សង្គម៖ យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ក្រសួង​បានអនុញ្ញាតិ បើកឱ្យដំណើរការរៀបចំពិធីមង្គលការ ឬ ពិធីបុណ្យផ្សេងៗ ឡើងវិញជាធម្មតា ប៉ុន្តែ ការប្រព្រឹត្តិទៅជាធម្មតា ត្រូវតែអនុវត្តទៅតាមសេចក្តីប្រកាស ដោយដាក់ជាកំហិត កែប្រែទម្លាប់ពីមួយតុមានភ្ញៀវ ១០ នាក់ មកត្រឹមតែភ្ញៀវ ៥​ នាក់ប៉ុណ្ណោះក្នុងមួយតុ។

គួរបញ្ជាក់ផងដែរ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួន និង មានប្រសិទ្ធិភាព ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និង ម៉ត់ចត់ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្តីប្រកាសនោះដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹក និង ចេញវិធានការដ៏ម៉ឹងម៉ាត់ដូចជា៖

·         ណែនាំដល់ម្ចាស់កម្មវិធី និង ភ្ញៀវចូលរួមអនុវត្តរាល់វិធានការសុខាភិបាល ដូចជា ត្រូវមានម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ និង ទែម៉ូម៉ែត្រ ជែលលាងដៃ នៅគ្រប់ច្រកចេញចូល និង ត្រូវសម្អាតដៃឱ្យបានញឹកញាប់ បន្ទាប់ពីប៉ះវត្ថុអ្វីមួយ

·         ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិច ១.៥ ម៉ែត្រពីមនុស្សម្នាក់ទៅមនុស្សម្នាក់ រៀបតុអាហារដោយផ្លាស់ប្តូរទម្លាប់ពី១០ នាក់ មកត្រឹម៥​នាក់ វិញ ក្នុង១ តុ។

·         ធ្វើបដិសណ្ឋារកិច្ច ទៅតាមប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឬ ឱបគ្នា ឬ ប៉ះពាល់គ្នា។

·         ត្រូវមានស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និង រក្សាអនាម័យដៃស្អាត និង ណែនាំពីអនាម័យនៃការក្អក ឬកណ្តាស ។

·         អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និង ណែនាំម្ចាស់កម្មវិធី និង ភ្ញៀវ ចូលរួមទាំងអស់គ្នា ដើម្បីធានាបាននូវការអនុវត្តឱ្យបានម៉ឺងម៉ាត់ និង មានប្រសិទ្ធិភាពខ្ពស់របស់ក្រសួងសុខាភិបាល៕

សូមទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]