បរទេស៖ លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon នឹងលាឈប់ពីមុខតំណែងរបស់លោកនៅចុងឆ្នាំនេះ ដោយឱ្យលោក Andy Jassy ជាអ្នកបន្តតំណែងបន្ទាប់។ Bezos នឹងផ្លាស់ប្តូរទៅជាប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលរបស់ Amazon វិញ។

លោក Jeff Bezos
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bezos អាយុ៥៧ ឆ្នាំបានបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤ ហើយចាប់តាំងពីពេលនោះមក ហាងលក់សៀវភៅតាមអ៊ិនធឺណែតមួយនេះ បានក្លាយទៅជាអ្នកលក់រាយខ្នាតធំ ដែលឈានដល់កម្រិតទូទាំងពិភពលោក ដែលមានលក់ផលិតផលជាច្រើនចាប់តាំងពីឧបករណ៍ប្រើប្រាស់ គ្រឿងទេសរហូតដល់មាន streaming។ ក្រុមហ៊ុន Amazon បានកើនលើសតម្លៃទីផ្សារដល់ទៅ១ទ្រីលានដុល្លារក្រោមការដឹកនាំរបស់ Bezos កាលពីខែមករាឆ្នាំមុន ឥឡូវនេះវាមានតម្លៃជាង១.៦ទ្រីលានដុល្លារ។

លោក Andy Jassy 

ចំណែកឯលោក Jassy វិញបានចូលរួមជាមួយក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៧ ហើយបានដឹកនាំក្រុម Cloud Web Services របស់ Amazon ចាប់តាំងពីការចាប់ផ្តើមមកម្ល៉េះ។ AWS នៅតែបន្តរកប្រាក់ចំណេញដល់ក្រុមហ៊ុន Amazon បានជាច្រើន។

នៅក្នុងលិខិតផ្ញើទៅកាន់និយោជិក លោក Bezos បាននិយាយថា៖ «ខ្ញុំរំភើបណាស់ដែលបានប្រកាសថានៅត្រីមាសទី៣ ខ្ញុំនឹងប្តូរទៅជាប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល Amazon ហើយ Andy Jassy នឹងក្លាយជានាយកប្រតិបត្តិ។ នៅក្នុងតួនាទីប្រធាននាយកប្រតិបត្តិ ខ្ញុំមានបំណងផ្តោតការយកចិត្តទុកដាក់ទៅលើផលិតផលថ្មីនិងគំនិតផ្តួចផ្តើមដំបូង។ Andy ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងក្រុមហ៊ុន ហើយបាននៅក្រុមហ៊ុន Amazon តាំងពីដំបូងម្ល៉េះ។ គាត់នឹងក្លាយជាអ្នកដឹកនាំឆ្នើមម្នាក់ ខ្ញុំមានទំនុកចិត្តទៅលើគាត់។»

លោក Bezos បាននិយាយថាគាត់នឹងបន្តចូលរួមនៅក្នុងគម្រោងសំខាន់ៗរបស់ក្រុមហ៊ុន Amazon ប៉ុន្តែក៏នឹងមានពេលវេលាបន្ថែមទៀតដើម្បីផ្តោតលើជំនួញដទៃទៀតរបស់លោកដូចជា Bezos Earth Fund, ក្រុមហ៊ុនយានអវកាស Blue Origin, The Washington Post និងមូលនិធិ Amazon Day 1៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]