យេរូសាឡឹម៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រមុខយោធាអ៊ីស្រាអែល គឺឧត្តមសេនីយ៍ឯក Aviv Kohavi បានព្រមានរដ្ឋបាល លោក​ ចូ បៃដិន ដោយប្រឆាំងនឹងបំណងវិលត្រឡប់ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ព្រមទាំងបានបញ្ជាឱ្យកងកម្លាំងយោធារបស់ខ្លួនទាំងអស់ ត្រូវបង្កើនការត្រៀម​ឱ្យរួចជាស្រេច​សំរាប់សកម្មភាពវាយលុកលើប្រទេសអ៊ីរ៉ង់ ដែលអាចនឹងកើតមាន​​នាពេលខាងមុខនេះ។

ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Kohavi បានគូសបញ្ជាក់ថា ការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ គឺជាដំណើរ​ខុសឆ្គងមួយ ​និងជាយុទ្ធសាស្ត្រមិនល្អ។​ ហើយការអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តកម្មវិធីនុយក្លេអ៊ែរ វាគឺជាការគំរាមកំហែងដែលមិនអាចទទួលយកបាន ព្រោះ​នឹងនាំទៅរកការរីកសាយនៃអាវុធនុយក្លេអ៊ែរពាសពេញតំបន់។ ដូច្នេះយោធាអ៊ីស្រាអែល​ ត្រូវត្រៀមវាយប្រហារអ៊ីរ៉ង់ដោយខ្លួនឯងតែម្តង ប្រសិនបើចាំបាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពតានតឹងនៅតំបន់ជុំវិញប្រទេសអ៊ីរ៉ង់បានកើនឡើងជាលំដាប់ ​ បន្ទាប់ពីអ៊ីរ៉ង់រឹបអូសនាវាដឹកប្រេង​កូរ៉េខាងត្បូង​ និងបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែច្រើនឡើងសំរាប់ដំណើរការផលិតអាវុធ ​ ស្របពេលដែលសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 នាវាដឹកយន្តហោះចម្បាំង USS Nimitz និងនាវាមុជទឹកនុយក្លេអ៊ែរចូលទៅក្នុងតំបន់។ បន្ថែមពីនេះ ​អ៊ីរ៉ង់​ក៏បានបង្កើនការធ្វើសមយុទ្ធយោធារបស់ខ្លួនផងដែរ ក្នុងនោះរួមមានការបាញ់មីស៊ីល ដែលជាផ្នែកមួយនៃសមយុទ្ធ​​ជើងទឹកនៅឈូងសមុទ្រអូម៉ង់ក្នុងខែនេះ។

គួរឱ្យដឹងដែរថា អ៊ីរ៉ង់មាន​មីស៊ីលទំនើបអាចបាញ់បានចម្ងាយ ២,០០០គីឡូម៉ែត្រ ​ដែល​ឆ្ងាយគ្រប់គ្រាន់ដើម្បី​ទៅ​ដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់៕

ឧត្តមសេនីយ៍ឯក Aviv Kohavi
នៅក្នុងរូបថតនេះចេញផ្សាយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ដោយឆ្មាំបដិវត្តអ៊ីរ៉ង់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]