បរទេស៖ ទីភ្នាក់ងារអវកាសរបស់អ៊ីតាលី កាណាដា ជប៉ុន និងណាសា (អាមេរិក) បានប្រកាសថា ពួកគេចង់អភិវឌ្ឍន៍គម្រោងសម្រាប់បេសកកម្មបង្កើតផែនទីតំបន់ទឹកកកនៅលើភពអង្គារ។ ទីភ្នាក់ងារទាំងនេះនឹងបង្កើតជាក្រុមមួយ ដែលនឹងធ្វើការនៅលើបេសកកម្មគំរូមួយ។ បេសកកម្មនេះត្រូវបានគេឲ្យឈ្មោះថា Mars Ice Mapper ហើយនឹងអាចរួមបញ្ចូលយានហោះអង្កេតផងដែរ។ ប្រសិនបើបេសកកម្មគំរូនេះនឹងទទួលបានភ្លើងបៃតងពីទីភ្នាក់ងារទាំងនេះ វាអាចនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ យានហោះអង្កេតអាចនឹងស្វែងរកស្រទាប់ទឹកកកដែលស្ថិតនៅក្រោមផ្ទៃនៃភពអង្គារ ដោយកត់សម្គាល់ពីជម្រៅ ទីតាំង របាយ និងភាពសម្បូរ។ យានហោះអង្កេតមួយនឹងបំពាក់រ៉ាដាដែលអាចប្រមូលព័ត៌មាន អំពីការចូលទៅដល់ស្រទាប់ទឹកកកទាំងនេះ ជាពិសេសត្រូវចាំបាច់រកឲ្យឃើញថា តើធូលីលើផ្ទៃនិងស្រទាប់ថ្មនៅជុំវិញអាចជារនាំងមិនឲ្យចូលទៅដល់ស្រទាប់ទឹកកកឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មដំបូងសម្រាប់មនុស្សនៅលើភពអង្គារនឹងមានរយៈពេល៣០ថ្ងៃ សម្រាប់រុករកនៅលើផ្ទៃភពក្រហមមួយនេះ។ យានហោះអង្កេតទាំងឡាយមិនត្រឹមតែជួយកំណត់ពីទីតាំងចុះចតសម្រាប់បេសកកម្មទាំងនេះនោះទេ ប៉ុន្តែថែមទាំងអាចជួយកំណត់គោលដៅសម្រាប់បេសកកម្មជាច្រើនទៀតផងដែរ។ អវកាសយានិកនៅលើភពអង្គារអាចនឹងជីកយកស្នូលស្រទាប់ទឹកកក ដែលអាចបញ្ជាក់បានថា ជីវិតធ្លាប់កើតមាននៅលើភពអង្គារនេះ។ បេសកកម្មក្រោយៗទៀតជាមួយរយៈពេលយូរអង្វែងនៅលើផ្ទៃភពអង្គារ អាចនឹងប្រើផែនទីនៃស្រទាប់ទឹកកកនេះ ដើម្បីសិក្សាពីអាកាសធាតុនិងភូគព្ភសាស្ត្រនៃភពអង្គារ ចៀសវាងស្ថានភាពគ្រោះថ្នាក់និងការប្រើប្រាស់ធនធាននៅលើនោះ។

ទឹកកកអាចត្រូវបានប្រើដើម្បីទាញយកអ៊ីដ្រូសែននិងអុកស៊ីសែន សម្រាប់ឥន្ធនៈក៏ដូចជាការរុករករ៉ែ ការធ្វើកសិកម្ម ផលិតកម្ម ការថែរក្សាទីជម្រករបស់អវកាសយានិក ហើយជាការបម្រុងទុកដ៏ល្អសម្រាប់ប្រព័ន្ធទ្រទ្រង់ជីវិត។ ការដឹកជញ្ជូនទឹកពីផែនដីទៅកាន់ភពអង្គារគឺធ្ងន់និងត្រូវចំណាយច្រើន ដូច្នេះការប្រើទឹកកកក្នុងតំបន់លើភពក្រហមនេះអាចកាត់បន្ថយបញ្ហាប្រឈមមួយចំនួន ក្នុងការដឹកជញ្ជូនធនធានទាំងនេះ។ គំរូបេសកកម្មមួយនេះអាចនឹងពង្រីកខ្លួនកាន់តែធំ ដោយអាចរួមបញ្ចូលជាមួយទីភ្នាក់ងារដទៃទៀត និងដៃគូសហការជាច្រើនថែមទៀតផងដែរ៕

រូបគំរូបេសកកម្ម
តំបន់ទឹកកកលើភពអង្គារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]