រុស្ស៊ី៖ ដីក្រហូងដ៏ធំសម្បើមមួយបានលេចឡើងដោយការផ្ទុះយ៉ាងខ្លាំង នៅក្នុងតំបន់វាលស៊ីបេរី កាលពីឆ្នាំមុន ដែលជាការបំផ្ទុះដ៏ខ្លាំងក្លានៃឧស្ម័នមេតាន និងបានរុញច្រានទឹកកកនិងថ្មរាប់រយខ្ទាតទៅឆ្ងាយរាប់ម៉ែត្រ ហើយបានបន្សល់ទុកនូវរណ្ដៅមួយនៅក្នុងទីវាលនិងក្លាយជាទិដ្ឋភាពយ៉ាងអាថ៌កំបាំង។ វាជាប្រហោងទី១៧នៅក្នុងតំបន់ដាច់ស្រយាលឧបទ្វីប Yamal និង Gyda នៅក្នុងតំបន់អាក់ទិចរបស់រុស្ស៊ី ចាប់តាំងពីត្រូវបានគេប្រទះឃើញដំបូងនៅឆ្នាំ២០១៣។

ក្រហូងអាថ៌កំបាំងនេះត្រូវបានគេគិតថា ជាប់ពាក់ព័ន្ធនឹងបំរែបំរួលអាកាសធាតុ។ រូបភាពពីលើអាកាសតាមបែប 3D និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI បានជួយបំបែកអាថ៌កំបាំងមួយនេះ។ លោក Evgeny Chuvilin អ្នកដឹកនាំក្រុមវិទ្យាសាស្ត្រស្រាវជ្រាវរបស់វិទ្យាសាស្ថាន Skolkovo Institute of Science and Technology's Center for Hydrocarbon Recovery បានប្រាប់ឲ្យដឹងថា៖ «ដីក្រហូងថ្មីគឺត្រូវបានរក្សារូបរាងយ៉ាងល្អ ព្រោះថាទឹកនៅលើផ្ទៃមិនទាន់បានជោរជន់នៅក្នុងរណ្ដៅនេះនៅឡើយ នៅពេលយើងចុះទៅធ្វើការស្ទង់វា ដែលអនុញ្ញាតឲ្យយើងអាចសិក្សាពីរណ្ដៅដែលទើបនឹងកកើត និងមិនទាន់ត្រូវបានគេប៉ះពាល់ដល់ការរេចរិលនៅឡើយ។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាលើកទីមួយដែលក្រុមអ្នកស្រាវជ្រាវបានបង្ហោះដ្រូនមួយឲ្យចូលទៅក្នុងរណ្ដៅនេះ ក្នុងជម្រៅពី១០ទៅ១៥ម៉ែត្រខាងក្រោមដី ដែលអនុញ្ញាតឲ្យពួកគាត់ចាប់យករូបរាងនៃប្រហោងក្រោមដី ដែលមេតានជាអ្នកបង្កើតឡើង។ លោក Chuvilin គឺជាផ្នែកមួយនៃក្រុមអ្នកស្រាវជ្រាវរបស់រុស្ស៊ី ដែលបានធ្វើដំណើរទៅកាន់រណ្ដៅមួយនេះ នៅក្នុងខែសីហា ឆ្នាំ២០២០។ ការរកឃើញរបស់ពួកគាត់ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Geosciences។

កន្លងមក ទ្រឹស្ដីដំបូងបានលើកឡើង នៅពេលរណ្ដៅដំបូងត្រូវបានគេរកឃើញនៅក្បែរកន្លែងយកប្រេងនិងឧស្ម័នមួយ នៅតំបន់ឧបទ្វីប Yamal នៅភាគពាយព្យនៃស៊ីបេរី ថាវាជាឥទ្ធិពលរបស់អាចម៍ផ្កាយ ការចុះចតរបស់ថាសហោះ ឬការបាក់ស្រុតនៃរូងក្រោមដីសម្ងាត់របស់យោធា។ ឥឡូវក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា រណ្ដៅយក្សនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះស្រទាប់ទឹកកកខាងក្រោមដី នាំឲ្យមេតានរសាត់ចេញមកក្រៅ ដែលផ្ទុះនិងអាចជាលទ្ធផលនៃសីតុណ្ហភាពក្ដៅ នៅក្នុងតំបន់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]