មិ​ន​ថា​យើង​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ថែ​ទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន​ និង​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​។​

ប្រសិន​បើ​យើង​មាន​វ័យ​ដល់​៦៥​ឆ្នាំ ឬលើស​ពី​នេះ គ្រាន់តែ​កើត​ផ្ដាសាយ​ធម្មតា ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ដែរ​។ ផល​វិបាក​ទាំង​នោះ​អាច​មាន​ដូច​ជា ជំងឺ​ផ្លូវ​ដង្ហើម រលាក​ទង​សួត ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ឆ្លង​រោគ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ​ជា​ដើម​។ មួយ​វិញ​ទៀត បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ហឺត ឬ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​កាន់តែ​អាក្រក់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង​ក្រោម​នេះ​ជា​តិច​និក​​មួយ​ចំនួន​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ការ​ថែទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន និង​បង្ការ​ជំងឺ​ផ្សេងៗ​។​​​​

​១. ហាត់​ប្រាណ​

ការ​ធ្វើ​សកម្មភាព​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ បើ​យើង​ធ្វើ​ចលនា ឬហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន រាង​កាយ​របស់​យើង​នឹង​អាច​តតាំង​ ការ​រលាក និងការ​ឆ្លង​រោគ​បាន​កាន់តែ​ប្រ​សើរ​។ សកម្មភាព​​រាង​កាយ ឬ​ការ​ហាត់​ប្រាណ​មិន​ចាំ​បាច់​តែ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ទើប​ គ្នា​យើង​គិត​ថា​មាន​បាន​ផល​ល្អ​ចំពោះ​រាង​កាយ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​សកម្មភាព​ឬ​ហាត់ប្រាណ​បែប​ស្រាលៗ​ក៏​មាន​ប្រយោជន៍​ដូច​គ្នា។​ យើង​អាច​ធ្វើ​សកម្មភាព ឬហាត់​ប្រាណ​ដូចជា​ដើរ រត់ត្រឹកៗ​ ឬ​ជិះ​កង់​ប្រហែល​២០​ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ក៏​បាន​។​​​​

២. ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព

របប​អាហារ​សម្បូរ​ទៅ​ដោយ​ បន្លែ ផ្លែ​ឈើ និង​សាច់​គោ សាច់ជ្រូក ជា​ដើម ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​ពារ​រាង​កាយ​យើង​ពី​វីរុស និង​បាក់តេរី​បង្ក​ជំងឺ​ផ្សេង​ៗ​ដែរ​។​ បន្លែ និង​ផ្លែ​ ឈើ ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ជួយ​ការ​ពារ​កោសិកា​ពី​ការ​ខូច​ខាត និង​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។

គ្នា​យើង​ក្នុង​វ័យ​ចំណាស់​ គួរ​តែ​កម្រិត​ការ​ញ៉ាំអាហារ​មាន​ជាតិ​ស្ករ និង​ខ្លាញ់ ដែល​អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​មានការ​រលាក​ក្នុង​រាង​កាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​ចុះ​ខ្សោយ​។ ដូច​គ្នា​ដែរ យើង​ជា​មនុស្ស​វ័យ​ចំណាស់ ក៏​គួ​រ​កម្រិត​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ផង​ដែរ។

​​៣. លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់

​ការ​លាង​សម្អាត​ដៃ​ញឹកញាប់ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​រក្សា​សុខភាព​ឲ្យ​នៅ​ល្អ​ប្រសើរ​ជា​ប្រចាំ​។ វីរុស​អាច​រស់នៅ​លើ​ផ្ទៃ​វត្ថុ​ផ្សេង​ៗ​បាន​រហូត​ដល់២៤​ម៉ោង។ យើង​អាច​ធ្លាក់​ខ្លួន​ឈឺ​បាន​នៅ​ពេល​ដៃ​របស់​យើង​ទៅ​ប៉ះ​វិរុស​លើ​របស់​អ្វី​មួយ ហើយ​យក​ទៅ​ប៉ះ​មុខ​បន្ត​ទៀត។

យើង​មិន​ត្រូវ​យក​ដៃ​ដែល​គិត​ថា​មិន​ស្អាត​ទៅ​ប៉ះ​មុខ មាត់ និង​ច្រមុះ​នោះ​ទេ ហើយ​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ យើង​ហោច​ណាស់​ដុស​លាង២០​វិនាទី​។​

៤. គ្រប់​គ្រង​ស្ត្រេស​

ការ​កើត​ស្រ្តេស​ជា​ប្រចាំ ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​​ផល​លិត​អ័រម៉ូន​ស្រ្តេស​ក័រទីស៊ូល​។ អ័រម៉ូន​នេះ ច្រើនពេក អាច​រំខាន​ដល់​ដំណើរ​ការ​ផ្សេង​ៗ​ក្នុង​រាង​កាយ​របស់​យើង រួម​ទាំង​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។

ដើម្បី​កាត់​បន្ថយ​ស្ត្រេស​យើង​គួរ​បង្កើន​ការ​ហាត់​ប្រាណ គេង​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាក​ឲ្យ​បាន​ច្រើន និង​ធ្វើ​សកម្មភាព​សប្បាយៗ​សម្រាប់​ខ្លួន​ឯង​។

ផ្ដាសាយ និង​វីរុស​ផ្សេងៗ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។ ថ្វី​បើ​យើង​មិន​អាច​បង្ការ​រាល់​ជំងឺ​ទាំងនេះ តែ​បើ​យើង​មាន​វិធានការ​ត្រឹមត្រូវ យើង​នឹង​មាន​​ប្រព័ន្ធភាព​ស៊ាំ​រឹង​មាំ អាច​ប្រឆាំង​នឹង​ជំងឺ​បាន។​ ប្រព័ន្ធភាព​ស៊ាំ​រឹង​មាំ ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​មិន​ងាយ​ធ្លាក់ខ្លួន​ឈឺ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]