អាមេរិក៖ ប្រធានាធិបតី ចូ បៃដិន បានប្រកាសពីផែនការមហិច្ឆតា ក្នុងការជំនួសយានយន្តទាំងមូលរបស់សហព័ន្ធទៅជាយានយន្តអគ្គិសនីវិញ ខណៈរដ្ឋបាលរបស់លោកនឹងងាកទៅរកការប្រើប្រាស់ថាមពលស្អាត។

លោក Biden ក៏បានសន្យាផងដែរថា រថយន្តអគ្គិសនីថ្មីទាំងនេះនឹងត្រូវផលិតនៅក្នុងសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(ប្រភពរូប៖ Drew Angerer / Getty Images)

នៅពេលលោកចុះហត្ថលេខាលើបទបញ្ជា "Made in America" ​​លោក បៃដិន បាននិយាយក្នុងពេលថ្លែងសុន្ទរកថា៖ «រដ្ឋាភិបាលសហព័ន្ធមានយានយន្តជាច្រើន ដែលយើងនឹងជំនួសដោយយានអគ្គិសនីថាមពលស្អាតផលិតនៅអាមេរិកដោយកម្មករអាមេរិក។» 
លោកប្រធានាធិបតីបានបន្ថែមថា ការធ្វើបែបនេះនឹងបង្កើតឱ្យមានការងារដល់មនុស្សរាប់លាននាក់ក្នុងវិស័យផលិតរថយន្ត។  

វីដេអូ

រដ្ឋាភិបាលសហព័ន្ធមានរថយន្តសរុបចំនួន645,000គ្រឿង បើយោងតាមរបាយការណ៍រដ្ឋបាលទូទៅឆ្នាំ2019 ដែលច្រើនជាង225,000គ្រឿងជាកម្មសិទ្ធិរបស់សេវាប្រៃសណីយ៍សហរដ្ឋអាមេរិក និងច្រើនជាង170,000គ្រឿងគឺជារបស់ទីភ្នាក់ងារយោធា។ ក្នុងចំណោមយានយន្តសរុបដែលជារបស់រដ្ឋាភិបាល មានតែ4,475គ្រឿងប៉ុណ្ណោះដែលជាយានយន្តអគ្គិសនី។

លោកប្រធានាធិបតីមិនបានបញ្ជាក់ថាពេលណាដែលគោលដៅជំនួសយានយន្តដ៏ធំនេះនឹងត្រូវបានអនុវត្តនោះឡើយ។ 

ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកបានកើនឡើងកាលពីថ្ងៃអង្គារផងដែរ បន្ទាប់ពីការប្រកាសរបស់លោក បៃដិន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]