អាមេរិក៖ អ្នកវិទ្យាសាស្ត្របានក្លូនប្រភេទសត្វជិតផុតពូជរបស់សហរដ្ឋអាមេរិកដំបូងបង្អស់ ដែលជាសត្វសំពោច​ស្បូវ (black-footed ferret) ដែលហ្សែនវាត្រូវបានចម្លងពីហ្សែនរបស់សត្វមុនដែលបានងាប់ជាង30ឆ្នាំមកហើយ។

គេបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វដែលក្លូនមានឈ្មោះថា Elizabeth Ann កើតនៅថ្ងៃទី10 ខែធ្នូ។ គេបានបញ្ជាក់ផងដែរថាវាមិនសូវស្លូតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វសំពោច​ស្បូវដែលក្លូនបាន (U.S. Fish and Wildlife Service via AP)

សត្វសំពោចស្បូវ Elizabeth Ann បានកើតនិងកំពុងត្រូវបានចិញ្ចឹមនៅឯ Fish and Wildlife Service នៅកន្លែងបង្កាត់សត្វសំពោចស្បូវនៅ Fort Collins រដ្ឋ Colorado។ វាត្រូវបានក្លូនចេញពីហ្សែនរបស់សំពោចមួយឈ្មោះ Willa ដែលបានងាប់ក្នុងឆ្នាំ1988 ហើយសាកសពរបស់វាត្រូវបានដាក់ក្លាសេឱ្យកកដោយប្រើបច្ចេកវិទ្យា DNA នៅជំនាន់នោះ។

ការក្លូនគឹអាចនាំយកសត្វដែលផុតពូជមកវិញបាន ដូចជាសត្វព្រាបព្រៃ (passenger pigeon) ជាដើម។ ក្នុងពេលបច្ចុប្បន្នបច្ចេកទេសមានភាពជឿនលឿនច្រើនក្នុងការជួយដល់ប្រភេទសត្វដែលជិតផុតពូជ រួមមានសេះព្រៃម៉ុងហ្គោលីដែលត្រូវបានក្លូន ហើយកើតនៅឯរដ្ឋតិចសាស់។

សត្វសំពោច​ស្បូវដែលក្លូនបាន (U.S. Fish and Wildlife Service via AP)

កាលពីមុនគេគិតថាសត្វសំពោចស្បូវបានផុតពូជទៅហើយ ដោយសារតែបាត់បង់ទីជម្រក រហូតដល់ថ្ងៃមួយឆ្កែមួយក្បាលឈ្មោះ Shep ពាំសំពោចស្បូវងាប់មួយមកផ្ទះវិញនៅ Wyoming ក្នុងឆ្នាំ1981 ទើបគេដឹងថាសត្វប្រភេទនេះមិនទាន់ផុតពូជនៅឡើយ។

នៅក្នុងការអភិរក្សប្រភេទសត្វនេះ អ្នកវិទ្យាសាស្ត្របានប្រមូលសត្វសំពោចស្បូវដែលនៅសេសសល់ ដាក់ចូលក្នុងកម្មវិធីបង្កាត់ពូជដែលក្រោយមកត្រូវបានព្រលែងទៅវិញរាប់ពាន់ក្បាលនៅទីតាំងរាប់សិបកន្លែងនៅភាគខាងលិចសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកចាប់តាំងពីទសវត្សឆ្នាំ1990មក៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]