បរទេស៖ វិទ្យាសាស្ត្របានខិតខំប្រឹងប្រែងដើម្បីបកស្រាយអាថ៌កំបាំងដែលមានតាំងពីរាប់ពាន់ឆ្នាំមុន ប៉ុន្តែសំណួរជាច្រើននៅតែមិនទាន់មានចម្លើយដដែល។ ទោះបីមានការអភិវឌ្ឍនិងកែលម្អបច្ចេកទេសស្រាវជ្រាវផ្សេងៗក៏ដោយ ក៏ប្រវត្តិសាស្ត្រខ្លះមិនទាន់ត្រូវបានពន្យល់ដោយអ្នកស្រាវជ្រាវនៅឡើយ។ កុំឱ្យខាតពេលយូរមកមើលអាថ៌កំបាំងមួយចំនួនដែលនៅតែធ្វើឱ្យអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើលដល់សព្វថ្ងៃ៖
1. រូបចម្លាក់ Moai នៅលើកោះ Easter (ប្រទេសឈីលី)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកោះតូចមួយនេះលាក់នូវអាថ៌កំបាំងដ៏អស្ចារ្យ។ មានរូបចម្លាក់ Moai ចំនួន887 នៅរាយប៉ាយពាសពេញកោះនេះ ដែលរូបចម្លាក់នីមួយៗមានកម្ពស់ជាមធ្យម4ម៉ែត្រ តែក៏មានរូបចម្លាក់ខ្លះមានកម្ពស់ដល់ទៅ10ម៉ែត្រ និងខ្លះមានទម្ងន់រហូតដល់ 74,500 kg នៅលើកោះនេះផងដែរ! លើកយ៉ាងម៉េចទៅបើគ្មានគ្រឿងយន្តជួយ!។
ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍បំផុតនោះគឺ ថាតើថ្មទាំងនេះមកដល់លើកោះបានយ៉ាងដូចម្តេច។ មនុស្សបានមករស់នៅលើកោះ Easter មុនឆ្នាំ 900គស។ តើពួកគេលើករូបចម្លាក់ធំៗនិងធ្ងន់ទាំងនេះដោយប្រើអ្វី បើពេលនោះគ្មានម៉ាស៊ីនទំនើបអ្វីផងនឹង?
ដើម្បីសាកល្បងធ្វើត្រាប់អ្វីដែលបានកើតឡើង អ្នកស្រាវជ្រាវបានធ្វើរូបចម្លាក់ដែលមានទំហំ និងទម្ងន់ដូចគ្នា និងប្រើវិធីនិងមធ្យោបាយដែលមាននៅសម័យនោះដូចជាខ្សែពួរ ក្តាររំកិល និងកម្លាំងមនុស្សដែលរូបចម្លាក់ Moai នីមួយៗត្រូវមនុស្សរាប់រយអ្នកអូស តែវាមានការលំបាកខ្លាំងណាស់ ទៅមិនរួច។
ទោះបីមានការជឿនលឿនផ្នែកវិទ្យាសាស្ត្រក៏ដោយ ក៏រូបចម្លាក់ Moai នៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។
2. នាវា SS Ourang Medan
អាថ៌កំបាំងនេះបានចាប់ផ្តើមនៅពេលដែលនាវាអាមេរិកពីរបានទទួលសញ្ញាហៅឱ្យជួយជា Morse code ពីនាវាហូឡង់ Ourang Medan។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចន្លោះខែមិថុនាឆ្នាំ1947 និងខែកុម្ភៈឆ្នាំ1948 (កាលបរិច្ឆេទច្បាស់លាស់គឺមិនដឹង)។
សារនោះបានសុំជំនួយហើយបាននិយាយថា ក្រុមមន្រ្តីនៅលើនាវាបានស្លាប់អស់ហើយ។ នាវា Silver Star បានចេញទៅជួយសង្គ្រោះពួកគេ ហើយពេលទៅដល់ទីនោះពួកគេបានរកឃើញថានាវិកនាវាទាំងមូលស្លាប់ទាំងអស់។
ដោយតក់ស្លុតនៅពេលឃើញអ្នកស្លាប់ កាពិតែននាវា Silver Star ក៏សណ្តោងកប៉ាល់នោះពីក្រោយ Silver Star។ ប៉ុន្តែស្រាប់តែមានការផ្ទុះមួយពីកន្លែងដាក់ទំនិញនៃនាវា Ourang Medan ធ្វើឱ្យវាលិចទៅបាតសមុទ្រ ទៅជាមួយតម្រុយដែលអាចជួយដោះស្រាយអាថ៌កំបាំងនៃនាវិកដែលបានស្លាប់។
ទ្រឹស្ដីមួយអំពីបុព្វហេតុនៃការស្លាប់របស់ក្រុមនាវិកគឺថា Ourang Medan បានដឹកសារធាតុគីមីដែលអាចបញ្ចេញឧស្ម័នដែលនាំឱ្យនាវិកថប់ដង្ហើម។ បនា្ទប់មកចលនានៅពេលសណ្តោងកប៉ាល់ ធ្វើឱ្យកប៉ាល់ផ្ទុះឡើង។ ទោះយ៉ាងណាក៏ដោយមានអ្នកផ្សេងទៀតដែលនិយាយថារឿងនេះគ្មានអ្វីក្រៅពីរឿងព្រេង ឬរឿងនិទានរបស់អ្នកនេសាទទេ។ គ្មានអ្វីត្រូវបានបកស្រាយរហូតមកដល់សព្វថ្ងៃនេះទេ។
