ម៉ូស្គូ៖ កាលពីថ្ងៃទី ២៥ ខែមករា Hoversurf ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី បានចាប់ផ្តើមតេស្តសាកល្បងតាក់ស៊ីហោះរបស់ខ្លួនមួយប្រភេទឈ្មោះថា Hover drone taxi ដែលនឹងអាចប្រើប្រាស់សំរាប់ដឹកអ្នកដំណើរ និងដឹកទំនិញបានយ៉ាងងាយស្រួល។
តាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា តាក់ស៊ីទំនើបនេះមានទំហំ ៥ម៉ែត្រ x ១.៦ម៉ែត្រ អាចហោះឡើងដល់កម្ពស់ ១៥០ម៉ែត្រ និងអាចធ្វើដំណើរដល់ ១០០គីឡូម៉ែត្រក្នុងមួយជើង។ តាក់ស៊ី Hover មិនតម្រូវឱ្យមានការសាងសង់ផ្លូវរត់ពិសេសនោះទេ ព្រោះវាអាចចុះចតតាមចំណតរថយន្តធម្មតា។ វាអាចដឹកមនុស្សបានពីរនាក់ ឬដឹកទំនិញរហូតដល់ ៣០០គីឡូក្រាម និងអាចហោះក្នុងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បច្ចុប្បន្ន តាក់ស៊ី Hover កំពុងត្រូវបានសាកល្បងនៅក្នុងពហុកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ។ ហើយក្នុងនោះ រដ្ឋាភិបាលទីក្រុងមូស្គូក៏កំពុងបង្ហាញគម្រោងបង្កើតទីតាំងថ្មីមួយ នៅ Skolkovo សំរាប់ការសាកល្បងតាក់ស៊ីនេះ ដោយបំពាក់ជាមួយបណ្តាញ 5G ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជា AI ដើម្បីងាយស្រួលដល់ការមើលទិសដៅ និងធានាសុវត្ថិភាពក្នុងការហោះហើរ។
គួរជម្រាបថា តាក់ស៊ីហោះ Hover ត្រូវបានគេរំពឹងថា នឹងចូលផលិតកម្មទ្រង់ទ្រាយធំនៅដំណាច់ឆ្នាំ ២០២១នេះ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ពួកវានឹងត្រូវបានគេដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឆ្នាំ ២០២៣-២០២៥ គឺនៅពេលដែលប្រទេសរុស្ស៊ីរៀបចំបណ្តាញ 5G ក៏ដូចជាអនុម័តច្បាប់រួចរាល់ ក្នុងការអនុញ្ញាតឱ្យប្រើតាក់ស៊ីហោះនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]