បរទេស៖ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមហាសមុទ្រអាត្លង់ទិកកំពុងតែរីកធំទៅៗជាង ៤ សង្ទីម៉ែត្រ (១.៦ អ៊ីញ) ជារៀងរាល់ឆ្នាំ។

ការផ្លាស់ប្តូរនៃមហាសមុទ្រនេះ គឺដោយសារតែចលនាផ្លាកតិចតូនិករបស់ផែនដី កើតឡើងពេលដែលផ្លាកនៅពីក្រោមទ្វីបអាមេរិកទាញឆ្ងាយចេញពីផ្លាកដែលនៅខាងក្រោមទ្វីបអឺរ៉ុប និងអាហ្វ្រិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនៅតែមិនទាន់យល់ច្បាស់នៅឡើយទេពីកម្លាំងទាញភូមិសាស្ត្ររបស់បាតុភូតនេះ ប៉ុន្តែអ្នកស្រាវជ្រាវប្រហែលជាអាចរកមូលហេតុដ៏សំខាន់ ចំពោះអ្វីដែលកំពុងកើតឡើងបាន។

នៅក្នុងការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានលើកឡើងថាជួរភ្នំនៅពាក់កណ្តាលមហាសមុទ្រ (mid-ocean ridges) ដែលផុសឡើងនៅតាមបាតសមុទ្រនៅចន្លោះផ្លាកតិចតូនិក អាចជាចំណែកក្នុងការរុញស្នូលម៉ង់តូ (mantle) ខាងលើនិងខាងក្រោមដែលនៅពីក្រោមសំបកផែនដី។

ផែនទីនៃមហាសមុទ្រអាត្លង់ទិក រូបភាពបង្ហាញពីជួរភ្នំនៅពាក់កណ្តាលមហាសមុទ្រ  (រូបភាព៖ NASA Earth Observatory bathymetry map)
រូបភាពបង្ហាញពីជួរភ្នំនៅពាក់កណ្តាលមហាសមុទ្រ (រូបភាព៖ NASA Earth Observatory bathymetry map)

ដើម្បីស្វែងយល់បន្ថែម អ្នកស្រាវជ្រាវបានដាក់ពង្រាយស៊ីសម៉ូម៉ែត្រ (seismometer) ចំនួន ៣៩ នៅតាមបាតមហាសមុទ្រអាត្លង់ទិកដើម្បីកត់ត្រាចលនារញ្ជួយនៅក្រោមជួរភ្នំនៅពាក់កណ្តាលមហាសមុទ្រអាត្លង់ទិក (Mid-Atlantic Ridge) ដែលជាព្រំប្រទល់ជួរភ្នំដែលញែកទ្វីបអាមេរិចពីទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។

ការដាក់ពង្រាយស៊ីសម៉ូម៉ែត្រមួយដោយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Southampton នៅមហាសមុទ្រអាត្លង់ទិក។ (រូបភាព៖ Southampton​ University)

ការរញ្ជួយដែលត្រូវបានកត់ត្រានៅក្នុងការពិសោធន៍ បានត្រួតពិនិត្យលំហូរដីចូលទៅក្នុងតំបន់ផ្លាស់ប្តូរស្នូលម៉ងតូ (mantle transition zone) ដែលស្ថិតនៅចន្លោះម៉ងតូខាងលើនិងម៉ងតូខាងក្រោម ដែលធ្វើឱ្យក្រុមស្រាវជ្រាវអាចដឹងពីដំណើរក្នុងការផ្ទេរសណ្ឋានដីនៅក្នុងជម្រៅយ៉ាងជ្រៅជិត ៦៦០ គីឡូម៉ែត្រក្រោមផ្ទៃខាងលើ។

លទ្ធផលបានបង្ហាញថាការកើនឡើងនៃសារធាតុគីមីគឺមិនត្រឹមតែលេចឡើងនៅតំបន់រាក់នៃជួរភ្នំនៅពាក់កណ្តាលមហាសមុទ្រទេ ប៉ុន្តែអាចលេចចេញនៅចំណុចជ្រៅបំផុតនៃតំបន់ផ្លាស់ប្តូររបស់ម៉ង់តូផងដែរ ដោយបង្ហាញពីស្រទាប់ម៉ងតូខាងក្រោមផុសឡើងមកខាងលើ។ អ្នកស្រាវជ្រាវបានពន្យល់ថា “ការសង្កេតនេះបានបង្ហាញពីការផ្ទេរសំបកដីពីផ្នែកខាងក្រោមទៅផ្នែកខាងលើ ដែលជាប់ទាក់ទងទៅនឹងតំបន់ជួរភ្នំពាក់កណ្ដាលមហាសមុទ្រអាត្លង់ទិក”។

រូបភាព

ខណៈដែលគេបានដឹងរួចមកហើយថា ជួរភ្នំពាក់កណ្តាលមហាសមុទ្របានរួមចំណែកដល់បាតុភូតនៃការរសាត់បាតសមុទ្រ ការរកឃើញថ្មីបានបង្ហាញថាដំណើរការទាំងមូលគឺមានការពាក់ព័ន្ធជ្រៅទៅក្នុងផែនដីជាងអ្វីដែលបានដឹងពីមុនទៀត។

ការរកឃើញនេះត្រូវបានរាយការណ៍នៅក្នុងវេបសាយ Nature ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]