3. ថ្មបាដាដ (អ៊ីរ៉ាក់)
នៅទសវត្សឆ្នាំ1930 អ្នកបុរាណវិទ្យាអាឡឺម៉ង់លោក Wilhelm Konig បានរកឃើញកុលាលភាជន៍ទំហំ14cm មានផ្ទុកបន្ទះស្ពាន់នៅខាងក្នុង។ ក្រោយមកគេដឹងថាវត្ថុនោះជាប្រភេទថ្មបុរាណ។
ប៉ុន្តែអ្វីដែលអ្នកស្រាវជ្រាវចង់ដឹងនោះគឺគោលបំណងនៃវត្ថុបុរាណនោះ ដែលមានអាយុកាលតាំងពីឆ្នាំ200មុនគ្រឹស្តសករាជ។ តើមនុស្សនៅពេលនោះត្រូវការថ្មសម្រាប់អ្វី? អាយុកាលពិតប្រាកដនៃថ្មនោះក៏ត្រូវបានគេជជែកវែកញែកយ៉ាងខ្លាំងផងដែរ ព្រោះរចនាបថនៃកុលាលភាជន៍នោះវាស្ថិតក្នុងសម័យកាលក្រោយៗចន្លោះឆ្នាំ225 និង225 នៃគ.ស។
4 . សំណង់ប្រាសាទបុរាណ Gobekli Tepe (ប្រទេសតួកគី)
ទីតាំងបុរាណវិទ្យាដែលមានទីតាំងនៅលើកំពូលភ្នំមួយនៅប្រទេសតួកគី គឺមានសសរជាង200ដែលមានកម្ពស់រហូតដល់ទៅ6ម៉ែត្រ និងមានទំងន់រហូតដល់20តោន (18,000 Kg) រៀបជា20រង្វង់។ រូបចម្លាក់សត្វដែលមិនមានដើមកំណើតក្នុងតំបន់ អក្សររូប hieroglyphs ដែលមើលមិនយល់ និងទម្រង់ធរណីមាត្រផ្សេងៗត្រូវបានគេរកឃើញនៅក្នុងសំណង់បុរាណនេះ។ អ្នកស្រាវជ្រាវជឿថាកន្លែងនេះត្រូវបានសាងសង់នៅប្រហែល10,000ឆ្នាំមុនគ.ស។
គេនៅតែមិនដឹងថាប្រាសាទនេះសាងសង់ដើម្បីគោលបំណងអ្វី ឬមួយនេះជាប្រាសាទចំណាស់ជាងគេនៅលើភពផែនដី?
5. យន្តការ Antikythera (ប្រទេសក្រិច)
នៅដើមសតវត្សរ៍ទី20 អ្នកជ្រមុជទឹកម្នាក់បានរកឃើញសំពៅលិចនៅជិតកោះ Antikythera។ ក្នុងចំណោមវត្ថុដែលបានរកឃើញមានបំណែកលង្ហិនដែលជាផ្នែកនៃយន្តការអាណាឡូក (analog mechanism)។
អ្នកវិទ្យាសាស្ត្របាននិយាយថា ឧបករណ៍នេះជាផ្នែកមូយនៃកុំព្យូទ័រអាណាឡូក ដែលត្រូវបានគេរចនាឡើងដើម្បីកំណត់ទីតាំងរបស់ផ្កាយដោយប្រើគ្រឿងស្ពាន់តូចៗ។
គ្រឿងម៉ាស៊ីនដ៏ប៉ិនប្រសប់នេះក៏ប្រហែលជាបានបង្កើតឡើងនៅប្រហែល100ឆ្នាំមុនគ.ស។ ទោះបីជាមានការសន្និដ្ឋានទាំងនេះក៏ដោយក៏គោលបំណងនិងដើមកំណើតនៃវត្ថុនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
6. អាថ៌កំបាំងកោះ Oak (កាណាដា)
កោះ Oak ត្រូវបានគេហៅក្រៅផ្លូវការថា “Money Pit” ដោយសារតែសំណង់ដែលមានលក្ខណៈដូចអណ្តូងត្រូវបានរកឃើញក្នុងឆ្នាំ 1795។ បន្ទាប់ពីការជីករុករកអស់រយៈពេលជាង2សតវត្សរ៍មក កំណប់ដែលគេល្បីថាមានកប់នៅក្នុងនោះ នៅតែមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។
ប៉ុន្តែអ្វីដែលត្រូវបានរកឃើញក៏គួរអោយចាប់អារម្មណ៍ផងដែរ។ នៅខាងក្រោមអណ្តូងគឺជាមានបន្ទះក្តារឈើនិងយន្តការទឹកជំនន់ (flooding mechanisms) ជាច្រើន ដែលនាំទៅប្រភពទឹក។
មានពេលមួយមានគេជីកជ្រៅខ្លាំងពេក អណ្តូងទាំងមូលក៏លិចទឹកភ្លាមៗ។ នៅជម្រៅ27ម៉ែត្រ មានសិលាចារឹកថ្មមួយត្រូវបានគេរកឃើញ ដែលលើនោះបាននិយាយថានៅ 40 ហ្វីត (12ម៉ែត្រ) នៅខាងក្រោមមានកំណប់ពីរលានផោនកប់នៅទីនោះ។ បញ្ហាគឺថាគ្មាននរណាម្នាក់បានចុះទៅដល់ទីនោះទេ!
