ភ្នំពេញ៖ ធ្មិចបើកៗ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ក៏បានខិតជិតមកដល់ផងដែរ។ ចំពោះអ្នកដែលជាជនជាតិចិន ក៏ដូចជាកូនខ្មែរដែលជាប់ខ្សែស្រឡាយចិន ក៏បាននាំគ្នាសម្អាតតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីទទួលទេវតាឆ្នាំថ្មី និងនាំសំណាងចូលផ្ទះ។

ទិដ្ឋភាពនៅវិហារចិនខ្លាស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅពិធីបុណ្យចូលឆ្នាំចិន គឺ ចាប់ផ្តើមពីឡើងពីថ្ងៃទី១ច័ន្ទគតិ នៅក្នុងប្រតិទិនរបស់ចិន ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលគេហៅថាពិធីបុណ្យឆ្លងគោម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបាន ប្រជាជនដែលជាជនជាតិ ចាត់ទុកថាជាថ្ងៃដែលសំខាន់បំផុតរបស់ពួកគេ ហើយបុណ្យចូលឆ្នាំប្រពៃណីចិននេះ​ ក៏មានឥទ្ធិពលទៅលើប្រទេសមួយចំនួនផងដែរ ដែលមានប្រជាជនរស់នៅ ឬមួយជាប់ខ្សែស្រឡាយចិន ជាច្រើន ដូចជានៅក្នុងប្រទេស សឹង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ។

ទិដ្ឋភាពនៅវិហារចិនខ្លាស

ជាក់ស្តែង នៅក្នុង ប្រទេសកម្ពុជាយើង ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន នៅក្នុងឆ្នាំ២០២១នេះ ដែលត្រូវជា ឆ្នាំឆ្លូវផងនោះ ក៏នឹងប្រារព្ធឡើង នៅក្នុងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផងដែរ។ ដោយពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន មួយនេះ  តែងតែមាន​ ថ្ងៃខែប្រែប្រួលជានិច្ច ទៅតាមឆ្នាំនីមួយៗ។

ទិដ្ឋភាពនៅវិហារចិនខ្លាស

យ៉ាងណាមិញ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ក៏បានខិតជិតមកដល់ ហើយក៏បាន ធ្វើឱ្យប្រជាជន ដែលជាជនជាតិចិន  និងប្រជាជនខ្មែរ ដែលជាប់ ខ្សែស្រឡាយចិននោះ មានការខ្វល់ខ្វាយជានិច្ច ចំពោះធ្វើការរំដោះគ្រោះ ព្រោះថា ជារឿងមួយដែល សំខាន់បំផុត សម្រាប់អ្នក ដែលជាជនជាតិចិន ក៏ដូចជាអ្នក ជាប់ខ្សែស្រឡាយចិន។

ពួកគេតែងតែ ខ្វល់ខ្វាយ ចំពោះការរំដោះគ្រោះ ដែលគេហៅថា កាត់ឆុង ព្រោះថា ពួកគេមាន ជំនឿជាខ្លាំងថា នៅពេលដែលពួកគេធ្វើពិធីរំដោះគ្រោះ ហើយនោះ នឹងធ្វើឱ្យពួកគេ មានសំណាងល្អ រកស៊ីមានបាន និងជួបតែរឿងល្អៗ នៅក្នុងឆ្នាំថ្មី។ ម៉្យាងវិញ ប្រសិនបើពួកគេ មិនបានធ្វើ ពិធីរំដោះគ្រោះនោះទេ ពួកគេនឹងជួប តែរឿងមិនល្អ ក៏ដូចជាប្រកបរបរ រកស៊ីមិនមានការរីកចម្រើន មានការឈឺថ្កាត់ និងអាចនាំឱ្យមាន គ្រោះដល់អាយុជីវិតទៀតផង។

លោកគ្រូកាត់​ឆុង

សម្រាប់នៅក្នុងឆ្នាំ២០២១ ដែលត្រូវជា ឆ្នាំឆ្លូវនេះផ្ទាល់ផងនោះ ឆ្នាំដែលឆុង គឺមានឆ្នាំ មមែ ដែលមាន ភាគរយឆុង រហូត ទៅដល់១០០ភាគរយ ឯណោះ  ចំណែកឯ ឆ្នាំឆ្លូវ ឆុង៧៥ភាគរយ  រីឯ ឆ្នាំច ឆុង៥០ភាគរយ និងឆ្នាំរោង មានការឆុងត្រឹមតែ ២៥ ភាគរយតែប៉ុណ្ណោះ។​ លើសពីនេះ ទៀត អ្នកដែលកើត ក្នុងឆ្នាំមមែ គឺហាមដាច់ខាត ក្នុងការទៅចូលរួមពិធីបុណ្យសព។

រូបសំណាក់ខ្លាស

ចំណែកឯ ទីតាំងដែលបងប្អូន ដែលជាជនជាតិចិន និងខ្មែរជាប់ខ្សែ ស្រឡាយចិន តែងតែទៅ រំដោះគ្រោះផងនោះ គឺមានទីតាំង នៅឯរមណីដ្ឋាន ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលជាទីសក្ការៈបូជា ដ៏សក្តិសិទ្ធមួយកន្លែង ដែលគេតែងតែ ហៅថា វិហារចិនខ្លាស ហើយក៏ជាកន្លែងដ៏ល្បីមួយ ក្នុងការធ្វើពិធីរំដោះគ្រោះ សម្រាប់អ្នកដែលមានឆ្នាំឆុង។

ទិដ្ឋភាពនៅវិហារចិនខ្លាស

បើតាមប្រសាន៍លោកតា ដែលជាអ្នកប្រចាំការ នៅទីនោះផ្ទាល់ លោកតាមានប្រសាន៍ថា តាមជំជឿក៏ដូចជា ទំនៀមទម្លាប់ របស់បងប្អូនដែល តែងតែចង់មក រំដោះគ្រោះនោះ គឺត្រូវតែ នាំយកដង្វាយ ចំនួន៣មុខសំខាន់ៗ ដូចជា មានសាច់ជ្រូកឆៅ១ដុំ ស៊ុត និងយីហ៊ឺក្រៀម​ ក៏ដូចជា រួមមានទាំង ក្រដាសសែន ទាន ធូប ផ្កា និងផ្លែឈើជាដើម។​

ទិដ្ឋភាពនៅវិហារចិនខ្លាស

ជាទូទៅ អ្នកទៅកាត់ឆុង នៅរមណីដ្ឋានវត្តភ្នំ គឺអ្នកដែលមានឆ្នាំឆុង ត្រូវអុជធូប រួចធ្វើការបន់ស្រន់ បន្ទាប់មកក៏យកសាច់ជ្រូកឆៅនោះ ទៅដាក់នៅ ក្នុងមាត់របស់ រូបសំណាក់ខ្លាស ចំណែកឯ ស៊ុតវិញ ក៏យកទៅដាក់ នៅក្នុងមាត់រូបសំណាក់ខ្លាសដែរ។ ក៏ប៉ុន្តែ បងប្អូនភាគច្រើន ដែលទៅទីនោះ តែងតែយកស៊ុតនោះ ទៅគោះឱ្យបែក ជាមួយនឹងរូបសំណាក់ខ្លាស ជាមុនសិន រួចទើបយក ទៅដាក់ក្នុងមាត់ រូបសំណាក់ខ្លាស ព្រោះពួកគេ មានជំនឿថា រឿងអពមង្គលទាំងឡាយ នឹងរសាត់ទៅជាមួយស៊ុត ដែលបានបោះចោលនោះ៕ 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]