ការ​បំប៉ន​រាងកាយ​ជាមួយ​នឹង​ភេសជ្ជៈ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។ ​វា​មិន​ត្រឹមតែ​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​​ថែម​ទាំង​​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ​ជួយ​ឲ្យ​សន្លាក់​មាន​ជាតិ​រម្អិល​​ និង​ធានា​​ដំណើរការ​​ល្អ​នៃ​​សរីរាង្គ​ផ្សេង​ៗ​​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ភេសជ្ជៈ​ល្អៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​រហ័សរហួន​ ​និង​ជួយ​​ឲ្យ​យើង​​គេង​លក់​ស្រួល​ថែម​ទៀត​ផង​​​។​ ​នៅ​រដូវ​រងា​នេះ​ ​យើង​ចាំបាច់​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​ ​ពីព្រោះ​វា​អាច​​ជួយ​ពង្រឹង​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ក៏​ដូចជា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​បាន​យ៉ាង​អស្ចារ្យ​។​ យ៉ាង​ណា​មិញ​ ​ភេសជ្ជៈ​​ទាំង​៣​ខាងក្រោម​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​​

១. ទឹក​ដូង​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​​​​​យើង​ប្រហែល​ជា​បាន​​ដឹង​ហើយ​ថា​ ទឹក​ដូង​មាន​គុណប្រយោជន៍​ដ៏​​​សម្បូរ​បែប​​ចំពោះ​​រាងកាយ​​។​ ជាក់​ស្ដែង​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ មាន​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ការពារ​​កោសិកា​របស់​យើង​ពី​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី ព្រម​ទាំង​​ជា​ប្រភព​ម៉ាញ៉េស្យូម​​ ដែល​​អាច​បង្កើន​រំញោច​អាំងស៊ុយលីន​ និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។​ ​លើស​ពី​នេះ​ វា​ក៏​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​បំពេញ​ជាតិ​ទឹក​ បន្ទាប់​ពី​​ធ្វើ​លំហាត់​ប្រាណ ឬ​លេង​កីឡា​​រួច​ផង​ដែរ​។

២. តែ​បៃតង​

​ភេសជ្ជៈ​​មួយ​ប្រភេទ​នេះ​ ​មិន​ត្រឹមតែ​ជួយ​​សម្អាត​ និង​ធ្វើ​ឲ្យ​បំពង់​ក​របស់​យើង​ជ្រះ​ល្អ​​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​នឹង​ស្មាន​មិន​ដល់​។​ ​ពិត​ណាស់​ តែ​បៃតង​​អាច​ជួយ​បង្កើន​​មុខងារ​ខួរ​ក្បាល​ បន្ថយ​ជាតិ​ខ្លាញ់​ ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ព្រម​ទាំង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​កម្ចាត់​បញ្ហា​ក្លិន​មាត់​ ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ផង​ដែរ​។​ ​ខណៈ​ដែល​តែ​បៃតង​ជួយ​បំពេញ​ជាតិ​​ទឹក​ដល់​រាងកាយ​​បាន​យ៉ាង​​ល្អ​ វា​​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​​ផង​ដែរ​។​

៣. ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ

​ប្រសិនបើ​យើង​ចង់​បំពេញ​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ​ យើង​មិន​អាច​មើល​រំលង​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​បាន​ឡើយ​ ពីព្រោះ​​ទឹក​ឃ្មុំ​​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​នៅ​​ក្នុង​បំពង់​ក​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​​​​ជួយ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​​ប្រឆាំង​នឹង​​​ការ​បង្ក​​រោគ​ផ្សេង​ៗ​ ​ដោយ​​​កម្ចាត់​បាក់តេរី​ និង​បណ្ដេញ​សារធាតុ​មិន​ល្អ​​ចេញ​ពី​រាងកាយ​របស់​យើង​ផង​ដែរ​។​ ​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]