7. គម្ពីរ Voynich
គម្ពីរនេះទិញបានដោយពាណិជ្ជករលក់សៀវភៅកម្រឈ្មោះ Wilfrid Voynich នៅឆ្នាំ1912 គម្ពីរនេះរួមមានរូបភាព និងដ្យាក្រាមជាច្រើន។ វាហាក់ដូចជាពិពណ៌នាអំពីប្រធានបទផ្សេងៗដូចជារុក្ខជាតិ តារាវិទ្យា ជីវសាស្ត្រ និងឱសថ។
អាថ៌កំបាំងដ៏អស្ចារ្យរបស់គម្ពីរនេះគឺជាភាសាដែលសរសេរក្នុងនោះ ដែលគេមិនស្គាល់និងមិនទាន់ត្រូវបានគេបកស្រាយនៅឡើយ។ អ្វីដែលយើងដឹងគឺថាគម្ពីរនេះមានប្រភពដើមនៅចន្លោះឆ្នាំ1404 និង1438។
បន្ទាប់ពីមានការប៉ុនប៉ងបកស្រាយអត្ថន័យគម្ពីរ Voynich មិនបានជោគជ័យជាច្រើនមក មនុស្សជាច្រើនបានលើកឡើងថាប្រហែលជាគម្ពីរនេះសរសេរឡើងមិនឱ្យគេបកស្រាយបានហើយមើលទៅ។
8. Nazca Lines (ប្រទេសប៉េរូ)
គំនូរទាំងនោះបានគេរកឃើញនៅឆ្នាំ1927 និងត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូក្នុងឆ្នាំ1994។
អ្នកបើកយន្តហោះនិងអ្នកបុរាណវិទ្យាជនជាតិប៉េរូគឺ Toribio Mejia Xespe ដែលបានហោះលើវាលខ្សាច់ Nazca គឺជាមនុស្សដំបូងគេដែលបានឃើញគំនូរចម្លែកៗទាំងនោះ។
មានខ្សែបន្ទាត់ច្រើនជាង13,000 ដែលបង្កើតជាគំនូរ800រូប ដែលរូបខ្លះមានប្រវែងជាង65គីឡូម៉ែត្រ។ ទ្រឹស្ដីជាច្រើនអំពីដើមកំណើតនិងគោលបំណងរបស់ពួកវា មានតាំងពីទាក់ទងនឹងសាសនា រហូតដល់ថាមនុស្សក្រៅភពជាអ្នកបង្កើត។
អ្នកនិពន្ធជនជាតិស្វីសឈ្មោះ Erich Von Däniken បាននិយាយថា គំនូរទាំងនេះអាចជាទម្រង់នៃការទំនាក់ទំនងរបស់មនុស្សក្រៅភព។ ម៉្យាងវិញទៀតអ្នកបុរាណវិទ្យា Maria Reiche បានជឿជាក់ថាគំនូរទាំងនោះទាក់ទងជាមួយនឹងតារាសាស្ដ្រ ពួកវាអាចជាក្រុមផ្កាយដែលអាចមើលឃើញក្នុងកំឡុងពេលជាក់លាក់ណាមួយប្រចាំឆ្នាំ។
អ្នកស្រាវជ្រាវជនជាតិអាមេរិកាំង David Johnson បានលើកឡើងថាគំនូរខ្សែបន្ទាត់ទាំងនេះជាការចង្អុលបង្ហាញពីកន្លែងដែលអាចរកឃើញទឹកនៅក្នុងវាលខ្សាច់។ បុរាណវិទូអាល្លឺម៉ង់ Markus Reindel និងបុរាណវិទូ Johnny Isla បានឃើញបន្ទាត់ទាំងនោះជាកន្លែងសម្រាប់ថ្វាយដល់ព្រះ។ ទោះបីជាមានទ្រឹស្តីច្រើនហូរហែរក៏ដោយ ក៏វិទ្យាសាស្រ្តនៅតែមិនអាចរកឃើញការពិតបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]