ភ័យ​ខ្លាច។ គួរ​ប្រាប់​កូន​ត្រួស​ៗ​ពី​អាការៈ​អាច​កើត​មាន និង​វិធី​ដោះស្រាយ ហើយ​ព្យាយាម​ពន្យល់​កូន​ឲ្យ​ដឹង​ថា ​អាការៈ​ទាំង​នោះ​កើត​ឡើង​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​យើងនៅ​តែ​ចាំ​ជួយ​ឲ្យ​យោបល់ ​បើ​សិន​កូន​ត្រូវ​ការ​។

៥- គួរ​ឲ្យ​ប៉ា​ៗ​ចូល​រួម​ក្នុង​ការ​ពិភាក្សា

ទោះបី​ប៉ា​ៗ​ជា​មនុស្ស​ប្រុស តែ​ក៏​ធ្លាប់​ឆ្លង​កាត់​ពេល​វេលា​ពេញ​វ័យ​ដូច​គ្នា ដូច្នេះ​ការ​ចូល​រួម​របស់​ប៉ា ​ក្នុង​ការ​ពិភាក្សា​ជា​លក្ខណៈ​គ្រួសារ​បែប​នេះ ធ្វើ​ឲ្យ​កូន​ស្រី មាន​អារម្មណ៍​កក់​ក្ដៅ មិន​ខ្មាសអៀន​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​ប៉ា​ខ្លួននៅ​​ពេល​ចាំ​បាច់ ឬ​ពេល​ម៉ាក់​មិន​នៅ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]