ប៉េកាំង៖ ប្រទេសមហាអំណាចយក្សចិនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានបង្ហាញការខឹងសម្បាចំពោះកងនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលបើកលូនលយចូលទៅក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ តាមសេចក្តីជូនដំណឹងដែលចេញដោយរដ្ឋបាលសុវត្ថិភាពនាវាចរណ៍របស់ប្រទេសនេះ ក៏បានហាមឃាត់ការធ្វើដំណើរចូលទៅក្នុងដែនទឹកនៅឈូងសមុទ្រតុងកឹង (Tonkin) រហូតដល់ភាគខាងលិចនៃឧបទ្វីប Leizhou ភាគនិរតីប្រទេសចិន ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា។ ប៉ុន្តែ គេមិនបានផ្តល់ព័ត៌មានលម្អិត ថាតើសមយុទ្ធនោះនឹងធ្វើឡើងក្នុងទីតាំង និងមានទ្រង់ទ្រាយធំប៉ុនណានោះទេ។
ដែនទឹកសមុទ្រចិនខាងត្បូង បានក្លាយទៅជាទីតាំងប្រកួតប្រជែងអំណាចគ្នារវាងមហាអំណាចចំនួនពីរ គឺទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ យោធាសហរដ្ឋអាមេរិក បានបង្កើនសកម្មភាពយោធារបស់ខ្លួននៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលប្រទេសចិនបានអះអាងទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះជាមួយប្រទេសជិតខាងរួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងតៃវ៉ាន់។
គួររម្លឹកថា កងនាវាដឹកយន្តហោះចម្បាំងសហរដ្ឋអាមេរិក ដឹកនាំដោយនាវា USS Theodore Roosevelt បានបើកចូលសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដើម្បីលើកកម្ពស់ “សិទ្ធិសេរីភាពនាវាចរណ៍ក្នុងដែនសមុទ្រ” បន្ទាប់ពីលោក ចូ បៃដិន ចាប់ផ្តើមឡើងកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានត្អូញត្អែរចំពោះសកម្មភាពបញ្ជូនយន្តហោះនិងនាវារបស់សហរដ្ឋអាមេរិកចូលសមុទ្រចិនខាងត្បូង ថាគ្រាន់តែចង់បង្ហាញសាច់ដុំរបស់ខ្លួនប៉ុណ្ណោះ ហើយសកម្មភាពបែបនេះមិនមែនធ្វើឡើងក្នុងន័យសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]