បរទេស៖ យានស្រាវជ្រាវ Perseverance របស់ណាសាបានចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ បន្ទាប់ពីការធ្លាក់ចុះដ៏ក្តៅគគុករយៈពេល7នាទីឆ្លងកាត់បរិយាកាសភពនេះរួច។ ក្រោយពីការចុះចតបានយ៉ាងស្អាត យាន Perseverance នឹងចាប់ផ្តើមដំណើរដ៏វែងឆ្ងាយរាប់ឆ្នាំទៅស្រាវជ្រាវតំបន់ Jezero Crater របស់ភពក្រហមនេះ ដើម្បីស្វែងរកតម្រុយនៃជីវិតកាលពីអតីតកាល។   

ក្រុមវិស្វករអបអរសាទរចំពោះជោគជ័យនេះ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីទទួលដំណឹងថាយានបានចុះចតបានសម្រេចភ្លាម ក្រុមវិស្វករខាងផ្នែកចុះចតប្រហែល30នាក់នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសាក្នុងរដ្ឋកាលីហ្វ័រញ៉ា បានលោតពីកន្លែងអង្គុយរបស់ពួកគេហើយបានអបអរសាទរចំពោះជោគជ័យនេះ។ មួយសន្ទុះក្រោយពេលចុះចត យាន Perseverance បានបញ្ជូនរូបភាពដំបូងរបស់ខ្លួនពីកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាចំនួន19។

រូបភាពដែលបញ្ជូនមក

Perseverance បានចូលដល់បរិយាកាសរបស់ភពព្រះអង្គារនៅម៉ោង 3:48PM ET (ម៉ោង 12:48 យប់កម្ពុជា) នៅក្នុងល្បឿន12,100ម៉ាយល៍ក្នុងមួយម៉ោង (19000 km/ម៉ោង) ជាមួយនឹងការចុះចតដ៏លំបាកនិងស្មុគស្មាញដែលក្រុមវិស្វករបានហៅថា «ប្រាំពីរនាទីដ៏រន្ធត់» (seven minutes of terror)។ ជាមួយនឹងការពន្យារពេលរយៈពេល11នាទីក្នុងការបញ្ជូនសញ្ញារវាងភពព្រះអង្គារនិងភពផែនដី យានត្រូវធ្វើការចុះចតចំនួន7នាទីដោយខ្លួនវាផ្ទាល់ដោយប្រើសំណុំនៃការណែនាំ (pre-programmed instructions) ដែលមានលក្ខណៈស្មុគស្មាញ។  

រូបភាពបង្ហាញការចុះចតដ៏ស្មុគស្មាញ

ការចុះចតដល់ដីភពអង្គារតែម្តងគឺនៅវេលាម៉ោង 3:55PM ET (12:55 យប់នៅកម្ពុជា) គឺជាការចុះចតដោយជោគជ័យលើកទី6របស់ណាសានៅលើភពក្រហមមួយនេះ។ យានដែលមានតម្លៃ2.7ពាន់លានដុល្លារនេះគឺដូចជាមន្ទីរពិសោធន៍មានកង់ទម្ងន់2,263ផោន ព្រោះក្នុងរយៈពេលច្រើនឆ្នាំខាងមុខ វានឹងរុករកតំបន់ដីក្រហូង Jezero Crater ដែលធ្លាប់ជាបឹងបុរាណ ដើម្បីប្រមូលសំណាកដីសម្រាប់យកមកផែនដីវិញនាពេលអនាគត ព្រមទាំងវិភាគថ្មភពព្រះអង្គារដោយប្រើប្រព័ន្ធកាមេរ៉ាថតកាំរស្មីឡាស៊ែរផងដែរ ហើយវានឹងបង្ហោះឧទ្ធម្ភាគចក្រតូចមួយដែលមានឈ្មោះថា Ingenuity ឱ្យហោះហើរជាលើកដំបូងនៅលើភពមួយនេះ៕

រូបភាពដែលបញ្ជូនមក
រូបគំរូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]